លោក​ដូណាល់ ត្រាំ​​ប្រកាសថា​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​នៅតែ​​បន្ដ​​មាន​​ប្រសិទ្ធភាព​

13-01-2018 8:52 am 356
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​នឹង​បោះបង់ចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​។​ការសម្រេចចិត្ដ​បែបនេះ​នឹង​អាចធ្វើឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ អាច​នៅ​រស់រានមានជីវិត​។​កាលពី​ឆ្នាំមុន​លោក​ត្រាំ​បានប្រកាសថា លោក​នឹង​ពិនិត្យឡើងវិញ​ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី​ប្រឆាំង​អ៊ីរ៉ង់​។​ប៉ុន្ដែ​ពេលនេះ​លោក​បាន​ផ្លាស់ប្ដូរ​ចិត្ដ​ហើយ ដោយ​សម្រេច​បោះបង់​ទណ្ឌកម្ម​ថ្មី​គ្រោង​ដាក់​លើ​អ៊ីរ៉ង់​។​

​ប៉ុន្ដែ​លោក​ថា​ការលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​គ្រោង​ដាក់​លើ​អ៊ីរ៉ង់​ជាថ្មី គឺជា​ជា​ឱកាស​ចុងក្រោយ​មួយ ហើយ​វា​ក៏​ជា​វិធីសាស្ដ្រ​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ពី​សម្ព័ន្ធមិត្ដ​អឺរ៉ុប​ផងដែរ ដើម្បី​កែតម្រូវ​នូវ​អ្វីដែល​លោក​ចាត់ទុកថា​ជា​គុណ​វិបត្ដិ​ក្នុង​កតិកាសញ្ញា​នេះ​។​កាលពី​ថ្ងៃ​សុក្រ​លោក​ត្រាំ​បានចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​កិច្ចព្រមព្រៀង​ដែល​ប្រទេស​មហាអំណាច​៦​ប្រទេស បាន​ឯកភាព​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់ ជា​ការដោះដូរ​នឹង​ការកាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែ​រ​។​

​លោក​ត្រាំ​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​មានគុណ​វិបត្ដិ​។​លោក​ចង់​ទាមទារ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​យ៉ាង​តឹងរ៉ឹង​បំផុត ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​លោក​ចង់ឲ្យ​កម្មវិធី​នុយក្លេអ៊ែ​រ​ទី​ក្រុងតេអេ​រ៉ង់​ត្រូវបាន​ដោះស្រាយ​។​លោក​បាន​សង្កត់ធ្ងន់ថា​វា​ជា​ឱកាស​ចុងក្រោយ ហើយ​បើសិន​លែងមាន​កិច្ចព្រមព្រៀង​នេះ អាមេរិក​ក៏​លែង​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចព្រមព្រៀង​ទៀត​ដែរ​។​

​សូមបញ្ជាក់ថា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​អ៊ីរ៉ង់​ចំនួន​១៤​ផងដែរ ចំពោះ​អ្វីដែល​អាមេរិក​ចាត់ទុកថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​គាំទ្រ​ការអភិវឌ្ឍ​អាវុធ​។​រីឯ​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​បាន​រិះគន់​លោក​ត្រាំ ដែលថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មិនអាច​ចរចា​ឡើងវិញ​បាន​។​លោក​ថា​គោលនយោបាយ​និង​ការប្រកាស​របស់លោក​ត្រាំ ប៉ុនប៉ង​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ចព្រមព្រៀងពហុភាគី​ដ៏​រឹងមាំ​។​ជាជាង​ការប្រើ​ពាក្យសម្ដី​វាយប្រហារ​គំរាមកំហែង រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​ថា អាមេរិក​គួរតែ​ដឹកនាំ​ខ្លួនឯង​គោរព​តាម​កិច្ចព្រមព្រៀង​ឲ្យបាន​ពេញលេញ​ដូច​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត