រដ្ឋាភិបាល​កម្ពុជា​ សម្រេច​សុំ​សច្ចាប័ន​​សម្រួល​ពាណិជ្ជកម្ម​​តំបន់ត្រីកោណ​​អភិវឌ្ឍន៍ ​

12-01-2018 4:35 pm 183

តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្ងៃទី​១២ មករា នេះ បាន សម្រេច​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម​។​

​ទាក់ទង​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម កន្លងមក ក្រុមការងារ​របស់​អនុគណៈកម្មការ បាន​ព្រមព្រៀង ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​តាម​វិស័យ​នីមួយៗ ដែល​សេសសល់ ដូចជា​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​សម្រាប់ CLV DTA នេះ ដែល​កម្ពុជា​កំពុងតែ​បំពេញ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​សុំ​សច្ចាប័ន​, សេចក្ដីព្រាង​នៃ​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ​២០៣០, សេចក្ដីព្រាង​នៃ​ផែនការអភិវឌ្ឍន៍​វិស័យ​ដំណាំ​កៅស៊ូ​, សេចក្ដីព្រាង​ស្ដីពី​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​បញ្ហាលំបាក​ក្នុងការ​បង្ហោះ​ព័ត៌មាន​ទៅក្នុង​គេហទំព័រ CLV DTA ជាដើម​។​

​សូមជម្រាបថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) នៅក្នុង​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ​ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន​៤ គឺ​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និង​ខេត្តក្រចេះ​។ ប្រទេស​ឡាវ​មាន​ចំនួន​៤​ខេត្ត និង​ប្រទេស​វៀតណាម មាន​ខេត្ត​ចំនួន​៥​។ ជា​ហូរហែ កន្លងមក អនុគណៈកម្មការ ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងបី តែងតែ​ជួបប្រជុំគ្នា​ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងបី​៕

ព័ត៌មានផ្សេងទៀត