រដ្ឋាភិបាល​ប្រកាស​ដាក់​អនុវត្តមូលនិធីស៊ីក្លូ​ចាប់ផ្តើម​ចាប់ពីថ្ងៃទី១៣​ខែមករា​

12-01-2018 3:30 pm 1360
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយអ្នកធាក់ស៊ីក្លូនាពេលកន្លទៅ។

មូលនិធិគាំទ្រដល់អ្នកធាក់ស៊ីក្លូ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨តទៅ។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១២ ខែមករា។ការប្រកាសដាក់អនុវត្តនេះ ធ្វើឡើងតាមសុំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដោយលោកគ្រោងនឹងបរិច្ចាគក្នុង១ឆ្នាំ១២០លានរៀល។ 

មូលនិធិត្រីចក្រយាន ឬហៅថា ស៊ីក្លូ ដែលដាក់អនុវត្តនៅថ្ងៃទី១៣នេះ នឹងផ្តើមជាមួយថវិកាប្រមាណ១០០លានរៀល ដោយប្រគល់ភារកិច្ចឲ្យអភិបាលរាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវ។មូលនិធិនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងបរិច្ចាគមុនគេក្នុង១ឆ្នាំចំនួន១២០លានរៀល។លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការបង្កើតមូលនិធិស៊ីក្លូនេះឡើង ក្នុងគោលបំណង ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូនៅកម្ពុជា ដែលសល់ពីសង្គមដើម និងចូលរួមថែរក្សា ដើម្បីកុំអោយស៊ីក្លូខ្មែរយើងបាត់បង់។

ទាក់ទងនឹងថវិកាទ្រទ្រង់«មូលនិធិស៊ីក្លូ»វិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនជាថវិការបស់ជាតិទេ ពោលគឺជាថវិការបស់សប្បុរសជន និងបងប្អូន ដែលស្រឡាញ់នឹងគាំទ្រស៊ីក្លូខ្មែរ ហើយលោកបានអំពាវនាវដល់សប្បុរសជនមានបំណងចង់ចូលរួមគាំទ្រ និងទ្រទ្រង់ស៊ីក្លូ គឺសូមចូលរួមផ្តល់វិភាគទានតាមការគួរ។

គំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានសង្គមស៊ីវិលដែលធ្វើការអភិរក្សស៊ីក្លូអបអរសាទរ និងបានចាត់ទុកថា នេះគឺជាកាដូដ៏វិសេសវិសាលមួយ សម្រាប់អ្នកប្រកបរបរធាក់ស៊ីក្លូនៅកម្ពុជា។

គួរជំរាបជូនថា បច្ចុប្បន្ននេះ កម្ពុជាមានស៊ីក្លូប្រមាណជា ៤០០ គ្រឿង និងមានអ្នកប្រកបរបរជាអ្នកធាក់ស៊ីក្លូនេះប្រមាណជា១៥០ទៅ១៦០នាក់ ដែលភាគច្រើន គឺជាមនុស្សចាស់។ ជាមួយគ្នានឹងប្រកាសបង្កើតមូលនិធិស៊ីក្លូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកធាក់ស៊ីក្លូទាំងអស់អាចទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃផងដែរ៕ 

ព័ត៌មានផ្សេងទៀត