គម្រោង​សាងសង់​​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-​ព្រះសីហនុ ​ចំណាយ​ ២​ពាន់​លាន​​ដុល្លារ​

12-01-2018 1:41 pm 2537
រូបភាពfnក្រសួងសាធារណការ

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ​ប្រវែង ជិត​២០០​គីឡូម៉ែត្រ ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១១ មករា ម្សិលមិញ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគិន​របស់​ចិន តាម​រូបភាព​វិនិយោគ សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)​។ ផ្លូវ នេះ​មាន ០៤​គន្លង និង​មាន​ប្រវែង​សរុប ១៩០,៦៣​គីឡូម៉ែត្រ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។​

​បើតាម​លោក​ស៊ុន ចាន់ថុល បាន​លើកឡើងថា ក្រោយ​សាងសង់​រួចរាល់​ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បាន​ឆាប់រហ័ស កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើនកាន់​តែ​ប្រសើរ​។ លើសពីនេះ​ទៀត កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ពី​ការអភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត