លោក ហ៊ុន សែន ​សម្រេចមិន​កាត់បន្ថយ​ចំនួនមន្ត្រីរាជការ​​តាមការផ្តល់យោបល់​របស់បរទេស​

12-01-2018 11:06 am 2327
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។រូបពីFN

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃទី១២ ខែមករានេះ បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការ គឺកម្ពុជាធ្វើទៅតាមលទ្ធភាព និងភាពជាក់ស្តែង។បើតាមលោកនាយករដ្ឋមន្ត្រី ការកាត់បន្ថយចំនួនមន្រ្តីនេះ ជាការបង្កើតបញ្ហា និងធ្វើឲ្យមន្រ្តីខ្លួនឯងបាត់បង់នូវភាពសាមគ្គី។ 

ខណៈដែលស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ធ្លាប់ផ្តល់យោបល់ឲ្យកម្ពុជា គួរធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការ និងតម្លើងព័ន្ធដារលើប្រេងឥន្ធៈនោះ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចថា កម្ពុជានឹងធ្វើទៅតាមលទ្ធភាព ភាពជាក់ស្តែង និងតម្រូវការពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការកាត់បន្ថយចំនួនមន្រ្តីរាជការ គឺពិតប្រាកដណាស់ នឹងបង្កើតជាបញ្ហា ហើយមន្រ្តីខ្លួនឯងនឹងបាត់បង់នូវភាពសាមគ្គី រួមទាំងការប្រឹងប្រែងនៃចំណែករបស់មន្ត្រី ក្នុងកិច្ចកសាង និងការការពារជាតិ។ រីឯការបង្កើនពន្ធបន្ថែមលើប្រេងឥន្ធៈ គឺជាការសម្លាប់ប្រជាជនកម្ពុជាទាំងមូល ដែលធ្វើអោយមានឱកាស នៃការបង្កើនតម្លៃទំនិញ និងសេវាដទៃទៀត ព្រមទាំងធ្វើអោយមានភាពចលាចលសេដ្ឋកិច្ចពិតប្រាកដ។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមានមោទនភាពពីអ្វីដែលខ្លួនបានសម្រេច លើជោគវាសនារបស់ខ្លួន តាមរយៈមិនទទួលយកអ្វីដែលជាយោបល់របស់ស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ដែលធ្លាប់ផ្តល់យោបល់ជូនដល់លោកកន្លងមក។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ដែលចុះផ្សាយដោយគណនីហ្វេសប៊ុករបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។លោកផៃ ស៊ីផាន អះអាងថា ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ ជាការស្គាល់ពីស្ថានភាព និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ ដែលមានការពិសោធន៏ជាក់ស្តែងជាងបរទេស៕ 

ព័ត៌មានផ្សេងទៀត