អឺរ៉ុប​-​អ៊ីរ៉ង់​​ជំរុញ​ឲ្យ​​អាមេរិក​បន្ដ​​ប្រតិ​ប​ត្ដិ​តាម​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​ឆ្នាំ​២០១៥

12-01-2018 9:58 am 709
កិច្ចប្រជុំស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កន្លងមក

​មន្ដ្រីការទូត​ជាន់ខ្ពស់​អឺរ៉ុប​និង​អ៊ីរ៉ង់ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បន្ដ​ប្រតិ​ប​ត្ដិ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អ៊ីរ៉ង់​បាន​ចុះ​ជាមួយ​ប្រទេស​មហាអំណាច​៥+១​កាលពី​ឆ្នាំ​២០១៥​។​ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​អឺរ៉ុប ក៏ដូចជា​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់ អង់គ្លេស បារាំង និង​អ៊ីរ៉ង់ បាន​ជួប​ពិភាក្សាគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុច​សែល​ប្រទេស​បែលហ្ស៊ិ​កកាល​ពីថ្ងៃ​ព្រហស្បតិ៍​។​

​ពួកគេ​បាន​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា រវាង​ប្រទេស​មហាអំណាច​ចំនួន​៦​ជាមួយ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោះដូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។​ប្រទេស​ពាក់ព័ន្ធ​បាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ង​តាំងពី​ខែមករា​ឆ្នាំ​២០១៦​។​

​ប៉ុន្ដែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ខែតុលា​ឆ្នាំ​២០១៧​ថា លោក​នឹង​សើរើ​ឡើងវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​លោក​នឹង​ពិចារណា​សម្រេចចិត្ដ​ម្ដងទៀត ពី​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់​ក្នុង​ពេលអនាគត​។​មូលហេតុ​លោក​ថា អ៊ីរ៉ង់​មិនបាន​គោរព​ថា​ម​កិច្ចព្រមព្រៀង ដោយ​ឆ្លៀត​បង្កើន​សកម្មភាព​នុយក្លេអ៊ែ​រ និង​បាន​គាំទ្រ​ដល់​ក្រុម​ភេរ​វករ​ថែមទៀត​។​

​យោងតាម​អ្វីដែល​លោក​ត្រាំ​បាន​និយាយ អ៊ីរ៉ង់​និង​ប្រទេស​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ព្រួយបារម្ភ​ជាខ្លាំង​។​នៅក្នុង​សន្និសីទកាសែត​រួម ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​អឺរ៉ុប​លើកឡើងថា កិច្ចព្រមព្រៀង​កំពុង​ត្រូវបាន​អនុវត្ដ​ហើយ​។​អ្នកស្រី​បង្ហាញ​ក្ដី​សង្ឃឹមថា ប្រទេស​ពាក់ព័ន្ធ​នឹង​អនុវត្ដឲ្យ​បាន​ពេញលេ​ញ​តាម​កិច្ចព្រមព្រៀង​នេះ​។​

​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់​វិញ​ថា វា​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​បង្ហាញឲ្យឃើញពី​សារៈសំ​ខាន់​នៃ​វិធីសាស្ដ្រ​ការទូ​ត សម្រាប់​ការពារ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​។​ដូច្នេះ​អឺរ៉ុប​បារម្ភ​ថា បើ​លោក​ត្រាំ​សម្រេច​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជាថ្មី នោះ​អ៊ីរ៉ង់​នឹង​បោះបង់ចោល​កិច្ចព្រមព្រៀង​ដែល​ប្រើពេល​ជាង​មួយ​ទសវត្ស​ទម្រាំ​សម្រេចបាន​៕

ព័ត៌មានផ្សេងទៀត