ក្រសួង​អប់រំ​គ្រោង​ពង្រីក​ថ្នាក់រៀន​អក្ខរកម្ម​តាម​រោងចក្រ​​ទូទាំងប្រទេស​

12-01-2018 9:33 am 326

​មុននឹង​ឈានទៅ​បង្កើត​ថ្នាក់​អក្ខរកម្ម​នៅតាម​រោងចក្រ​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា រួមជាមួយ អង្គការ​ពាក់ព័ន្ធ ជា​អ្នក​ជួយ​បណ្តុះបណ្តាល ដល់​គ្រូ​បង្គោល​ស្ម័គ្រចិត្ត មកពី​ផ្នែក​រដ្ឋបាល​រោងចក្រ​។ ចំពោះ​ពេលវេលា​នៃ​ការបង្រៀន មិន​ធ្វើឲ្យប៉ះពាល់​ដល់​ម៉ោង​បំពេញ​ការងារឡើយ ដោយ​គេ​នឹង​យក​ម៉ោង​ទំនេរ​ពី​ការងារ ១ ម៉ោង​ឬ​៤៥​នាទី ដើម្បី​បង្រៀន​និង​រៀន​។ នៅ​ក្នុងនោះ គេ​អាច​ចាប់ផ្តើម​រៀន​និង​បង្រៀន នៅ​ម៉ោង​៤​ដល់​ម៉ោង​៥​ល្ងាច ទៅតាម​រោងចក្រ​នីមួយៗ ហើយ​កម្មវិធី​បង្រៀន​នេះ​មាន​រយៈពេល​៤​ខែ​។​

​លោក​គួច គូ​លំអ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ឲ្យដឹងថា មុខវិជ្ជា​ដែល​ត្រូវ​បង្រៀន​មាន ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា ដើម្បីឲ្យក​ម្ម​ករចេះ​អាន សរសេរ​និង​ចេះ​គិត​លេខ​។ ការបង្រៀន​ភាសា​ខ្មែរ នឹង​បង្រៀនអក្សរ រួមបញ្ចូល​មេរៀន ស្តីពី អំពើហិង្សា​ក្នុង​គ្រួសារ សុវត្ថិភាព​ការងារ សុខភាព ចរាចរណ៍​និង​គ្រួសារ​គំរូ​។ ចំណែក​ការបង្រៀន​ផ្នែក​គណិតវិទ្យា​វិញ នឹង​បង្រៀន​ពី​លេខបូក ដក គុណ​និង​ចែក​។​

​កម្មវិធី​អក្ខរកម្ម​តាម​រោងចក្រ​នេះ អង្គការ​យូណេស្កូ​ជា​អ្នក​ជួយ ទាំង​ថវិកា​និង​បច្ចេកទេស ព្រមទាំង​ជួយ​បណ្តុះបណ្តាល ដល់​គ្រូ​បង្គោល ហើយ​រដ្ឋាភិបាល​ជា អ្នក​ឧបត្ថម្ភ​ថវិកា​ជួន​ដល់​ពួកគាត់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោ​កឡាយ វុត្ថា​មន្ត្រី​អនុវត្តន៍​កម្មវិធី​អក្ខរកម្ម​តាម​រោងចក្រ​របស់ អង្គការ​យូណេស្កូ​។​

​បើតាម​សារព័ត៌មាន​កម្ពុជា​ឲ្យដឹងថា ចាប់ពី​ឆ្នាំ​២០១៦​ដល់​បច្ចុប្បន្ននេះ មាន​កម្មករ និយោជិត​៤០០​នាក់ ស្មើនឹង​៤០​រោងចក្រ​ហើយ បាន​ចូលរៀន​ថ្នាក់​អក្ខរ​កម្មនេះ​។ ចំណែក​នៅ​ឆ្នាំ​២០១៨​នេះ គ្រោង​ពង្រីក​បន្ថែម ជាង​៦០០​នាក់​ទៀត​នៅ​រាជធានី ខេត្ត​ចំនួន​១២ នឹង​បន្ដ​ពង្រីក​ទូទាំងប្រទេស នៅ​ឆ្នាំ​២០២០​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត