អាមេរិក​​បញ្ជូន​យន្ដហោះ​​ទម្លាក់​គ្រាប់​​បំបាំងកាយ​​បី​គ្រឿង​​ទៅ​កោះ​Guam

12-01-2018 9:01 am 1606
យន្ដហោះ​ទម្លាក់​គ្រាប់​បំបាំងកាយ​ប្រភេទ​B-2

​កងទ័ព​ជើង​អាកាស​អាមេរិក​បានបញ្ជាក់​ថា បាន​ដាក់ពង្រាយ​យន្ដហោះ​ទម្លាក់​គ្រាប់​បំបាំងកាយ​ប្រភេទ​B-2​ចំនួន​៣​គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស​Andersen​។​យន្ដហោះ​នេះ​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ផងដែរ ហើយ​ការ​ដាក់ពង្រាយ​ត្រូវបាន​គេ​មើលឃើញថា​ជា​ចេតនា​ចង់​បន្លាច​ដល់​កូរ៉េខាងជើង​និង​ចិន​។​ជាមួយ​យន្ដហោះ​B-2​ចំនួន​៣​គ្រឿង ក៏មាន​កងទ័ព​ជើង​អាកាស​២០០​នាក់​ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋាន​ទ័ព​Andersen​លើ​កោះ​Guam​។​

​មូលដ្ឋានទ័ព​នេះ​គឺជា​ចំណុច​យុទ្ធសាស្ដ្រ​មួយ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​បច្ចុប្បន្ន​មាន​យន្ដហោះ​ទម្លាក់​គ្រាប់​B-1​នៅ​ទីនោះ​ហើយ​។​យន្ដហោះ B-1​បាន​ចូលរួម​សមយុទ្ធ​ជុំវិញ​ឧបទ្វីប​កូរ៉េ​ជាមួយ​កងទ័ព​ជប៉ុន​និង​កូរ៉េខាងត្បូង​។​សមយុទ្ធ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ឆ្នាំមុន​។​ដោយឡែក​យន្ដហោះ​ទម្លាក់​គ្រាប់​B-2​បញ្ជូនទៅ​កោះ​Guam នៅ​មិន​ច្បាស់​ថា​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ​។​

​តាម​ការបញ្ជាក់​ពី​កងទ័ព​ជើង​អាកាស​អាមេរិក គ្រោង​នឹងមាន​ការធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុងពេល​យន្ដហោះ​ទម្លាក់​គ្រាប់​ត្រូវបាន​បញ្ជូនទៅ​ទីនោះ ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​កាលបរិច្ឆេទ​ឡើយ​។​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ពន្យល់​ដែរថា ការ​ដាក់ពង្រាយ​យន្ដហោះ​ទម្លាក់​គ្រាប់​B-2 គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​អាមេរិក ដែល​កំពុង​បន្ដធ្វើ​នៅ​ជុំវិញ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត