កម្ពុជា​ទទួល​បាន​អ្វីខ្លះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​?

11-01-2018 5:39 pm 707

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ដែល​មាន​ថ្នាក់ដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​៦​ចូលរួម ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។ តើ​កម្ពុជា​ទទួល​បាន​អ្វីខ្លះ ក្រោយ​កិច្ចប្រជុំ​កំពូល​នេះ​?

​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សម្ព័ន្ធមិត្ត បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា ជា​បន្តបន្ទាប់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ដែល​មាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១១ ខែ​មករា​នេះ បាន​ចេញ​សេចក្តីប្រកាស អំពី​លទ្ធផល​ផ្លូវការ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ដោយ​បាន​បញ្ជាក់ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​៦ បាន​ឯកភាពគ្នា ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ឯកភាព​មតិ​ជា​ឯកច្ឆន្ទ សមភាព ការពិគ្រោះ​យោបល់ និង​ការសម្របសម្រួល គ្នា​ទៅវិញទៅមក ការស្ម័គ្រចិត្ត ការចូលរួម​ជាមួយ​គ្នា និង​ផលប្រយោជន៍​រួម ព្រមទាំង​ការគោរព​ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​។​

​ប្រមុខ​ដឹកនាំ​ទាំងអស់ បាន​ឯកភាព​មតិ​ជា​ឯកច្ឆន្ទ និង​បាន​អនុម័ត​ឯកសារ​សមិទ្ធផល សំខាន់​ចំនួន​២ គឺ​សេចក្តីថ្លែងការណ៍​ក្រុងភ្នំពេញ នៃ​កិច្ចប្រជុំ​កំពូល សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ និង​ផែនការ​សកម្មភាព​៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​(២០១៨-២០២០)​។

​អ្វី​ជា​ការកត់សម្គាល់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​ជួប​ពិភាក្សា​ទ្វេរ​ភាគី ជាមួយ លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​។ ក្នុង​កិច្ច​ជំនួប​នោះ នាយក​​រដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ថា រដ្ឋាភិបាល​របស់​ខ្លួន បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ ១៨០០​លាន​យ័ន្ត (២៧៦​លាន​ដុល្លារ​) សម្រាប់​គម្រោង​តូច​-​ធំ មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​រដ្ឋមន្ត្រី​ចិន ក៏​បាន​ជំរុញ​ឲ្យ​ថ្នាក់​រដ្ឋមន្ត្រី​កម្ពុជា​-​ចិន ឆាប់​ចរចា​គ្នា ដើម្បី​ទទួល​យក​ថវិកា​មក​អនុវត្ត​ផង​ដែរ​។​ ​នេះ​បើ​តាម​ការបញ្ជាក់​ពី លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​។​

​ក្រៅ​ពី​ការផ្តល់​កញ្ចប់​ថវិកា​ដល់​កម្ពុជា ឯកសារ​សំខាន់ៗ​ចំនួន​១៩ ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ ក្រោម​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ចិន រួមមាន​៖

​ក​៖ វិស័យ​រដ្ឋ និង​រដ្ឋ​

​ទី​១៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការលើកកម្ពស់​បន្ថែម ការអភិវឌ្ឍន៍​មជ្ឈមណ្ឌល រដ្ឋ​បច្ចេកវិទ្យា​កម្ពុជា​-​ចិន​

​ទី​២៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា សម្រាប់​កិច្ច​សហប្រតិបត្តិការ លើ​ការ​កម្ពស់​គុណភាព​ផលិតផល​

​ទី​៣៖ កិច្ចព្រមព្រៀង ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​

​ទី​៤៖ លិខិត​ប្ដូរ​សារ ស្ដីពី​គម្រោង​ជួសជុល​រាជវាំង​នៅ​អង្គរ​

​ទី​៥៖ លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់ជូន​បរិក្ខារ​មួយកញ្ចប់​

​ទី​៦៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​គម្រោង «​ដំណើរ​នៃ​ក្ដី​ស្រលាញ់​ពី​បេះ​ដូង​» នៅ​កម្ពុជា​

​ទី​៧៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការរៀបចំ​ផែនការ​រួមគ្នា លើ​ការអភិវឌ្ឍ​កសិកម្ម​ទំនើប នៅ​កម្ពុជា​

​ទី​៨៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​

​ទី​៩៖ កិច្ច​ព្រម​ពៀង ស្ដីពី​ការអនុវត្ត​គម្រោង «​ការបង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជ​ឈើ មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា​»

​ទី​១០៖ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់ ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉​ល ដំណាក់កាល​ទី​២

​ទី​១១៖ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​ពង្រីក និង​លើ​កម្រិត​ផ្លូវជាតិ​លេខ​៣ (​ចោមចៅ​-​បែក​គួស​-​ក្រុង​កំពត​)

​ទី​១២៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដី​ពី​កិច្ចសហប្រតិបត្ដិការ​ទៅវិញទៅមក​

​ខ​៖ វិស័យ​រដ្ឋ និង​ឯកជន​

​ទី​១៣៖ កិច្ចព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន   លឿន​ភ្នំពេញ​-​ខេត្ដ​ព្រះសីហនុ​

ទី​១៤៖ កិច្ចព្រមព្រៀង ស្ដីពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​

​ទី​១៥៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ពាណិជ្ជកម្ម​អង្ករ​

​ទី​១៦៖ កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង​ខ្សែ​បញ្ជូន​អគ្គិសនី ៥០០ គីឡូ​វ៉​ល​ជា​ឆ្អឺងខ្នង សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុតំបន់​

​ទី​១៧៖ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្ដី​ពី​កិច្ចសហប្រតិបត្ដិការ​ហិរញ្ញប្បទាន សម្រាប់​គម្រោង អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី ប្រទេស​កម្ពុជា​

​គ​៖ វិស័យ​ឯកជន និង​ឯកជន​

ទី​១៨៖ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្ដីពី​គម្រោង បាញ់​បង្ហោះ​ផ្ដាយរណប «​តេ​ជោ​១»

​ទី​១៩៖ កិច្ចព្រមព្រៀង ស្ដីពី​គម្រោង​វិនិយោគ​លើ​ការសាងសង់ និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹងហាវ​។​

​ទន្ទឹមនឹងនេះ លោក លី ខឺ​ឈាង បាន​សន្យាថា នឹង​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ចិន ធ្វើដំណើរ​មក​កាន់​កម្ពុ​ជា ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​ឆ្នាំ​២០១៧​កន្លងទៅនេះ ទេសចរ​ចិន​បាន​ឈរ នៅ​លំដាប់​ថ្នាក់​លេខ​១ ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស ដែល​មក​ដល់​ប្រទេស​កម្ពុជា​។​

​ដោយឡែក ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ចិន​កំពុង​នាំមុខ​ក្នុង ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ វិស័យ​ទេសចរណ៍ ចិន​ក៏​កំពុង​នាំមុខ​

ប្រមុខ​រដ្ឋាភិបាល បាន​ស្នើ​ឲ្យ​ភាគី​ចិន ជួយ​ជំរុញ​ទិញ​ស្ករអំពៅ​ពី​កម្ពុជា ដើម្បី​ជំរុញ​ការនាំ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឲ្យ​កាន់តែ​រីក​ធំ​ធាត់​ឡើង​ថែម​ទៀត​។​

​ជា​ការឆ្លើយតប នាយករដ្ឋមន្ត្រី​ចិន បាន​សន្យាថា នឹង​ជំរុញ​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន ជួប​ប្រជុំ​ពិភាក្សាគ្នា​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ឈាន​ទៅដល់​ការចុះ​កិច្ចព្រមព្រៀង ទិញ​លក់​ស្ករអំពៅ នៅពេល​អនាគត​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត