លោក​ហេង​សំរិន​ប្រាប់​ចិន​ថា ទិសដៅ​របស់​កម្ពុជា​គឺ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ខ្លាំងក្លា

11-01-2018 3:50 pm 633
ភាគីកម្ពុជា - ចិន កាលពីព្រឹកថ្ងៃទី១១ ខែមករា ។ រូបថតពី fb រដ្ឋសភា ។

​លោក​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​ថ្លែងថា ទិសដៅ​តែមួយគត់​របស់​កម្ពុជា​ដែល​កំពុងតែ​ធ្វើ​សព្វថ្ងៃ  គឺ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យបាន​ខ្លាំងក្លា ។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អ្នកវិនិយោគទុន​ចិន ដែល​ដឹកនាំ​ដោយ​លោក តាន់​ស្រឺ ជួង ចូ​វ​វិ​ន អគ្គនាយក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ។​

​លោក​ហេង សំរិន បញ្ជាក់ប្រាប់​ភាគី​ចិន​បន្ត​ថា ក្រុមហ៊ុន​ធំៗ​ពី​បរទេស​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​ក្នុង​ការបណ្តាក់ទុន​នៅ​កម្ពុជា ។ រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ ជា​កម្លាំងចលករ​ដ៏​មាន​សក្តានុពល ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ។​

​លោក​បន្តថា ក្រោម​គំនិត​ផ្តួចផ្តើម យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន ភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឱ្យ​មាន​លំហូរ​ចូល​យ៉ាងគំហុក​នៃ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ពី​ចិន​មក​កម្ពុជា ។ ទាំងនេះ​បាន​បង្ហាញ​ពី​លទ្ធផល​ជាក់ស្តែង​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​

​អគ្គនាយក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី លោក តាន់​ស្រឺ ជួង ចូ​វ​វិ​ន បាន​ថ្លែងថា អ្នកវិនិយោគទុន​ចិន មាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​រួមមាន វិស័យ​សុខាភិបាល អប់រំ សំណង់ និង​កសិកម្ម​ជាដើម ។ ដោយសារ​តែ​ទំនាក់ទំនង​ការទូត នយោបាយ​ប្រទេស​កម្ពុជា​និង​ចិន មាន​ការរីកចម្រើន​ជា​លំដាប់ ហើយ​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់ គឺជា​ចំណុច​វិជ្ជមាន​ក្នុង​ការពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត