អភិបាលរង​ខេត្ត​ស្ទឹងត្រែង៖ ស្ទឹងត្រែង​មិនមែនជា​ខេត្ត​ផលិត​គ្រឿងញៀន​ទេ​

11-01-2018 3:10 pm 561
កម្មវិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នាពេលកន្លងមក ។

​លោក យង់ សុ​វឌ្ឍនា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍ថា ខេត្ត​ស្ទឹងត្រែង មិនមែន​ជា​ខេត្ត​ផលិត ដាំ​ដុះ​គ្រឿងញៀន​ទេ តែ​ជា​ខេត្ត​រងគ្រោះ​ពី​ការ​លាក់​លួច​ឆ្លងកាត់ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សមត្ថកិច្ច​ខិតខំ​ធ្វើការ​បង្ក្រាប​ជនល្មើស​ចរាចរ ចែកចាយ​គ្រឿងញៀន និង​បាន​បង្កើន​ការងារ​អប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​គ្រោះថ្នាក់ និង​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ កុំ​ឱ្យ​ទៅ​ជិត និង​ប៉ះពាល់​គ្រឿងញៀន ។ 

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​ភូមិ​ស គ្មាន​គ្រឿងញៀន នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ។ នេះ​បើ​តាម​ព័ត៌មាន​ពី​ទំព័រ​ហ្វេ​សប៊ុក អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ដដែល ។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​ដល់​មន្ត្រី អ្នកពាក់ព័ន្ធ ខិតខំ​អនុវត្ត​ផែនការ​សកម្មភាព​នេះ​បន្ថែមទៀត ដើម្បី​ប្រែក្លាយ​ភូមិ​លើ ភូមិ​ខាំ​ផាន់ ក្លាយ​ជា​ភូមិ​គំរូ គ្មាន​គ្រឿងញៀន សម្រាប់​ពង្រីក​បន្ត​ទៅ​បង្កើត​ភូមិ​ស​នៅ​ភូមិ​ដទៃទៀត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​-​ឡាវ ។​

​លោក​មាស វិរិ​ទ្ធិ ថ្លែង​បន្ថែមថា ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ការងារ​ពហុ​វិស័យ​គ្រប់​ជាន់ថ្នាក់ សហគមន៍ អាជ្ញាធរ​មូលដ្ឋាន វិស័យ​សាសនា និង​វិស័យ​ជាច្រើន​ចូលរួម​គាំទ្រ ។ ការចូលរួម​គាំទ្រ​របស់​កងកម្លាំង​ខេមរភូមិន្ទ គឺ​ពិតជា​មាន​សារៈសំខាន់ និង​មិន​អាច​ខ្វះ​បាន ដើម្បី​បង្ការ និង​ទប់ស្កាត់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​រាល់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត