ប៉ូលិស​ស័ក្តិ​៤​ ដែល​ទាត់​ធាក់​មន្ត្រី​ប៉ូលិសចរាចរណ៍ប្រឈម​ជាប់ពន្ធ​គារ​ពី​២​ទៅ​៥​ឆ្នាំ​

11-01-2018 3:05 pm 583

​លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ទៅលើ​ជន​ត្រូវ​ចោទ​សៅ បញ្ញា ២ បទល្មើស គឺ  ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ដោយ​អាជ្ញាធរ​សា​ធារណៈ តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​។ សម្រាប់​មាត្រា​២១៨ ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន និង​មាត្រា​៦១៤ ដែល​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល​។​

​ការសម្រេច​ចោទប្រកាន់​លើ​នគរបាល​ស័ក្តិ​៤​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការសួរចម្លើយ នៅ​ថ្ងៃទី​១១​ខែម​ករានេះ​។ ក្រោយ​បញ្ចប់​ការសាកសួរ​និង​ចោទប្រកាន់​រួចមក​លោក​សៀង សុខ បាន​បញ្ជូន​សៅ បញ្ញា​ទៅឲ្យ​ចៅក្រម​ដើម្បី​ចាត់ការ​បន្តទៀត​។​

​គួរ​ជម្រាបជូន​ថា បន្ទាប់ពី​បែកធ្លាយ​វីដេអូ នគរបាល​ស័ក្តិ​៤ លើកជើង​ទាត់​ធាក់ លើ​មន្ត្រីប៉ូលិស​ចរាចរណ៍​ជាប់​កិច្ចសន្យា របស់​សាលា​រាជធានី​ភ្នំពេញ លោក​ជួន សុវណ្ណ​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន មន្ដ្រីនគរបាល​រូបនេះ​។ 

​មន្ដ្រីនគរបាល​ដែល​ប្រើ​ហិង្សា​មានឈ្មោះ​សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំ​បទល្មើស​បច្ចេកវិទ្យា បាន​អូសទាញ​កអាវ មន្ត្រី​ចរាចរណ៍​រងគ្រោះ ឈ្មោះ អឿន ចំណាន​រួច​ធាក់​មួយ​ជើង​ចំ​កណ្តាល​ទ្រូង បើទោះបីជា​ជនរងគ្រោះ​បាន​លត់​ជង្គង់ និង​លើកដៃ​គោរព សុំទោស​ក៏ដោយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែ​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៨​។ 

​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News  ជន​ត្រូវ​ចោទ​សៅ បញ្ញា​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក ( ស័ក្តិ​៣ ) ប៉ុន្តែ​បាន​ទិញ​ស័ក្តិ​បន្ថែម​១​ទៀត​។​

​ករណី​ហិង្សា​នេះ កើតឡើង​ដោយសារតែ​លោក​ស័ក្តិ​៤ ខឹងសម្បារ​នឹង​មន្ត្រី​ចរាចរណ៍​រងគ្រោះ ដែល​បាន​ឃាត់​រថយន្ត​របស់ខ្លួន​សួរនាំ បន្ទាប់ពី​បាន​បើកបរ​ខុសច្បាប់​ចរាច​រណ៍​៕

ព័ត៌មានផ្សេងទៀត