ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ផ្តល់ឱកាស​ទស្សនកិច្ចសិក្សា​ដល់​និស្សិត​តិច​ណូ​

11-01-2018 3:01 pm 264

​ក្រុមហ៊ុន​សំណង់​ជប៉ុន អា​រ៉ា​ខា​វ៉ា ប្រកាស​ទទួល​ស្វាគមន៍​និស្សិត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ក្នុង​ការចុះ​ទស្សនកិច្ច​ឬ​ធ្វើ​កម្មសិក្សា​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​ទទួលយក​បទពិសោធន៍​ការងារ ពី​វិស្វករ​ជំនាញ ក្នុង​គោលបំណង​រួមចំំណែក​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​នៅ​កម្ពុជា​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្តល់​ព័ត៌មាន​បន្ថែម​ស្តីពី​លំនៅឋាន​អារ៉ា​ខា​វ៉ា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សំណង់ ជប៉ុន​មួយ​នេះ​គឺ លោក អៀង សុធា​រ៉ា បាន​បញ្ជាក់​ជា​សាធារណ​ថា លោក​បើកចំហ​ស្វាគមន៍ និស្សិត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​ការចុះ​ទស្សនកិច្ច​សិក្សា​នៅ​ការដ្ឋាន​ផ្ទាល់ ក៏​ដូច​ការចង់​បង្កើន​បទពិសោធន៍​ការងារ តាមរយៈ​ការចុះ​កម្មសិក្សា ទៅលើ​ផ្នែក​ណាមួយ នៃ​ការសាងសង់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ក៏​បាន​ដែរ ប៉ុន្តែ​នីតិវិធី​ត្រូវអនុវត្ត​តាម​រយៈ​សាលា​។

​សំឡេង​លោក​សុធា​រ៉ា “​មុន​នឹង​ឲ្យ​គាត់​ទៅ​មើល​ការដ្ឋាន​ហ្នឹង យើង​មាន​បន្ទប់​ប្រជុំ នៅ​ការដ្ឋាន​ហ្នឹង​ស្រាប់​។ ឲ្យ​គាត់​ចូល​បន្ទប់​ប្រជុំ​ហ្នឹងហើយ យើង​ពន្យល់​ប្រាប់​គាត់ ណែនាំ​គាត់​មួយចំនួន​ហើយ បាន​យើង​នាំ​គាត់​ដើរ ក្នុង​ការដ្ឋាន​ហ្នឹង​ឲ្យ​គាត់​មើល ទៅតាម​ពេលវេលា​ដែល​សមស្រប និង​ពេលវេលា​ដែល​អនុញ្ញាតិ​។ អាហ្នឹង​ទស្សនកិច្ច​សិក្សា យើង​អាច​ធ្វើ​ពីរ បី​ម៉ោង រឺ​ធ្វើ​មួយ​ព្រឹក​អញ្ជឹង​ទៅ​។ អឺ​ទី​២ គឺ​យើង​ឲ្យ​គាត់​មាន​កម្មសិក្សា ផ្ទាល់​នៅ​ហ្នឹង តាមរយៈ​លោក​សាស្ត្រាចារ្យ​ហ្នឹង គាត់​អាច​ទៅ​ធ្វើ​កម្មសិក្សា​ផ្ទាល់ ដោយ​ស្ម័គ្រចិត្ត​។​មានន័យ​ថា គាត់​អាច​ដាក់ពាក្យ​មក​ស្មើ​សុំ ទៅ​ធ្វើ​ជា​អ្នក​ទៅ​ជួយ ប៉ុន្តែ​ទៅ​ជួយ​ហ្នឹង គឺ​ទៅ​រៀន​បណ្តើរៗ​”​។​

​គួរ​រម្លឹង​ផងដែរ​ថា សិក្ខាសាលា​នេះ ជា​សិក្ខាសាលា​ផ្តល់​ព័ត៌មាន​បន្ថែម ស្តី​ពី​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​លើក​ទី​២​ហើយ បន្ទាប់​ពី​សិក្ខាសាលា​ដូចគ្នានេះ ដំបូង បញ្ចប់​ទៅ​ដោយ​ជោគជ័យ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ​។

​កម្មវិធី​ដែល​មាន​អ្នកចូលរួម​ជាង​៣០០​នាក់ ដែល​សុទ្ធសឹងតែ​ជា​គណ​គ្រប់គ្រង សាស្ត្រាចារ្យ និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍​ខ្លាំង ទៅ​លើ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នេះ ដោយ​ម្នាក់ៗ​បាន​ចូលរួម​យ៉ាង​កកកុញ ជជែក​ដេញដោល​សួរ យ៉ាង​យកចិត្តទុកដាក់ រាល់​បទ​បង្ហាញ​ពី​ស្ថាបនិក​អា​រ៉ា​ខា​វ៉ា តំណាង​ធនាគារ ដែលជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ពិសេស​បាន​ទទួល​ចំនេះដឹង​បច្ចេកទេស នៃ​សំណង់​បន្ថែម ក៏ដូចជា​ចំនេះដឹង​ទូទៅ​ពី​របៀប​ទិញ និង​រស់នៅ​ក្នុង​លំនៅ​ឋាន បែប​ទំនើប ទាន់សម័យ ដែល​មាន​តម្លៃ​សមរម្យ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

​លោក​អៀង សុធា​រ៉ា​បញ្ជាក់​ផង​ដែរ​ថា ការដែល​លោក​ជ្រើសរើស និស្សិត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នោះ គឺ​ដោយសា​តែ​លោក​បាន​នឹង​កំពុង​អនុវត្ត​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម រឺ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CSR​។​

​លោក​សុធា​រ៉ា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សំខាន់​គោលការណ៍​របស់​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ហ្នឹង​គឺ យើង​គោរព​ទៅតាម CSR គឺ​Corporate Social Responsibility គឺជា​សាជីវកម្ម​ដែល​ទទួលខុសត្រូវ នឹង​សង្គម មានន័យ​ថា នៅពេលដែល​យើង​ធ្វើ​អី​ក៏ដោយ យើង​គិត​ដល់​បុគ្គលិក​របស់​យើង យើង​គិត​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង យើង​គិត​ដល់​អ្នក​ដែល​រស់​នៅ​នៅ​ហ្នឹង​។ ជា​ឧទាហរណ៍ ជាក់ស្តែង​មង យើង​គិតថា តើ​អ្នក​ដែល​នៅ​ជុំវិញ​ហ្នឹង​បាន​អត្ថប្រយោជន៍​អី​ខ្លះ​។ អញ្ជឹង​ជា​គំរូ​មួយ​ដែល​ថា អ្នក​ដែល​នៅ​ជិត​យើង ហើយ​អ្នក​ដែល​ត្រូវ​ហ្នឹង​ជំនាញ​ហ្នឹង តែម្តង​គឺ​ITC​ហ្នឹង​។ អញ្ជឹង​បានជា​យើង​ថា សុំឲ្យ​ITC​ហ្នឹង​សហការ​ជាមួយ​អា​រ៉ា​ខា​វ៉ា​ទៅ​។​

​រឺ​ក៏​មិន​តែ​ITC​ទេ ទោះបីជា​សាលា​បច្ចេកវិទ្យា រឺ​បច្ចេកទេស​សំណង់​ផ្សេងៗ​ទៀត ក៏​អាច​ហ្នឹង​ដាក់ពាក្យ រឺ​ក៏​សុំ​ធ្វើ​ការសហការ​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​បានដែរ យើង​មិន​កំណត់​តែមួយ​អញ្ជឹងទេ​។​

​ហើយ​អត្ថប្រយោជន៍​ក្រោយពី​យើង​បើកចំហ ក្រោយពី​យើង​គិតគូ​របៀប​នេះ​ទៅ អត្ថប្រយោជន៍​ចុងក្រោយ​បំផុត​នោះ គឺ​បាន​ទៅ​ប្រជាជន​កម្ពុជា​ទេ​។ គឺ​មានន័យ​ថា​នៅពេល​អា​រ៉ា​ខា​វ៉ា​ធ្វើ​ហ្នឹង ធ្វើឲ្យ​ល្អហើយ ប៉ុន្តែ​ក្មេងជំនាន់ក្រោយ ដែល​គាត់​បំរុង​នឹង​ធ្វើ​ដែរ មនុស្ស​ជំនាន់​ក្រោយ​ដែល​គាត់ នឹង​ចូលប្រលូក នៅក្នុង​ការងារ​សំណង់ ចូលប្រលូក​នៅ​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ គាត់​មុខតែ​យក​គំរូ​ដែល​ល្អៗ ទៅ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង ៧០ លាន​ដុល្លារ​អាមេរិក សាងសង់​លំនៅឋាន បែប​ខុន​ដូរ ដែល​មាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាជន​កម្ពុជា នេះ​បើ​តាម​ការអះអាង របស់លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតុ (Alex Yasumoto) សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន វិនិយោគ​នៅ​កម្ពុជា​។​

​នៅក្នុង​ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់ របស់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ លោក ជា សុផារ៉ា បាន​មានប្រសាសន៍ គាំទ្រ​យ៉ាង​ពេញទំហឹង លើ​គម្រោង​រៀបចំ​លំនៅឋាន ដែល​មាន​តម្លៃ​សមរម្យ​របស់​អា​រ៉ា​ខា​វ៉ា​នេះ​។ ពិសេស​លោក​ជឿជាក់​យ៉ាង​មុតមាំ លើ​សហ​ស្ថាបនិក​ទាំងអស់ និង​ប្រវត្តិ​ការងារ​របស់​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​កន្លងមក ហើយក៏​បាន​ស្នើរ​ឲ្យដៃ​គូរ​ពាក់ព័ន្ធ សហការ​ឲ្យបាន​ល្អ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​“​ខ្ញុំ​ក៏​ជឿជាក់​លោក​អា​ឡិច គឺ​មាន​ការខិតខំ​ប្រឹង​ប្រែង ជាមួយនឹង​សហការី​របស់​គាត់ គឺជា​មនុស្ស​ដែល​ខ្ញុំ សំគាល់ថា​មាន​លក្ខណៈ​ម៉ត់ចត់​។ ធ្វើការ ដោះស្រាយ​កិច្ចការ​បាន​ល្អប្រសើរ​។ អគ្គនាយក​លំនៅដ្ឋាន​គឺ​សុំ​សហការ​ឲ្យបាន​ជិតស្និ​ត​”​។

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា មាន​វត្តមាន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ​។ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​នេះ ធ្លាប់មាន​បទពិសោធន៍​សាងសង់​អាគារ Bellevue Serviced Apartments ដែល​មាន​ទីតាំង​នៅ​តំបន់​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​នេះហើយ ដែល​បាន​សហការ​យ៉ាង​ជិតស្និត និង​ពេញទំហឹង​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​បាន​វិនិយោគទុន ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​ស ដែល​អគារ​នោះ អាច​មាន​ហានិភ័យ​ខ្ពស់ ដល់​ប្រជាជន​ដែល​រស់នៅ​ទីនោះ បាន​ដោយ​ជោគជ័យ​។

​ដំណោះស្រាយ​អគារ​ប៊ូ​ឌី​ញ​ស​ជា​គម្រោង​គំរូ​មួយ ក្នុង​ការអភិវឌ្ឍន៍​គួរ​កត់សម្គាល់​មួយ​នៅ​កម្ពុជា និង​ក្នុង​តំបន់​៕

ព័ត៌មានផ្សេងទៀត