កងទ័ព​មី​យ៉ាន់​ម៉ា​សារ​ភាព​ជា​លើកដំបូង​ថា​​បានសម្លាប់​​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

11-01-2018 11:42 am 1085
ភ្លើង​កំពុងឆេះ​ផ្ទះ​ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា​ក្នុងរដ្ឋរ៉ាក់ហ៊ីន

​យោធា​បាន​និយាយថា​របាយការណ៍​ស៊ើបអង្កេត​បាន​រកឃើញ សមាជិក​កងកម្លាំង​សន្ដិសុខ​ចំនួន​៤​នាក់ បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​មនុស្ស​១០​នាក់​នៅ​ក្នុងភូមិ Inn Din​នៅ​ជិត​ក្រុង​Maungdaw​។​របាយការណ៍​ឲ្យដឹងទៀតថា កងកម្លាំង​សន្ដិសុខ​ទាំង​បួន​នាក់​បាន​ជួយ​អ្នកភូមិ វាយប្រហារ​សងសឹក​នឹង​ក្រុម​ដែល​គេ​ចាត់ទុកថា​ជា “​ភេរវជន​បេង​ហ្គាល់​” នោះ​គឺ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នេះឯង​។​​

យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស​កាលពី​ខែ​មុន​ថា នឹង​បើក​ការស៊ើបអង្កេត​នៅ​ផ្នូរ​ដែលមាន​គ្រោងឆ្អឹង​មនុស្ស បាន​រកឃើញ​នៅក្បែរ​ភូមិ​Inn Din​។​លទ្ធផល​នៃ​ការស៊ើបអង្កេត​ក៏បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់​មេបញ្ជាកា​រកង​ទ័ព​ដោយ​និយាយថា ការសម្លាប់​មនុស្ស​ទាំង​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៧​។​វា​ជា​ការពិត​ដែល​អ្នកភូមិ​និង​កងកម្លាំង​សន្ដិសុខ​បាន​សារភាពថា ពួកគេ​បានសម្លាប់​ភេរវជន​បេង​ហ្គាល់​១០​នាក់​។​ក្រុម​បេង​ហ្គាល់​ដែល​យោធា​មី​យ៉ាន់​ម៉ា​ហៅ​គឺ​សំដៅ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​

យោធា​បញ្ជាក់​បន្ថែមថា កងកម្លាំង​សន្ដិសុខ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស នឹងត្រូវ​ទទួលខុសត្រូវ​ចាប់​ផ្លូវច្បាប់​។​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ដោយសារ​ក្រុម​អ្នកភូមិ​គោរព​ព្រះពុទ្ធសាសនា បាន​រង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​។​ដូច្នេះ​ទើប​ពួកគេ​លួច​វាយប្រហារ​សម្លាប់​ភេរវជន​ទាំងនោះ​។​

​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ប្រជាជន​ស្ទើរតែ​ទាំងអស់​គោរព​ព្រះពុទ្ធសាសនា ហេតុនេះហើយ​បានជា​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ប្រជាជន​មី​យ៉ាន់​ម៉ា​រើសអើង​។​មាន​ការចោទប្រកាន់ថា កងទ័ព​ដែល​គាំទ្រ​ដោយ​អ្នកភូមិ​គោរព​ព្រះពុទ្ធសាសនា បាន​ដុត​ផ្ទះសម្បែង​នៅ​ក្នុងភូមិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រស់នៅ ហើយ​បានសម្លាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​យ៉ាង​រង្គាល​។​ប៉ុន្ដែ​យោធា​មី​យ៉ាន់​ម៉ា​បាន​ច្រានចោល​ការចោទប្រកាន់ និង​អះអាងថា​ប្រតិ​បត្ដិកា​រ​យោធា ដើម្បី​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ដែល​វាយប្រហារ​លើ​កងទ័ព​ប៉ុណ្ណោះ​។​

សូម​រម្លឹក​ដែរថា អំពើហិង្សា​កើតឡើង​នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​កាលពី​ខែសីហា​ឆ្នាំមុន បណ្ដាលឲ្យ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦៥​ម៉ឺន​នាក់ ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែស​។​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បាន​ល្បីល្បាញ​ដល់​អន្ដរជាតិ ពិសេស​អង្គការសហប្រជាជាតិ​បាន​ចោទប្រកាន់​សកម្មភាព​ក​ង​ទ័ព​មី​យ៉ាន់​ម៉ា​ថា ជា​ចេតនា​ចង់​បោសសម្អាត​ក្រុម​ជនជាតិភាគតិច ហើយ​បាន​ទទូច​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ត្រូវ​ទទួលខុសត្រូវ​រឿងនេះ​។​អាមេរិក​ក៏បាន​គំរាម​ដល់​មី​យ៉ាន់​ម៉ា​ផងដែរ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ត្រូវ​ចាត់វិធានការ​បញ្ចប់វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត