ប្រធានាធិបតី​​អាមេរិក​​និង​កូរ៉េខាងត្បូង​​ពិភាក្សា​ពី​កិច្ចចរចា​​ជាមួយ​​កូរ៉េខាងជើង​

11-01-2018 9:35 am 235
ប្រធានាធិបតីអាមេរិក(ឆ្វេង)និងប្រធានាធិបតីកូរ៉េខាងត្បូង

​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​ប្រធានាធិបតី​អាមេរិក បាន​ឯកភាពគ្នា​ថា​ពិតជា​អាចទៅរួច ដែល​កិច្ចចរចា​អន្ដរ​កូរ៉េ​អាច​នាំឲ្យមាន​ការសន្ទ​នារវាង​អាមេរិកនិង​កូរ៉េខាងជើង និយាយ​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​។​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានបង្ហាញ​ពី​ខ្លឹមសារ​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​មូន ជែ​អ៊ីន​និង​លោក​ដូណាល់ ត្រាំ បន្ទាប់ពី​ការចរចា​ថ្នាក់​រដ្ឋមន្ដ្រី​កូរ៉េ​ទាំងពីរ​កាលពី​ថ្ងៃទី​០៩​មករា​។​

​យោងតាម​មន្ដ្រី​កូរ៉េខាងត្បូង​បានឲ្យដឹងថា លោក​ត្រាំ​បញ្ជាក់​នឹង​គ្មាន​សកម្មភាព​យោធា​ណាមួយ​កើតឡើង​ទេ ដរាបណា​កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​កំពុង​បន្ដ​។​សេត​វិមាន​និយាយថា មេដឹកនាំ​ទាំង​ពីរបាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ដ​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​កូរ៉េខាងជើង​។​លោក​ត្រាំ​បានលើកឡើង​ផងដែ​រថា លោក​បើកចំហ​ជានិច្ច​ចំពោះ​កិច្ចពិភាក្សា​រវាង​អាមេរិក​និង​កូរ៉េខាងជើង អាច​ធ្វើបាន​គ្រប់ពេល​ក្នុង​កាលៈទេសៈ​ដែល​សមស្រប​។​

​ប៉ុន្ដែ​គណៈប្រតិភូ​កូរ៉េខាងជើង​ហាក់​មិន​សប្បាយចិត្ដ​ទេ នៅពេល​មន្ដ្រី​កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យមាន​ការចរចា​ពី​ការលុប​បំបាត់​ចោលកម្ម​វិធី​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី​០៩​មករា​។​មន្ដ្រី​កូរ៉េខាងជើង​បាន​រម្លឹក​ឡើងវិញ​ពី​តម្រូវការ​របស់​ពួកគេ ដែលថា​អាមេរិក​និង​កូរ៉េខាងត្បូង​មិន​ត្រូវធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ដាច់ខាត​។​

​ចំពោះ​កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​ធ្វើឡើង​លើកដំបូង​ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ លោក​ត្រាំ​និង​លោក​មូន​ចាត់ទុកជា​ជំហាន​ល្អប្រសើរ​បំផុត​។​ទោះបី​មិនដឹងថា​កិច្ចពិភាក្សា​អាចា​ឈានដល់​កម្រិតណា ប៉ុន្ដែ​លោក​ត្រាំ​សង្ឃឹម​វា​នឹង​អាច​នាំទៅរក​ភាពជោគជ័យ​សម្រាប់​ពិភពលោក មិនមែន​សម្រាប់តែ​អាមេរិក​ឬ​កូរ៉េខាងត្បូង​ឡើយ​។​លោក​ត្រាំ​បញ្ជាក់បន្ថែម​អាមេរិក​នឹង​ចាំ​ឃ្លាំមើល នឹងមាន​អ្វី​កើតឡើង​នៅ​ពេលខាងមុខ​៕

ព័ត៌មានផ្សេងទៀត