ម៉ាឡេស៊ី​​នឹង​ចំណាយ​​រាប់លាន​ដុល្លារ​​បន្ថែម​​សម្រាប់​​​ស្វែងរក​​យន្ដហោះ​​MH370​ជាថ្មី​

10-01-2018 3:32 pm 640
រូប​គំនូរយន្ដហោះMH370ដែលគេគូររម្លឹកពីការបាត់ដំណឹង

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​រុករក​អាមេរិក​ឈ្មោះ​Ocean Infinity​។​ជា​កិច្ចព្រមព្រៀង​ស្ដីពី​ការស្វែងរក​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH370 បាន​បាត់​ដំណឹង​តាំងពី​ថ្ងៃទី​០៨​ខែ​មីនាឆ្នាំ​២០១៤​។​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នឹងត្រូវ​ចំណាយ​ប្រាក់​៥០​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ក្រុមហ៊ុន​រកឃើញ​យន្ដហោះ​ក្នុង​ដែនសមុទ្រ​ដែលមាន​ទំហំ​២៥,០០០​គីឡូម៉ែត្រ​ការ៉េ កំណត់ដោយ​ក្រុម​អ្នកស្រាវជ្រាវ​អូស្ដ្រាលី​។​

​ម៉ាឡេស៊ី​អាច​ចំណាយ​រហូតដល់​៧០​លាន​ដុល្លារ​អាមេរិក បើសិន​ក្រុមហ៊ុន​Ocean Infinity​រកឃើញ​យន្ដហោះ​ក្នុង​ផ្ទៃ​ដែនសមុទ្រ​ធំ​ជាង​នេះ​។​ប៉ុន្ដែ​ករណី​រកឃើញ​ក្នុង​ទំហំ​ផ្ទៃសមុទ្រ​៥,០០០​គីឡូម៉ែត្រ​ការ៉េ​ដែលជា​ការចាប់​ផ្ដើមដំបូង ម៉ាឡេស៊ី​នឹងត្រូវ​ចំណាយ​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​ម៉ាឡេស៊ី​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​Ocean Infinity ដោយសារតែ​ក្រុមហ៊ុន​អះអាងថា​បើ​រក​មិនឃើញ​ទេ នោះគេ​នឹងមិន​យកប្រាក់​ឡើយ​។​

​ក្រុមហ៊ុន​Ocean Infinity​កំពុង​ដាក់ពង្រាយ​នាវា​ស្រាវជ្រាវ ដែល​គេ​រំពឹងថា​នឹង​អាច​ស្វែងរក​រហូតដល់​ទំហំ​១​ពាន់​គីឡូម៉ែត្រ​ការ៉េ​ក្នុង​មួយថ្ងៃ​។​ដូច្នេះ​មានន័យថា​តំបន់​ដែលមាន​ទំហំ​២៥,០០០​គីឡូម៉ែត្រ​ការ៉េ អាច​ត្រូវ​ចំណាយពេល​ស្វែងរក​ប្រមាណ​ជា​១​ខែ​ប៉ុណ្ណោះ​។​

​យុទ្ធនាការ​ស្វែងរក​កន្លងមក​ក្រោម​ការសហការ​ជាមួ​យ​អូស្ដ្រាលី បាន​ផ្អាក​ទៅវិញ​បន្ទាប់ពី​រុករក​នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​ក្នុង​ទំហំ​១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​តែ​រក​មិនឃើញ​។​ប៉ុន្ដែ​អ្នកស្រាវ​ជ្រាវ​​​ជឿជាក់ថា យុទ្ធនាការ​ថ្មី​នេះ​អាចនឹងទទួល​បាន​លទ្ធ​ផល​។​ចំពោះ​ការស្វែងរក​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​ដែនសមុទ្រ​ទំហំ​១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចំណាយ​អស់​១១៦​លាន​ដុល្លារ​អាមេរិក​។​

សូមបញ្ជាក់ថា យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH370 ផ្ទុក​មនុស្ស​២៣៩​នាក់​ធ្វើដំណើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ក្រោយមក​ក៏​បាត់​ដំណឹង​តែម្ដង​។​ជាច្រើន​ឆ្នាំ​មកនេះ​អ្នកស្រាវជ្រាវ​បញ្ជាក់ថា មាន​បំណែក​បី​ផ្ទាំង​រកឃើញ​នៅ​ឆ្នេរ​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាងលិច អះអាងថា​ជា​បំណែក​របស់​យន្ដហោះ​MH370 ប៉ុន្ដែ​គ្មាន​ព័ត៌មាន​លម្អិត​ឡើយ​៕

ព័ត៌មានផ្សេងទៀត