គ្រោះមហន្ដរាយ​ធម្មជាតិ​​ក្នុង​ឆ្នាំ​២០១៧​​ធ្វើឲ្យ​ខាតបង់​​ហិរញ្ញវត្ថុ​​កម្រិត​ខ្ពស់​បំផុត​

10-01-2018 10:37 am 277
រូបភាពភ្លើងឆេះព្រៃនៅអាមេរិក

​ទីភ្នាក់ងារ​សហព័ន្ធរ​បស់​អាមេរិក​បាន​និយាយថា ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​បង្កឡើង​ពី​គ្រោះមហន្ដរាយធម្មជាតិ បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​គឺ​ប្រហែល​៣០៦​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧​។​រដ្ឋបាល​បរិយាកាស​និង​ដែនសមុទ្រ​ជាតិ​(NOAA)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បរិមាណ​នេះ​គឺជា​ចំនួន​ខ្ពស់បំផុត​គិត​តាំងពី​ទីភ្នាក់ងារ​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨០​។​ទីភ្នាក់ងារ​បញ្ជាក់បន្ថែម​ថា អាមេរិក​បាន​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ចំនួន​១៦​ក្នុង​ឆ្នាំ​២០១៧ ដែល​គ្រោះធម្មជាតិ​នី​មួយៗ​បណ្ដាលឲ្យ​ខាត​បង់ប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​។​

​ចំណែក​ព្យុះ​ដ៏​អាក្រក់​បំផុត​គឺ​ព្យុះ​Harvey បានធ្វើឲ្យ​ខាត​បង់​ប្រាក់ប្រមាណ​១២៥​ពាន់​លាន​ដុល្លារ​។​រីឯ​ភ្លើង​ឆេះ​ព្រៃ​នៅ​California ធ្វើឲ្យ​ខាតបង់​១៨​ពាន់​លាន​ដុល្លារ​។​ទីភ្នាក់ងារ​NOAA​និយាយថា កន្លងមក​ការ​រងគ្រោះ​ទ្រង់ទ្រាយ​បំផុត​គឺ​នៅ​ឆ្នាំ​២០០៥ នៅពេល​ព្យុះកំបុតត្បូង Katrina​វាយប្រហារ​។​ព្យុះ​នេះ​បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជាង​១,៨០០​នាក់​។​អ្នកជំនាញ​អាកាសធាតុ​ម្នាក់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា ករណី​មួយចំនួន​នៃ​គ្រោះធម្មជាតិ បង្ក​មកពី​ការប្រែប្រួល​អាកាសធាតុ ហើយ​បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ជា​ចាំបាច់​៕

ព័ត៌មានផ្សេងទៀត