ប៉ូលីស​ស័ក្តិ​៤​ដែល​ប្រើ​ហិង្សា​លើ​មន្ត្រី​ចរាចរណ៍​នឹង​បញ្ជូន​ទៅ​តុលាការ​ថ្ងៃនេះ​

10-01-2018 10:04 am 20722

​មន្ដ្រីនគរបាល​ពាក់​ស័ក្តិ​៤ ដែល​លើកជើង​ធាក់​មន្ដ្រី​ចរាចរណ៍ ជាប់​កិច្ចសន្យា របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​១០ មករា​នេះ​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ជួន សុវណ្ណ បានបញ្ជាក់​ថា មន្ត្រីនគរបាល ដែល​ប្រើ​ហិង្សា​លើ​មន្ត្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា ត្រូវបាន​ឃាត់ខ្លួន តាំងពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​មក​ម្លេះ បន្ទាប់ពី​បាន​ស្រាវជ្រាវ តាមរយៈ​វីដេអូ កាមេរ៉ា​សុវត្ថិភាព​។ លោក​បន្តថា សម្រាប់​ករណី​នេះ យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ គឺ​ដាច់ខាត​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ គ្មាន​ការលើកលែង​នោះឡើយ ។​

​មន្ដ្រីនគរបាល​ដែល​ប្រើ​ហិង្សា មានឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំ​បទល្មើស​បច្ចេកវិទ្យា បាន​អូស​ទាញ​កអាវ មន្ត្រី​ចរាចរណ៍​រងគ្រោះ ឈ្មោះ អឿន ចំណាន រួច​ធាក់​មួយ​ជើង​ចំ​កណ្តាល​ទ្រូង បើទោះបីជា​ជនរងគ្រោះ​បាន​លត់​ជង្គង់ និង​លើកដៃ​គោរព សុំទោស​ក៏ដោយ​។​

​ករណី​ហិង្សា​នេះ កើតឡើង ដោយសារតែ​លោក​ស័ក្តិ​៤ ខឹងសម្បារ​នឹង​មន្ត្រី​ចរាចរណ៍​រងគ្រោះ ដែល​បាន​ឃាត់​រថយន្ត​របស់​ខ្លួន​សួរនាំ បន្ទាប់ពី​បាន​បើកបរ​ខុសច្បាប់​ចរាច​រណ៍​។​
​សូមបញ្ជាក់​ថា វីដេអូ បង្ហាញ​ពី​សកម្មភាព​វាយ​ទាត់​ធាក់ លើ​មន្ត្រី​ចរាច​រណ៍​ជាប់​កិច្ចសន្យា ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ចែកចាយ​បន្ដ​គ្នា យ៉ាង​ភ្លូកទឹកភ្លូកដី​៕ ដោយៈ​សៅ វិសាល​

វីដេអូ (ប្រភព: Fresh News)

ព័ត៌មានផ្សេងទៀត