កិច្ចប្រជុំ​មន្ដ្រី​ជាន់ខ្ពស់​​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង​​សម្រេច​បាន​កិច្ចព្រមព្រៀង​​៣​ចំណុច​

10-01-2018 10:01 am 673
មន្ដ្រីជាន់ខ្ពស់កូរ៉េទាំងពីរពេលចាប់ដៃគ្នា

មន្ដ្រីជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង បន្ទាប់ពី​កិច្ច​ជំនួប​កាលពី​ព្រឹក​ថ្ងៃទី​០៩​មករា ជា​លទ្ធផល​គឺ​សម្រេចបាន​កិច្ចព្រមព្រៀង​បី​ចំណុច​។​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​បាន​ធ្វើឡើង​នៅ​ក្នុងភូមិ​ប៉ាន់​មុន​ជុម ជា​ភូមិ​មួយ​នៅលើ​បន្ទាត់​កំណត់ព្រំដែនបែងចែក​ប្រទេស​ទាំងពីរ មាន​រយៈពេល​ប្រមាណ​ជា​១១​ម៉ោង​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​ផ្សព្វផ្សាយ​បាន​បញ្ជាក់ថា កូរ៉េខាងជើង​នឹង​បញ្ជូន​អត្ដ​ព​លិក មន្ដ្រីជាន់ខ្ពស់ អ្នកគាំទ្រ និង​សិល្បករ ទៅ​ចូលរួម​និង​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​រដូវរ​ងារ​នៅ​ទីក្រុង PyeongChang​ប្រទេស​កូរ៉េខាងត្បូង​។​កូរ៉េ​ទាំងពីរ​នឹង​បើក​កិច្ចពិភាក្សា​យោធា​ផងដែរ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ផ្លាស់ប្ដូរ​ឡើងវិញ​នៅក្នុង​វិស័យ​ផ្សេងៗ​។​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​មានបំណង​នឹង​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ទាំងអស់ តាមរយៈ​ការសន្ទនា​ក្នុងនាម​ជា​ជាតិ​សាសន៍​តែមួយ​។​

​កូរ៉េខាងត្បូង​បានលើកឡើង​ពី​ការរៀបចំ​ព្រឹត្ដិការណ៍​ជួបជុំ​គ្រួសារ ដែល​បែកបាក់​ក្នុងសម័យ​សង្គ្រាម​បែងចែក​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​ផងដែរ ប៉ុន្ដែ​ផែនការ​នេះ​មិន​ទទួលបាន​ជោគជ័យ​ទេ​។​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក​Ri Son Gwon បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ​ឡើយ នៅពេល​ភាគី​កូរ៉េខាងត្បូង​លើកឡើង​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​លោក​Ri​និយាយថា កូរ៉េខាងជើង​នៅតែ​ស្នើឲ្យ​កូរ៉េខាងត្បូង​លុបចោល​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​។​

ចំណែក​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​លោក​Cho Myoung-gyon បាន​សម្ដែង​ការគោរព​ចំពោះ​កិច្ចប្រជុំ​នេះ និង​ចាត់ទុកថា​ជា​រឿង​សំខាន់​ចំពោះ​ការស្ដារ​និង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។​លោក​Cho​បាន​និយាយថា ជំហាន​ដំបូង​បាន​ធ្វើឡើង​ហើយ ក្នុង​ការដោះស្រាយ​ជាមួយ​កិច្ចការ​ជាច្រើន​។​

​ប៉ុន្ដែ​យ៉ាងណាមិញ​ក៏មាន​អ្នកព្រួយបារម្ភ​ថា នៅពេល​កូរ៉េខាងត្បូង​មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងជើង អាច​នឹង​ធ្វើឲ្យ​អន្ដរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អន្ដរជាតិ ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​៕

ព័ត៌មានផ្សេងទៀត