កិច្ចពិភាក្សារវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ដែលបានចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី០៩មករានេះ ជាសញ្ញាបង្ហាញថានៅលើឧបទ្វីបកូរ៉េមានស្ថានការណ៍ធូរស្រាលជាងមុនបន្ដិច។កិច្ចចរចាធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង ព្រមបើកផ្លូវឲ្យមានការជួបគ្នារវាងកូរ៉េទាំងពីរ។លទ្ធផលនៃកិច្ចជំនួបកូរ៉េខាងជើងព្រមបញ្ជូនគណៈប្រតិភូ អត្ដពលិក អ្នកគាំទ្រ អ្នកសារព័ត៌មាន ទៅចូលរួមព្រឹត្ដិការណ៍ប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង។ប៉ុន្ដែទោះជាយ៉ាងនេះក្ដី គេនៅមិនទាន់ជឿជាក់បានទេថា កូរ៉េខាងជើងពិតជាមានឆន្ទៈ ចង់ចរចាបញ្ចប់ជម្លោះជាមួយកូរ៉េខាងត្បូងមែនឬក៏មានចេតនាផ្សេងនោះ។
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ចាប់តាំងពីបញ្ចប់សង្គ្រាមបែងចែកទឹកដីកូរ៉េជាពីរឆ្នាំ១៩៥០-១៩៥៣ កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅតែបន្ដមានភាពចម្រូងចម្រាសកើតឡើងឥតឈប់ឈរ។សង្គ្រាមនេះបានបន្សល់ទុកនូវភាពឈឺចាប់សម្រាប់ប្រជាជនប្រទេសទាំងពីរ ដោយសារតែបាត់បង់សមាជិកគ្រួសារ និងការបែកបាក់ទៅរស់នៅក្នុងប្រទេសផ្សេងគ្នា ខ្លះនៅកូរ៉េខាងជើង ខ្លះនៅកូរ៉េខាងត្បូង ហើយពិបាកនឹងជួបមុខគ្នា សូម្បីតែផ្ញើសារឬសេរសំបុត្រសួរសុខទុក្ខក៏គ្មាន។ការជួបជុំអាចធ្វើទៅបានរយៈពេលខ្លី លុះត្រាតែមានព្រឹត្ដិការណ៍ជួបជុំគ្រួសារ អនុញ្ញាតដោយរដ្ឋាភិបាលប្រទេសទាំងពីរប៉ុណ្ណោះ។អ្វីដែលសំខាន់កូរ៉េខាងជើងមិនចង់ឲ្យមានព្រឹត្ដិការណ៍នេះញឹកញាប់ពេកទេ ក្រោមហេតុផលផ្ទាល់ខ្លួនរបស់គេ។
ភាពតានតឹងផ្ទុះឡើងកាន់តែខ្លាំងនៅពេលកូរ៉េខាងត្បូងធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយអាមេរិក។សមយុទ្ធនេះកូរ៉េខាងជើងចាត់ទុកជាការបង្កហេតុបង្កអស្ថិរភាព និងមានចេតនាចង់ឈ្លានពានដែនដីកូរ៉េខាងជើង។កូរ៉េខាងជើងបានឆ្លើយតបដោយការបាញ់មីស៊ីល នៅពេលមានសមយុទ្ធចាប់ផ្ដើម។កូរ៉េខាងជើងចង់ឲ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធជាមួយអាមេរិកបើចង់បានការពិភាក្សារឹតចំណងមិត្ដភាព ចំណែកកូរ៉េខាងត្បូងចង់ឲ្យកូរ៉េខាងជើងរំលាយចោលកម្មវិធិនុយក្លេអ៊ែរ។មានសំណើលើកឡើងរៀងៗខ្លួន ប៉ុន្ដែគ្មានភាគីណាមួយអាចធ្វើបានទេ។អាមេរិកនៅតែបន្ដសមយុទ្ធជាមួយកូរ៉េខាងត្បូង ហើយកូរ៉េខាងជើងនៅតែធ្វើតេស្ដមីស៊ីល រហូតឈានដល់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរទៀត។នៅឧបទ្វីបកូរ៉េបានឡើងកម្ដៅកាន់តែខ្លាំងក្នុងឆ្នាំ២០១៧។
ក្នុងឆ្នាំ២០១៧ទណ្ឌកម្មអន្ដរជាតិបានដាក់ជាបន្ដបន្ទាប់លើកូរ៉េខាងជើង ដោយសារតែការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦ ព្រមទាំងការបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ហោះរំលងប្រទេសជប៉ុនទៀតផង។ជាមីស៊ីលកូរ៉េខាងជើងអះអាងថាបាញ់ដល់ទឹកដីអាមេរិក។ត្រង់នេះបានទាញឲ្យអាមេរិកមកពាក់ព័ន្ធកាន់តែខ្លាំង ហើយប្រធានាធិបតីអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងបានព្រមានគ្នាទៅវិញទៅមក ចង់ប្រកាសធ្វើសង្គ្រាមនុយក្លេអ៊ែរ។
ចំពោះក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានសម្រេចអនុម័តទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ក្នុងរួមបញ្ចូលការហាមឃាត់ការនាំចេញនិងនាំចូលទំនិញសំខាន់ៗជាមួយកូរ៉េខាងជើង។ពិសេសចិនជាប្រទេសសម្ព័ន្ធមិត្ដកូរ៉េខាងជើង ត្រូវហាមឃាត់មិនឲ្យនាំចូលធ្យូងថ្មពីកូរ៉េខាងជើង និងនាំចេញប្រេងទៅឲ្យកូរ៉េខាងជើងឡើយ។ទណ្ឌកម្មថ្មីសូម្បីរុស្ស៊ីដែលធ្លាប់វេតូក៏ប្រកាសឯកភាព ធ្វើឲ្យកូរ៉េខាងជើងកាន់តែឯកោ។តែកូរ៉េខាងជើងថាអ្វីដែលចិននិងរុស្ស៊ីធ្វើដាក់ខ្លួន ពួកគេនឹងស្ដាយក្រោយ។
បន្ដពីការព្រមានទៅវិញទៅមករវាងអាមេរិកនិងកូរ៉េខាងជើង អាមេរិកបានបង្កើនសមត្ថភាពកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ ដោយបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង នាវាមុជទឹក យន្ដហោះចម្បាំង ទៅចូលរួមសមយុទ្ធនៅឧបទ្វីបកូរ៉េជាមួយកូរ៉េខាងត្បូង។អាមេរិកបានពន្លឿនដំណើរការដំឡើងប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូងផងដែរ។ចំណែកជប៉ុនវិញបានស្ទុះស្ទាស្វែងរកទិញប្រព័ន្ធការពារមីស៊ីលបន្ថែមពីអាមេរិក ដើម្បីទុកការពារខ្លួនក្រោយកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសពីរដង។
ឥរិយាបទនេះ បានធ្វើឲ្យកូរ៉េខាងជើងក្ដៅចិត្ដកាន់តែខ្លាំង នឹងបានប្រកាសពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ សម្រាប់ទុកការពារខ្លួនពីអាមេរិកវិញ។មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនធ្លាប់ប្រកាសថាទទួលបានជោគជ័យអស្ចារ្យបំផុត ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៊ីល មិនខ្វល់ពីទណ្ឌកម្មឬការថ្កោលទោសពីអន្ដរជាតិឡើយ។ក្នុងឆ្នាំ២០១៧រឿងរ៉ាវនៅបន្ដកើតឡើងធ្ងន់ធ្ងរដដែល ប៉ុន្ដែអ្វីភ្ញាក់ផ្អើលបំផុតនោះ នៅថ្ងៃឆ្លងឆ្នាំ២០១៧ចូលឆ្នាំ២០១៨ លោកគីម ជុងអ៊ុនបែរបង្ហាញឥរិយាបថទន់ភ្លន់។
លោកគីម បានថ្លែងសារអបអរឆ្នាំថ្មី ក្នុងនោះលោកបានបង្ហាញជំហរចង់ចរចាជាមួយកូរ៉េខាងត្បូង ស្របពេលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ ចាប់ផ្ដើមពីថ្ងៃទី០៩ដល់២៥កុម្ភៈឆ្នាំ២០១៨។កូរ៉េខាងត្បូងនិងអាមេរិកផងគ្រាន់តែលឺបែបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង ដ្បិតកន្លងមកមានការស្នើសុំឲ្យកូរ៉េខាងជើងវិលចូលតុចរចាប៉ុន្ដែគ្មានការអើពើ។កូរ៉េខាងត្បូងប្រកាសស្វាគមន៍ ហើយបានកំណត់ពេលជួបគ្នានៅថ្ងៃទី០៩មករានេះ។ជាលទ្ធផលកិច្ចជំនួបបានធ្វើឡើងតាមការកំណត់ ហើយកូរ៉េខាងជើងបានព្រមព្រៀងបញ្ជូណគណៈប្រតិភូ អត្ដពលិក អ្នកគាំទ្រនិងអ្នកសារព័ត៌មានទៅចូលរួមព្រឹត្ដិការណ៍កីឡានេះទៀតផង។
តាមរយៈកិច្ចពិភាក្សាជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំនេះ កូរ៉េខាងត្បូងរំពឹងអាចរឹតចំណងមិត្ដភាពឡើងវិញ ហើយអាចដោះស្រាយវិបត្ដិជាប់គាំងជាមួយគ្នាបាន។ចំណែកអាមេរិក ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថាលោកចង់ជួបដោយផ្ទាល់ជាមួយលោកគីម ជុងអ៊ុន។
ការព្រមចរចាជាមួយកូរ៉េខាងត្បូង អ្នកតាមដានស្ថានការណ៍ធ្លាប់និយាយថា កូរ៉េខាងជើងគ្រាន់ចង់បានឱកាសចូលរួមក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាអូឡាំពិកប៉ុណ្ណោះ។មិនទាន់ទុកចិត្ដបានទេថាកូរ៉េខាងជើងព្រមចរចាទាក់ទងនឹងការរំលាយចោលកម្មវិធីនុយក្លេអែរ និងការចរចាដោះស្រាយបញ្ហាជាប់គាំងផ្សេងៗទៀត។ក្រុមអ្នកវិភាគបន្ដថា កូរ៉េខាងជើងបានប្រកាសទទួលជោគជ័យការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រឿងអីដែលគេព្រមរំលាយចោលទៅវិញ វាពិតជាមិនងាយស្រួលឡើយ។ចំណុចសំខាន់មួយទៀត កូរ៉េខាងជើងចង់ប្រើការចរចាជាមួយកូរ៉េខាងត្បូង ដើម្បីកាត់ផ្ដាច់ទំនាក់ទំនងរបស់អាមេរិកជាមួយកូរ៉េខាងត្បូង។កូរ៉េខាងជើងធ្លាប់ប្រកាសសុំកុំឲ្យកូរ៉េខាងត្បូងបន្ដសហការជាមួយអាមេរិក បើចង់ដោះស្រាយបញ្ហា។កូរ៉េខាងជើងថាលទ្ធផលយ៉ាងណា គឺស្ថិតលើការប្រឹងប្រែងរបស់ភាគីកូរ៉េទាំងពីរប៉ុណ្ណោះ។
បើសិនជាយុទ្ធសាស្ដ្ររបស់កូរ៉េខាងជើងយ៉ាងនេះមែន កូរ៉េខាងត្បូងក៏ពិបាកបន្ដិចដែរ ដ្បិតត្រូវពិចារណាពីផលប្រយោជន៍ជាមួយកូរ៉េខាងជើងផង និងផលប្រយោជន៍ជាមួយអាមេរិកដែលមិនអាចខ្វះបានផង។កូរ៉េខាងជើងមិនបានខ្វល់ខ្វាយពីការដាក់ទណ្ឌកម្ម ឬការគំរាមកំហែងណាមួយទេ ហេតុនេះបើមិនត្រូវចិត្ដកូរ៉េខាងជើងអាចផ្ដាច់ការទាក់ទងជាថ្មី ជាមួយកូរ៉េខាងត្បូងក៏ថាបាន។អ្នកវិភាគនៅតែមិនទាន់ជឿជាក់បាន១០០ភាគរយថា កូរ៉េខាងជើងព្រមចរចាជាមួយកូរ៉េខាងត្បូងដើម្បីបញ្ចប់វិបត្ដិរ៉ាំរ៉ៃ ព្រោះនៅពេលនេះកូរ៉េខាងជើងក៏មិនទាន់មានផែនការអ្វីជួបជាមួយកូរ៉េខាងត្បូង ក្រៅតែពីកិច្ចពិភាក្សាបញ្ចូនគណៈប្រតិភូ អត្ដពលិកទៅចូលរួមប្រកួតកីឡាអូឡាំពិក។
ដូច្នេះតើកូរ៉េខាងជើងអាចបន្ទន់ឥរិយាបថបានកម្រិតណា?តើកូរ៉េខាងត្បូងអាចទទួលលទ្ធផលវិជ្ជមានអ្វីខ្លះ?