ចិន​បារម្ភ​ពី​មហន្តរាយ​ដល់​បរិស្ថាន បើ​នាវា​អ៊ីរ៉ង់​ផ្ទុះ​លិច ​ធ្លាយ​ប្រេង​ចូលក្នុង​សមុទ្រ​

09-01-2018 2:55 pm 526

​ប្រសិនបើ​ប្រេង​ផ្ទុក​នៅក្នុង​នាវា ឆេះ​អស់​មុននឹង​នាវា​លិច​ចូលទៅក្នុង​សមុទ្រ នោះ​វា​នឹង​ល្អ​ជាង​នាវា​លិច​ទាំង​ប្រេង​មិនទាន់​ឆេះ​អស់​។ ប្រសិនបើ​នាវាផ្ទុះ ​លិច ហើយ​ប្រេង​លេច​ធ្លាយ​ទៅក្នុង​សមុទ្រ នឹង​បង្ក​ផល​លំបាក​ដល់​ការសម្អាត ហើយ​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដែល​អាច​សម្លាប់​ជីវិត រុក្ខជាតិ និង​សត្វ​ក្នុង​សមុទ្រ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​យ៉ាងណា​មកទល់នឹង​ថ្ងៃ​អង្គារ​នេះ នាវា​នៅ​បន្ត​ឆាបឆេះ​លើ​ផ្ទៃ​ទឹក​នៅឡើយ​។ សម្រាប់​ចិន​វិញ បាន​បញ្ជូន​កប៉ាល់ ដែលមាន​ផ្ទុក​សម្ភារ​មួយចំនួន​ដូចជា ម៉ាស​និង​សម្លៀកបំពាក់​ការពារ ទៅកាន់​កន្លែងកើតហេតុ ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ចិន ដើម្បី​ត្រៀម​ទប់​ប្រេង​ដែល​លេច​ធ្លាយ​។​

​នាវា​ដឹក​ប្រេង​មួយគ្រឿង​របស់​អ៊ីរ៉ង់ មាន​ឈ្មោះថា​Sanchi បាន​ផ្ទុះ​ឆេះ បន្ទាប់ពី​បុក​ជាមួយ​នាវា​ដឹក​ជំនិញ​មួយគ្រឿង​ផ្សេងទៀ​តរប​ស់​ហុងកុង​។ ឧបទ្ទវហេតុ នាវា​បុក​គ្នា​នេះ​កើតឡើង​នៅពេល នាវា​អ៊ីរ៉ង់​ផ្ទុក​ប្រេង​១១៦ ០០០​តោន ធ្វើដំណើរ​ដឹកជញ្ជូន​ប្រេង ឲ្យ​ក្រុមហ៊ុនមួ​យនៅប្រទេស​កូរ៉េខាងត្បូង​។  ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៦​មករា ហើយ​ភ្លើង​បាន​បន្ដ​ឆាបឆេះ​រហូតដល់​ថ្ងៃទី​៩​មករា បណ្ដា​លឲ្យមនុស្ស​៣២​នាក់​បាត់​ខ្លួន​។ ក្រោយ​កើតហេតុ​ក្រុម​ជួយសង្គ្រោះ​ចិន ក៏បាន​សាកល្បង​ចូលទៅ​ជួយសង្គ្រោះ មនុស្ស​៣២​នាក់​នោះដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​មិនអាច​យកឈ្នះ​លើ​ផ្សែង​ពុល​ខ្មៅ​ងងឹត​បាន​។​

​រហូតមកទល់​នឹង​ថ្ងៃ​អង្គារ​នេះ ជនរងគ្រោះ​៣២​នាក់ រួមមាន​ជនជាតិ​អ៊ីរ៉ង់​៣០​នាក់ និង​បង់​ក្លា​ដែស​២​នាក់ នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ដោយឡែក​នាវា​ដឹកទំនិញ​ហុងកុង​រង​ការខូចខាត ហើយ​មនុស្ស​២១​នាក់​នៅលើ​នាវា​ត្រូវបាន​ជួយសង្គ្រោះ​ទាំងអស់​។ ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ មិនទាន់មាន​ការ​បញ្ជាក់ទេ​។​

​កាលពី​ថ្ងៃអាទិត្យ យន្តហោះ​កងទ័ពជើងទឹក​អាមេរិក ក៏បាន​ចូលរួម​នៅក្នុង​ការ​ស្វែង​ដែរ មុននឹង​ត្រឡប់​ទៅ​មូលដ្ឋាន​ទ័ពអាកាស Kadena នៅ​អូ​គី​ណា​វ៉ា​ប្រទេស​ជប៉ុន​វិញ​។ នាវា​យាមល្បាត​ឆ្នេរសមុទ្រ​មួយ​របស់​កូរ៉េខាងត្បូង ក៏​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ស្វែងរក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត