វិធី​ដាំ​ប្រពាយ​នៅក្នុង​ផើង​ងាយៗ​

09-01-2018 12:20 pm 2901

ប្រពាយ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Wing Bean ។ វា​គឺជា​ប្រភេទ​ដំណាំ​ម្យ៉ាង ក្នុង​អម្បូរ​រុក្ខជាតិ​វល្លិ ដែល​អាច​លូតលាស់​ប្រវែង​ពី​៣ ទៅ​៤​ម៉ែត្រ អាស្រ័យ​លើ​ទ្រើង ពូជ និង​ការថែទាំ ។ ប្រពាយ​ច្រើន​ដុះ​លូតលាស់​ភាគច្រើន នៅក្នុង​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ ហើយ​សើម ។​

​ផ្លែ​របស់​វា​មាន​សណ្ឋាន​ជា​ជ្រុង មាន​ជាយក្រែង តាម​ជ្រុង​នី​មួយៗ អង្កា​ញ់ៗ ។ នៅពេល​ផ្លែ​ទុំ វា​នឹង​ប្រេះ​បែក​បង្ហាញឱ្យឃើញ​គ្រាប់​នៅ​ខាងក្នុង មាន​ទំហំ​ប៉ុនៗ​គ្រាប់​សណ្តែកសៀង ហើយ​ផ្កា​របស់​វា​មាន​ពណ៌​ខៀវ​ស្វាយ ។​ ​ប្រពាយ ជា​រុក្ខជាតិ​បន្លែ​មួយ​ប្រភេទ ដែល​ពុំ​ទាមទារ​ឱ្យ​យើង​ដាក់​ជី​ច្រើន​ឡើយ វា​ត្រូវការ​ជី​តិចតួច​ណាស់ ព្រោះ​វា​អាច​បឺត​ស្រូប​សារជាតិ​ចិញ្ចឹម​ពី​ក្នុង​ខ្យល់​បាន​ដោយ​ខ្លួនឯង ។​

​ការរៀបចំ​ដាំ​ដុះ ៖
- ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​និង​ជ្រៅ​ល្មម​
- ដី​មាន​ជីជាតិ មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ដី​ធូរ អាច​ជ្រាប​ទឹក​បាន​ល្អ​
- គ្រាប់ពូជ​ប្រពាយ​
- កម្ទេច​ចំបើង​
- កំណាត់​ឫស្សី​

​ការដាំដុះ ៖
- លាង​សម្អាត​ផើង​ដំណាំ និង​ហាល​កម្តៅ​ព្រះអាទិត្យ​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​
- ចាក់​ដី​ចូល​ផើង​ដំណាំ ហើយ​ទុក ហាល​ដី​ចោល​ឱ្យ​ចំ​កម្តៅ​ព្រះអាទិត្យ​១-២​ថ្ងៃ​
- យក​គ្រាប់​ពូជ​ប្រ​ពាយ កប់​ក្នុង​ជម្រៅ​ប្រមាណ​២​ស​.​ម ហើយ​រោយ​ដី​គ្រប​វិញ 
- យក​ចំបើង​ដាក់​គ្រប​ដី បន្ទាប់​ពី​ដាំ​គ្រាប់ពូជប្រពាយ​រួចរាល់ ដើម្បី​រក្សា​សំណើម និង​ធ្វើឱ្យ​គ្រាប់ពូជ​ឆាប់​លូតលាស់​បានល្អ​
- បន្ទាប់មក ត្រូវ​យក​ទឹក​ស្រោច​ឱ្យ​ជោគ​ភ្លាមៗ​
- រក្សាទុក​ផើង​ដំណាំ​នៅក្នុង​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ និង​ត្រូវ​ខ្យល់​គ្រប់គ្រាន់​

​ការថែទាំ ៖
- ត្រូវ​បន្ត​ស្រោចស្រព​ដំណាំ​ប្រ​ពាយ ឱ្យ​មាន​សំណើម​ជានិច្ច តែ​កុំ​ជោគជាំ​ទឹក ២​ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្តង ល្ងាច​ម្តង​
- នៅពេល​ប្រពាយ​ដុះ​លូតលាស់ ត្រូវ​យក​កំណាត់​ឫស្សី មក​ធ្វើជា​ទ្រើង​ដើម្បីឱ្យ​ព្រះពាយ​អាច​តោង វា 
- ឧស្សាហ៍​បោចស្មៅ និង​ជ្រុំដី ដើម្បី​ធ្វើឱ្យ​ដី​ធូរ និង​សម្លាប់​ទីជម្រក​សត្វល្អិត​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត