ប្រជាពលរដ្ឋ​សូមកុំ​ភ្ញាក់ផ្អើល បើ​ឃើញ​ការ​ចល័ត​ទ័ព​នៅ​យប់​នេះ

09-01-2018 10:45 am

​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ សូម​កុំ​មាន​ការភ្ញាក់ផ្អើល នៅពេល​ឃើញ​មានការ​ចល័ត​កងទ័ព ចូល​ក្រុងភ្នំពេញ នៅ​យប់​រំលង​អាធ្រា​ត ថ្ងៃទី​១០ មករា​។ ជាការ​ចល័ត​យុទ្ធោបករណ៍ (​គ្រឿង​សព្វាវុធ​និង​សម្ភារ​សឹក​) នៃ​កងយោធពល​ខេមរភូមិន្ទ ទៅ​កាន់​មជ្ឈមណ្ឌល កោះ​ពេជ្រ ដើម្បី​ដាក់​តាំង​ពិ​ព័​រណ៌​បង្ហាញ ដល់​សាធារណជន ក្នុងឱកាស នៃ​ការប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ​។​

​សេចក្តីជូនដំណឹង បានបញ្ជាក់​ថា ការ​ចល័ត​យុទ្ធោបករណ៍​នេះ ចែកចេញ​ជា​ពី​គោលដៅ​។ គោលដៅ​ទី​១ នឹង​ធ្វើ​ចេញពី​កងពល​តូច​ថ្មើរជើង​លេខ​៧០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវវេង​ស្រេង មហាវិថី​ម៉ៅ​សេទុង ឆ្ពោះ​មក​វិថី​សម្តេច​សុធា​រស ហើយ​ឆ្លង​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ គោលដៅ​ទី​២ ចល័ត​ចេញពី​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​២១ កាត់​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម ហើយ​ឆ្ពោះទៅ​វិថី​សម្តេច​សុធា​រស រួច​បន្ត​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕​ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត