មន្ត្រី​បក្ស​​កាន់អំណាច ​ចាត់ទុក​​លិខិត ​លោកមា​ជ សុវណ្ណារ៉ា ​ជា​អន្ទាក់​​នយោបាយ​​

08-01-2018 3:29 pm
លោកមាជ សុវណ្ណារ៉ា និងលោកសុខ ឥសាន

​លោកមា​ជ សុវណ្ណារ៉ា មន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ​ជូនពរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​ថ្ងៃទី ៥ មករា​ដែល​បានបង្ហាញ​នូវ​ចេតនា​ចង់បាន​ការអនុគ្រោះ​ឲ្យមាន​សេរីភាព​ក្នុងសង្គម​វិញ​។​

តាមរយៈ​លិខិត​នោះ មជ្ឈដ្ឋាន​នានា​រំពឹងថា នឹងមាន​តម្រុយ​ល្អ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ឬ នៅក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​៧​មករា លើក​ទី​៣៩ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​ផ្ទុយស្រឡះ រហូត​មល​ដល់ពេលនេះ អ្វីៗ​គឺ​មិនមាន​ការប្រែប្រួល​សោះឡើយ​។ 

​ក្នុង​លិខិត​របស់​លោកមា​ជ សុវណ្ណារ៉ា បាន​ប្រៀបធៀប​រូបលោក និង​អ្នក​ជាប់ឃុំ​ជាមួយគ្នា ១៤ នាក់​ទៀតថា​ជា​អ្នកទោស​មនសិការ​រស់នៅ​ក្នុង​គុក​ដ៏​ងងឹត បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​តាម​ជួយ​ថែរក្សា និង​ជ្រោមជ្រែង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា​។​សារ​នេះ ត្រូវបាន​គេ​ដឹងថា ធ្វើឡើង​ក្នុង​គោលបំណង​សុំឲ្យ​មាន​ការលើកលែង​ទោស​។​

​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានចាត់ទុក​លិខិត​លោកមា​ជ សុវណ្ណារ៉ា ថា​មិនមាន​ចេតនា​ល្អ​ស្របតាម​មនោសញ្ចេតនា​ពិតប្រាកដ​ទេ តែ​ជា​អន្ទាក់​នយោបាយ ដែល​ចង់​ចោទ​រដ្ឋាភិបាល ដោយ​ហៅ​ខ្លួនឯង​ថា ជា​អ្នកទោស​មនសិការ​......

សំឡេង​លោក​សុខ ឥសាន​៖

​លោក​សុខ ឥសាន បញ្ជាក់​ហើយ បញ្ជាក់ទៀតថា កម្ពុជា អត់​មាន​អ្នកទោសនយោបាយ ឬ​អ្នកទោស​មនសិការ​នោះទេ​។​ដូច្នេះ កុំ​ចេះតែ​ដាក់​កំហុស​មកលើ​រដ្ឋាភិបាល​។​តែ​នៅពេល​សួរថា ចុះបើ​លោកមា​ជ សុវណ្ណារ៉ា សរសេរ​លិខិត​ថ្មី ទទួល​សារភាព​កំហុស​ទាំងអស់ ហើយ​សុំឲ្យ​មាន​លើកលែងទោ​សវិញ​? លោក​សុខ ឥសាន​ថា នេះ​ជា​រឿង​ផ្សេង​មួយទៀត ប៉ុន្តែ​ត្រូវ​ពិនិត្យ​ទៅតាម​នីតិវិធី​....

​សំឡេង​លោក​សុខ ឥសាន​៖

​ចំណែក​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយរូប​នៅ​កម្ពុជា យល់ថា លិខិត​បែបនេះ នឹងមិន​អាចជួយ​ឲ្យ​លោក សុវណ្ណារ៉ា រួចខ្លួន​បានទេ​។ លោក​នៅតែ​ចាត់ទុក​ករណី​ខាងលើ​ជា​ករណី​នយោបាយ ហើយ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ លោក​យល់ថា រដ្ឋាភិបាល​ទុក​អ្នកទោស​មនសិកា​រទាំង​នោះ ជា​ចំណាត់​ខ្មាំង​នយោបាយ​។ ដូច្នេះ ការដោះលែង​អ្នក​ទាំងនេះ អាច​នឹង​ត្រូវធ្វើឡើង​តាម​ដំណោះស្រាយ​នយោបាយ​។​យ៉ាងណា​លោ​បន្ថែមថា ការដោះលែង​អ្នកទោសនយោបាយ គឺជា​រឿង​ដែល​គួរ​ធ្វើ​......

​សំឡេង​លោក​មាស នី​៖ ​

សូមបញ្ជាក់ថា លោកមា​ជ សុវណ្ណារ៉ា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៤ ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​រង​ការបង្ក្រាប​ពី​អាជ្ញាធរ​។​

នៅ​ខែកក្កដា​ឆ្នាំ ២០១៥ លោក​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២០ ឆ្នាំ​ពីបទ​ដឹកនាំ​កុបកម្ម ចំណែក​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១០ នាក់​ផ្សេងទៀត​ត្រូវបាន​កាត់​ឲ្យ​ជាប់​ចន្លោះ​ពី ៧ ទៅ ២០ ឆ្នាំ​ក្នុង​រឿង​ដូចគ្នា​។ នៅ​ខែឧសភា​ឆ្នាំ ២០១៦ សកម្មជន​បក្សប្រឆាំង ៣ នាក់​ទៀត​ត្រូវបាន​កាត់​ឲ្យ​ជា​ប់ម្នាក់ៗ ៧ ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះដែរ​។ កន្លងមក​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​អ្នកប្រឆាំង ចាត់ទុក​អ្នក​ទាំងនេះ​ជា​អ្នកទោសនយោបាយ​។​

​សម្រាប់​ស្ថានភាព​នយោបាយ នៅ​ដំណាក់​ការ​ចុងក្រោយ​នេះ នៅ​មិនទាន់​ឃើញ​មាន​ការប្រែប្រួល ណាមួយ គួរឲ្យ​កត់សម្គាល់ទេ​។​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្លាប់ និង​ហាម​មន្ត្រី​សំខាន់​នៃ​គណបក្ស​នេះ ចំនួន​១១៨​នាក់ មិន​ឲ្យធ្វើ​នយោបាយ ដោយ​អំណាច​សាលក្រម​តុលាការ​កំពូល ពី​ថ្ងៃ​១៦ វិច្ឆិកាមក ក្រុម​អ្នកប្រឆាំង បាន​យក​ប្រទេស​សេរី ឯនាយសមុទ្រ ជា​ទីតាំង​ឈរជើង ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​។​

​ការចាប់​មេដឹកនាំ មន្ត្រី​សំខាន់ និង​សកម្មជន​នៃ​គណបក្សប្រឆាំង ដាក់ពន្ធនាគារ បាន​បង្កើតឲ្យមាន​ប្រតិកម្ម ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​។​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ធ្លាប់បាន​លើកឡើងថា នឹងមាន​សេណារីយោ​នយោបាយ​ថ្មី កើតឡើង​នៅ​ឆ្នាំ​ថ្មី​នេះ ប៉ុន្តែ​លោក​មិនបាន​បង្ហើប​ឲ្យដឹងពី​តម្រុយ​បែបណា​ទេ ៕

ព័ត៌មានផ្សេងទៀត