វៀតណាម​បិទច្រក​ព្រំដែន៤​ ព្រោះខឹង​កម្ពុជាមិន​ធ្វើតាមសំណើ​

08-01-2018 3:03 pm 2930
រូបភាពពីFN។

ភាគីប្រទេសវៀតណាម បានជីកកាត់ផ្តាច់ និងបិទផ្លូវចេញចូល ចំនួន៤កន្លែងនៅព្រំដែន ខេត្តរតនគិរី ដោយសារនឹងខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឱ្យបើកច្រកជាផ្លូវការ។ប៉ុន្តែខាងភាគីប្រទេសកម្ពុជា បានអះអាងថា បញ្ហានេះមិនទាន់មានអីធំដុំទេ ហើយគណៈបញ្ជាការឯកភាពខេត្តរតនគិរី កំពុងតែដោះស្រាយ។ 

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ភាគីវៀតណាម បានជីកកាត់ផ្តាច់ និងបិទផ្លូវចេញចូល ចំនួន៤កន្លែងនៅព្រំដែន ស្រុកអណ្តូងមាស ខេត្តរតនគិរី ទល់នឹងខេត្តកន្ទូម វៀតណាម ដោយសារនឹងខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឱ្យបើកច្រកជាផ្លូវការ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ដោយកងទ័ពការពារព្រំដែន ប៉ុស្តិ៍លេខ៧០៣ របស់ខេត្តកន្ទូមវៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាង ប៉ុស្តិ៍ការពារព្រំដែននៃប្រទេសទាំងពីរ ត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។

បើតាមអាជ្ញាធរខេត្តរតនគិរី បានឲ្យដឹងថា ការបិទ៤ចំណុចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់ ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។

លោកគៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងវៀតណាម កាត់ផ្តាច់ច្រកព្រំដែនទាំង៤ខ្សែ នៅព្រំដែនខេត្តរតនគិរីនេះ មិនទាន់មានអីធំដុំទេ។មិនធំដុំ ដោយសារតែភាគីវៀតណាមយល់គ្នាមិនបាន ហើយគណៈបញ្ជាការឯកភាពខេត្តរតនគិរី កំពុងតែដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកងទ័ពការពារព្រំដែន ខេត្តកន្ទូម វៀតណាម បានបិទផ្លូវធ្វើដំណើរចេញចូលចូលព្រំដែន ជាមួយភាគីកម្ពុជា។កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែន ក៏ធ្លាប់បានជីកផ្តាច់ផ្លូវត្រង់បង្គោលព្រំដែនក្នុងខេត្តរតនគិរីដែរ ប៉ុន្តែត្រូវឈប់ទៅវិញ ក្រោយមានប្រតិកម្មពីភាគីកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត