DJ​ក្តឹប​លើកទឹកចិត្ត​យុវជន​ឱ្យ​ហ៊ាន​គិត​ហ៊ាន​ធ្វើ​ដើម្បី​ភាពរស់រវើក​នៃ​សិល្បៈ​តន្ត្រី​ខ្មែរ

08-01-2018 8:18 am 338

​លោក​ចាន់ សំណាង ហៅ​ឌី​ចេ​ក្តឹ​ប បាន​ចូលរួម​ចែករំលែក​ការ​តែង​និពន្ធ​បទ​ចម្រៀង បទ​ភ្លេង​នៅក្នុង​សាលា​សិល្បៈ​មួយកន្លែង ដោយ​លោក​ប្រាប់ថា ការ​តែង​និពន្ធ​គឺ​ត្រូវ​ដឹង​ច្បាស់​ទៅលើ​បី​ចំណុច ដើម្បី​ដឹង​ថា​ខ្លួន​យើង​ជា​នរណា​ជា​មុន​សិន ។ លោក​ថា ការចែករំលែក​ដល់​យុវជន និង​លើកទឹកចិត្ត ជំរុញ​យុវជន​ឱ្យ​ចាប់ផ្តើម​តែង​និពន្ធ​សិល្បៈ​ចម្រៀង និង​តន្ត្រី គឺជា​ការជួយ​លើកស្ទួយ​សិល្បៈ​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​រស់​រវើក រីកចម្រើន ។ 

ស្តាប់បទយកការណ៍ជាសំឡេង៖

​ក្នុង​បន្ទប់​សិក្ខាសាលា​មួយ ដែល​រៀបចំ​សម្រាប់​តែ​អ្នកចូលរួម​ចំនួន​២៥​នាក់ តែ​មាន​អ្នកចូលរួម​លើស​ពី​ចំនួន​កំណត់​នេះ រហូត​ទៅ​ដល់ មាន​អ្នកខ្លះ​ឈរ និង​អ្នកខ្លះ​ក៏​អង្គុយ​ផ្ទាល់​នៅ​នឹង​ឥដ្ឋ​ក៏មាន រហូតដល់​ជាង​៣០​នាក់ ដែល​មើលទៅ​ណែនណាន់តាន់តាប់​ពេញ​បន្ទប់​តែម្តង ។ បើ​តាម​ការសង្កេត​របស់ខ្ញុំ អ្នកចូលរួម​ភាគច្រើន ច្រើនតែ​ជា​យុវជន​ក្មេងៗ ហើយក៏​ជា​អ្នក​ស្រឡាញ់​សិល្បៈ​តន្ត្រី​ដែរ ។​

​ក្នុង​សំលៀក​បំពាក់​អាវយឺត​ដៃ​វែង​ពណ៌​ខ្មៅ និង​ខោ​ក្រណាត់​ពណ៌​ខៀវ​ក្រមៅ នោះ​គឺ​លោក ចាន់ សំណាង ហៅ ឌី​ចេ ក្តឹប គឺជា​អ្នក​ចែករំលែក​នៅក្នុង​កម្មវិធី​សិក្ខាសាលា​នៅ​ថ្ងៃទី​០៥ ខែ​មករា​នេះ ។ ខ្ញុំ​បាន​ចំណាយ​ពេល​ស្តាប់ នៅក្នុង​កម្មវិធី​នេះ​ប្រមាណ​ជិត​៣​ម៉ោង អ្វី​ដែល​ខ្ញុំ​បាន​កត់សម្គាល់​នោះ​គឺ លោក ចាន់ សំណាង បាន​ប្រើ​វោហារ​សព្ទ​របស់ខ្លួន ក្នុង​ការលើកទឹកចិត្ត​យុវជន​ក្នុង​សិក្ខាសាលា​ទាំងនោះ ឱ្យ​បន្ត​ធ្វើ ចាប់ផ្តើម​ធ្វើ កុំឱ្យ​ធ្លាក់​ទឹកចិត្ត ក្នុង​ការ​បន្ត​ការងារ​បម្រើ និង​លើកស្ទួយ​សិល្បៈ​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​រស់​រវើក ។​

​ខ្ញុំ​បាន​រង់ចាំ​រហូត​ទាល់តែ​កម្មវិធី​សិក្ខាសាលា​នេះ​ចប់​ជា​ស្ថាពរ ដើម្បី​ជួប​សុំ​គាត់​សម្ភាសន៍ អំពី​ការចែករំលែក ការ​តែង​និពន្ធ​នៅក្នុង​កម្មវិធី​នេះ ។​

​លោក​ចាន់ សំណាង​ប្រាប់​ខ្ញុំ​អំពី​ការ​តែង​និពន្ធ​ថា ការនិពន្ធ​គឺ​កើតចេញ​ពី​ទេពកោសល្យ ជាមួយនឹង​ការ​មុជ​ចូល​ឱ្យ​ស៊ីជម្រៅ​ទៅ​លើ​ជំនាញ ។​

​សិល្បៈករ​ដែល​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី និង​តែង​និពន្ធ​ជា​ង​១០​ឆ្នាំ រូបនេះ បាន​ប្រាប់​ខ្ញុំ​ទៀត​ថា ដើម្បី​ឱ្យ​យុវជន​អាច​ដឹង និង​ចាប់​ប្រឡូក​ចូល​ក្នុង​ការ​តែង​និពន្ធ​ចម្រៀង តន្ត្រី​បាន ដំបូង​គឺ​ត្រូវ​ដឹង​ពី​៣​ចំណុច​សំខាន់ៗ​ជាមុនសិន ទី​មួយ​គឺ តើ​តន្ត្រី​ប្រភេទ​ណា​ដែល​ខ្លួន​ឯង​ស្រឡាញ់​? ទី​ពីរ សូរ​សំឡេង​ចម្រៀង​របស់​អ្នកចម្រៀង​ណា​ដែល​យើង​ស្រឡាញ់ និង​ទី​បី អ្នកនិពន្ធ​ណា​ដែល​និពន្ធ​ឱ្យ​តារា​ចម្រៀង​ទាំងនោះ​? លើសពីនេះទៅទៀត គឺ​យើង​ត្រូវ​ដឹង​ពី​អត្តសញ្ញាណ​តន្ត្រី​របស់ខ្លួន និង​សាសន៍​ដទៃ ដូចជា រាំវង់ ខោ​ន​ទ្រី (Country)​លុក​ធុង អី​ជាដើម​…
​សំឡេង​លោក​ចាន់ សំណាង ៖

​តារាចម្រៀង និង​និពន្ធ​មិន​ប្រកាន់ខ្លួន​រូបនេះ បន្ត​ប្រាប់​ខ្ញុំ​ថា អ្នកនិពន្ធ​ថ្មីៗ​ស្រករ​ក្រោយនេះ គួរតែ​ព្យាយាម ចាប់ផ្តើម​ធ្វើ​ជា​មុន បង្កើត​ស្នាដៃ និង​ផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន តាមរយៈ​ហ្វេ​សប៊ុក ឬ​យូ​ធូប​ជាដើម ដើម្បីឱ្យ​គេ​បាន​ស្គាល់ និង​ឃើញ​ពី​ស្នាដៃ​…
​សំឡេង​លោក​ចាន់ សំណាង ៖

​លោក​ចាន់ សំណាង ដែល​មាន​ងារ​ជា​ឌី​ចេ​ក្តឹ​ប រូប​នេះ​បញ្ជាក់​អះអាង​ប្រាប់​ខ្ញុំ​បន្តថា យើង​គួរតែ​ព្យាយាម​ធ្វើ ម្តង​ហើយ ម្តងទៀត មួយ​ហើយ មួយទៀត រហូត​យល់ និង​ស្គាល់​ខ្លួនឯង​ថា​ជា​នរណា និង​ស្ទាត់​ទៅលើ​ចំណុច​ណាមួយ រហូត​ក្លាយជា​ជំនាញ ។ គាត់​ប្រាប់​ខ្ញុំ​ទៀត​ថា សង្គម​ទាំងអស់​នៅលើ​ពិភពលោក គឺ​ត្រូវការ ការបង្ហាញ​ពី​អ្វី​ដែល​មាន​ចំណាប់អារម្មណ៍ ដូច្នេះហើយ យើង​ត្រូវ​បង្រៀន​ខ្លួន​យើង​ឱ្យ​យល់ និង​ដើរ​ឱ្យ​ដល់​គោលដៅ​ដោយ​ខ្លួនឯង ។​

​លោក​ប្រាប់​ខ្ញុំ​ថា ការនិពន្ធ​គឺ​ត្រូវ​ទាមទារ​ឱ្យ​មាន​អ្នក​ស្តាប់ ដែល​ទាំងនេះ អ្នកនិពន្ធ​ត្រូវ​ស្វែងយល់​ពី​គោលដៅ​របស់​ខ្លួន និង​ចំណេះដឹង​ទូទៅ​ផ្សេងៗ​…
​សំឡេង​លោក​ចាន់ សំណាង ៖

​លោក​ចាន់ សំណាង លើកទឹកចិត្ត​ឱ្យ​យុវជន​ជំនាន់​ក្រោយៗ ត្រូវ​ហ៊ាន​គិត ហ៊ាន​ធ្វើ ។ ធ្វើយ៉ាងណា​ឱ្យ​ផលិត​ចេញ​ជា​បទ​ចម្រៀង​ឱ្យចេញ​ជាមុន​សិន​ហើយ​ចាប់ផ្តើម​ផ្សព្វផ្សាយ បន្ត​ទៀត​គឺ​ត្រូវ​ធ្វើ​ទៀត ធ្វើ​ហើយ​ធ្វើ​ទៀត រហូត​មាន​គេ​ទទួលស្គាល់​ស្នាដៃ ហើយ​យើង​ខ្លួនឯង​ក៏​ចាប់ផ្តើម​ស្គាល់​ខ្លួនឯង​ថា​ជា​នរណា ។​

​យ៉ាងណាម៉ិញ លោក​ចាន់ សំណាង អះអាង​ប្រាប់​ខ្ញុំ​ថា​ការលើកទឹកចិត្ត​យុវជន​ឱ្យធ្វើ គឺ​ពិត​ជា​សំខាន់ សំខាន់​ត្រង់​ថា បាន​ជួយ​រុញ​ឱ្យ​យុវជន​បាន​ស្គាល់​ឱ្យ​ប្រាកដ​ថា​អ្វី​ជា​របស់​ជាតិ​សាសន៍​ខ្មែរ អ្វី​ជា​របស់​សាសន៍​ដទៃ​ឱ្យ​បាន​ច្បាស់ ពិសេស​នោះ​គឺ ជំរុញ​សិល្បៈ​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក និង​រីកចម្រើន  ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត