ពាក្យ​​«​អន្លង់​អន្លោ​ច ​និង ​លន្លង់លន្លោច​»​

07-01-2018 2:56 pm 738

​ជាទូទៅ រាល់​ការប្រើប្រាស់ ពាក្យ​នេះ ហាក់​មិនត្រូវ​តាម ន័យរ​បស់ពាក្យ​នោះទេ​។​ពាក្យ​«​លន្លង់លន្លោច »​ប្រើ​ក្នុងន័យ​ដែល ស្រងេះស្រងោច​…​តែ​បែរជា​ឃើញ​មនុស្ស​ជាច្រើន និយាយ និង​សរសេរ​ជា​«​អន្លង់អន្លោ​ច​»​ទៅវិញ​។​ពាក្យ​«​អន្លង់​» និង​ពាក្យ​«​លន្លង់​» មានន័យ​ខុសគ្នា​ដាច់ស្រឡះ​តែម្តង​។​

​វចនានុក្រម​ខ្មែរ​ពន្យល់ថា «​អន្លង់​» គឺជា​ឧទកដ្ឋាន ដែលមាន​ជម្រៅ អាចឲ្យ​លង់បាន គឺ​ទី​ដក់​ទឹក​ត្រង់​ដែល​ជ្រៅ​ជាងគេ ក្នុង​ទន្លេ ស្ទឹង បឹង​ជាដើម​។​

​ឧទាហរណ៍​៖ លិច​ទូក​ក្នុង​បឹង​ត្រង់​អន្លង់​………..

_​អន្លង់​កាម គឺ​កាម​ដែល​ទុកដូចជា​អន្លង់​(​ព្រោះ​អាច​ញ៉ាំង​សត្វ ឲ្យ​លិ​ចលង់បាន​)​។ អន្លង់​និយាយ ដោយ ពាក្យ​ប្រៀបធៀប មាន​៤​យ៉ាង​គឺ «​អន្លង​កាម​,​អន្លង់​ភព​,​អន្លង់​ទិដ្ឋិ​,​អន្លង់​អវិជ្ជា​»​។ ធ្លាក់​ក្នុង​អន្លង់ គឺ​ធ្លាក់​ក្នុង សេចក្តី​វិនាស​។​…………….

​ចំណែក ឯ​ពាក្យ​«​លន្លង់​» មានន័យថា ឆ្ងាយ​សន្លឹម ស្រងាត់​,​ឆ្ងាយ​លន្លង់ ដែល​ពាក្យ​នេះ​ច្រើន​និយាយ ផ្សំ​នឹង​ពាក្យ​«​លន្លោច​» គឺ​«​លន្លង់លន្លោច​» លន្លង់​គួរឲ្យ​លន្លោចចិត្ត​។ ចិត្ត ដែល​ស្រងេះស្រងោច ព្រោះ​ឃើញ​វាល​ធំធេង​សន្លឹម ឬ​ឃើញ​ទី​ប្លែក​ចិត្ត​។​

​ឧទាហរណ៍​៖​ចិត្ត​លន្លង់លន្លោច ជាដើម​។​

​ពាក្យ​«​លន្លោច​» មានន័យថា ដែល​នឹក​សង្វេគ​ស្រងោច​ចិត្ត ឬ​ដែល​ស្រ​ងេះ ស្រងោច ដែល​ព្រួយ​ចំបែង​សង្រេង​ចិត្ត ចិត្ត​លន្លោច ឬ​លន្លោចចិត្ត​។​

ដូច្នេះ តាមន័យ​ដូច​បាន​ពន្យល់​ខាងលើ ក្នុងន័យ​ស្រងេះស្រងោច​,​អារម្មណ៍​គិត​វែងឆ្ងាយ ……​គឺ​ត្រូវ​ប្រើពាក្យ​ថា​«​លន្លង់លន្លោច​» មិនមែន​«​អន្លង់​អន្លោ​ច​» ទេ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យ ទំព័រ​១០៩៣ និង​១៦៤០)

ព័ត៌មានផ្សេងទៀត