កុំបួសចង់ស្រណុក​ទុកចោល​ការសិក្សា

07-01-2018 2:23 pm 2777
ព្រះសង្ឃកំពុងរៀននៅក្នុងពុទ្ធិកសិក្សា។

ដូនតាខ្មែរធ្លាប់បានលើកឡើងថា អ្នកដែលបានបួសក្នុងព្រះពុទ្ធសាសនា គឺជាមនុស្សមានចំណេះដឹងជ្រៅជ្រះ ព្រោះលោកមានពេលសិក្សាច្រើនពីធម៌វិន័យរបស់ព្រះពុទ្ធ។ដួច្នេះហើយ បានជា ឱពុកម្តាយខ្លះ អប់រំកូនចៅឲ្យគោរពតាមវិន័យរបស់ព្រះពុទ្ធ ដោយពួកគេយល់ថា «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ» ។ប៉ុន្តែបច្ចុប្បន្នជំនឿនេះ ត្រូវបានគេមើលឃើញថា ហាក់មានការធ្លាក់ចុះ។តើមានមូលហេតុអ្វី?

ការបួសក្នុងព្រះពុទ្ធសាសនា ពិតជាមានសារសំខាន់ណាស់។សំខានពីព្រោះថា ធម៌វិន័យរបស់ព្រះពុទ្ធ បានជួយអប់រំមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អ សម្រាប់រស់នៅក្នុងសង្គម។ ជាទូទៅ អ្នកបួស គឺមានឱកាស និងពេលវេលាច្រើន ដើម្បីសិក្សារៀនសូត្រគ្រប់មុខវិជ្ជា ទោះអ្នកបួសនោះ ជាកូនអ្នកស្រែចម្ការ ក្រីក្រក្តី។ តាមរយៈការសិក្សា ទាំងធម៌វិន័យ និងសិក្សាពីខាងក្រៅ អាចកែប្រែពីមនុស្សមិនល្អ ក្លាយជាមនុស្សល្អសម្រាប់សង្គម។ម្លោះហើយ បានជានៅបណ្តាប្រទេសមួយចំនួន គេមានច្បាប់ទម្លាប់ ដើម្បីឲ្យមនុស្សប្រុស បានបួសរៀនក្នុងព្រះពុទ្ធសាសនា ហើយក្រោយពីសិកមកវិញ ត្រូវបានគេប្រសិទ្ធនាមថាជា«អន្ទិត» ដែលចាស់បូរាណថា«បណ្ឌិត»។នេះបើតាមវចនានុក្រម សម្ដេចសង្ឃ ជួន ណាត ទំព័រ ៥៤៤។

ដោយសារតែការអប់រំក្នុងព្រះពុទ្ធសាសនា ដើរតួនាទីសំខាន់ក្នុងសង្គមយ៉ាងដូច្នះហើយ ទើបបានជារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ជូល ព្រះពុទ្ធសាសនា ជាសាសនារបស់ដ្ឋ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៤៣។ តែយ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងសង្គមខ្មែរ គេសង្កេតឃើញថា តម្លៃរបស់ព្រះពុទ្ធសាសនា និងការអនុវត្តធម៌វិន័យរបស់ព្រះភិក្ខុសង្ឃធ្លាក់ចុះ។ ការធ្លាក់ចុះនូវនេះ បានបណ្តាលឲ្យសីលធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរមួយចំនួន កំពុងតែបាត់បង់ផងដែ។

មូលហេតុអ្វីបានជាធ្លាក់ចុះ? ចម្លើយអាចបណ្តាលមកពី ព្រះភិក្ខុសង្ឃ និងសាមណេរមួយចំនួន ប្រព្រឹត្តប្រាសចាកធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ និងយកតួនាទីរបស់ព្រះពុទ្ធសាសនា បោកប្រាស់ពុទ្ធសាសនិក ធ្វើឲ្យជាប់ជាទោសទណ្ឌ ឬបទឧក្រិដ្ឋដទៃទៀត។សកម្មភាពនេះ បានជះផលឥទ្ធិពលអាក្រក់ ដល់ព្រះភិក្ខុសង្ឃដទៃទៀត ជាអ្នកបួសត្រឹមត្រូវ។

មួយវិញទៀត ការធ្លាក់ចុះនេះ ក៏អាចមកពីការហូរចូលនៅសម្ភារទំនើបៗ និងវប្បធម៌ពីខាងក្រៅ ស្របពេលសង្គមខ្មែរ កំពុងតែឲ្យតម្លៃលើវត្ថុទាំងអស់នោះ។ដូច្នេះ ចង់មិនចង់ ភិក្ខុសង្ឃ និងសាមណេរមួយចំនួន បានគ្រវែងចោលនូវ សៀវភៅធម៌ សិក្សាវិន័យ និងមុខវិជ្ជាមួយចំនួន ហើយមកចាប់វត្ថុទំនើប។ព្រះភិក្ខុសង្ឃ និងសាមណេរខ្លះ ហ៊ានរហូតប្រព្រឹត្តខុសវិន័យ ដើម្បីយកប្រាក់ទៅទិញសម្ភារទំនើបទាំងនោះក៏មាន ហើយខ្លះទៀតប្រើប្រាស់ក្នុងផ្លូវខុសជាដើម។

ចំណែកឬសគល់សំខាន់មួយទៀត គឺការគ្រប់គ្រោងនៅតាមវត្តអារាម។វត្តអារាមខ្លះ ដូចជាមិនបានឲ្យតម្លៃទៅការអប់រំទេ តែបែបជានាំគ្នាកសាង មហាកុដិធំៗស្កឹមស្កៃ ដើម្បីស្នាក់នៅទៅវិញ។យើងអង្កេតឃើញថា នៅក្នុងវត្តហាក់មិនបានរៀបចំឲ្យមានបណ្ណាល័យ ឬទិញសៀវភៅល្អដាក់វត្ត ទុកឲ្យពលរដ្ឋគ្រប់វ័យអានឡើយ។ រីឯពុទ្ធិកសិក្សានៅក្នុងវត្តអារាមខ្លះវិញ មិនបានរៀបចំឲ្យត្រឹមត្រូវតាមគរុកោសល្យ ពោលគឺរៀបចំឡើង ដើម្បីជានាមឲ្យគេមើលឃើញថា ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល ។តាមការអះអាងពីព្រះសង្ឃខ្លះ ក្នុងការរៀបចំពុទ្ធិកសិក្សា និងរៀបចំម៉ោង សិក្សាក៏មានប្រព្រឹត្តអំពើពុករលួយ តាំងពីថ្នាក់លើនិងថ្នាក់ក្រោមផងដែរ។

សរុបរួមមកវិញ ការចូលបួសក្នុងព្រះពុទ្ធសាសនា គឺមានសារសំខាន់ណាស់ ប្រសិនបើអ្នកបួល ចេះប្រើប្រាស់ពេលវេលាត្រឹមត្រូវ និងឲ្យចំណុចដែលសង្គមត្រូវការ។ព្រោះថា ការសង្កត់ធ្ងន់លើការសិក្សា ជាងឲ្យតម្លៃលើលាភសក្ការៈ អាចជួយឲ្យអ្នកបួស ជោគជ័យនៅថ្ងៃណាមួយ តាមការខិតខំប្រឹងប្រែងរបស់ខ្លួន និងបានចូលរួមជួយសង្គមតាមរយៈការអនុវត្តច្បាប់។

ចំណែកឯក្រសួងធម្មការ និងសាសនា គួរតែពិនិត្យចំប្រព័ន្ធគ្រប់គ្រងជាថ្មី ឲ្យបានជាក់លាក់ជាងមុន ទៅលើវត្តអារាមនៅទូទាំងប្រទេស ដោយមិនរង់ចាំស្តាប់តែរបាយការណ៍ពីថ្នាក់ក្រោមនោះឡើយ។ ប្រព័ន្ធគ្រប់គ្រងថ្មី ក្នុងពិនិត្យទៅចំនួនព្រះសង្ឃ ការអនុវត្តធម៌វិន័យ កម្មពិធីសិក្សា គ្រូ ការស្នាក់នៅព្រះភិក្ខុសង្ឃឬសាមណេរ និងជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។សូមបញ្ជាក់ថា ទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ គឺល្អណាស់ បើជាពុទ្ធសាសនិក មានជំនឿប្រកបដោយបញ្ញា៕ 

ព័ត៌មានផ្សេងទៀត