ទិវាខួប៧មករា៖​លោកហ៊ុន សែន​ស្នើមជ្ឈដ្ឋាន​អន្តរជាតិ​ឈប់បង្កើត​ឧបសគ្គដល់​កម្ពុជា

07-01-2018 11:22 am
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ។រូបភាពពី FN

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងដើរទៅមុខដោយខ្លួនឯង ដោយឈរលើមូលដ្ឋានការពារឯករាជ្យ អធិបតេយ្យ និងក្តាប់ជាប់សិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន។ ជាមួយគ្នានេះលោកសង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅនឹងមើលឃើញការពិតរបស់កម្ពុជា ហើយឈប់បង្កើតឧបសគ្គចំពោះមាតុភូមិកម្ពុជាដ៏អភ័ព្វនេះតទៅទៀត។ការប្រកាសរបស់លោកនាយរដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ។

បើទោះបីជាគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលក្រោមហេតុផល បដិវត្តន៍ពណ៌ក្តី ក៏រដ្ឋាភិបាលកម្ពុជា នៅតែអះអាងថា ឧបាយកលនៃមជ្ឈដ្ឋានអគតិខាងក្រៅដែលបញ្ជាពីក្រោយខ្នងរបស់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា មិនទាន់ផុតរលត់នៅឡើយទេ។មិនផុតរលត់ ដោយរដ្ឋាភិបាលយល់ថា ប្រទេសទាំងនោះ កំពុងប្រើវោហាស័ព្ទនានា ស្តីអំពីប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និងមនុស្សធម៌ ដើម្បីដាក់សម្ពាធមកលើកម្ពុជា។

ប៉ុន្តែសកម្មភាពពេលនេះ ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ យល់ថាមិនមែនជាចំណុចថ្មីទេសម្រាប់កម្ពុជា ព្រោះកម្ពុជាធ្លាប់បានជួបក្នុងទសវត្ស ៨០កន្លងមក ដោយមានការប៉ុនប៉ងសម្លាប់អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលនោះ ដឹកនាំដោយលោក ហេង សំរឹន ទាំងតាមផ្លូវយោធា សេដ្ឋកិច្ច និងនយោបាយ តែត្រូវបានបរាជ័យ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថា នៅថ្ងៃទិវាខួបថ្ងៃ៧មករា បានគូសបញ្ជាក់ថា សព្វថ្ងៃមជ្ឈដ្ឋានបរទេសទាំងនោះ កំពុងព្យាយាមបិទបាំងការបរាជ័យរបស់ខ្លួន បន្តរកវិធីដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន និងតាមរយៈការគំរាមកាត់ផ្តាច់ជំនួយ និងវិធានការរឹតបន្តឹងផ្សេងៗ ដែលលោកចាត់ទុកថា ជាការជ្រៀតជ្រែកយ៉ាងកំរោលមកលើដែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានប្រកាសថា កម្ពុជាមិនអាចឱនក្បាលទទួលយកការគាបសង្កត់ណាមួយពីខាងក្រៅបានឡើយ ជាពិសេសមិនទុកឲ្យការប៉ុនប៉ងផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ពណ៌កើតមានបានជាដាច់ខាត។បើតាមលោកហ៊ុន សែន ដែលនយោបាយបែបនេះ វាបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែននាក់ យ៉ាងអយុត្តិធម៌បំផុត….

សំឡេងលោក ហ៊ុន សែន៖

ទាក់ទងនឹងបរិបទនយោបាយបច្ចុប្បន្ន លោកហ៊ុន សែន បានកត់សម្គាល់ថា នឹងធ្វើដំណើរទៅមុខទៀតរបស់ខ្លួន ដោយឈរលើមូលដ្ឋានការពារឯករាជ្យ អធិបតេយ្យ និងក្តាប់ជាប់សិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន។លោកសង្ឃឹមថា មជ្ឈដ្ឋានអន្តរជាតិ នឹងមើលឃើញពីការពិត ហើយឈប់បង្កើតឧបសគ្គចំពោះមាតុភូមិកម្ពុជាដ៏អភ័ព្វនេះតទៅទៀត ។

ចំពោះដំណើរប្រជាធិបតេយ្យនៅកម្ពុជាវិញ គឺមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើង ដើរស្របជាមួយគោលការណ៍នីតិរដ្ឋ នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ហើយមានតែប្រជាធិបតេយ្យក្លែងក្លាយទេ ដែលត្រូវបានលុបបំបាត់។នេះបើតាមការបន្ថែមរបស់លោកនាយករដ្ឋមន្ត្រី។

គួរកត់សម្គាល់ថា ក្រោយរំលាយបក្សសង្រ្គោះជាតិ ប្រតិកម្មចេះតែបន្តកើតមាន ដោយប្រទេសខ្លះ កាត់ជំនួយពីកម្ពុជាចាប់ពីឆ្នាំ២០១៨ និងខ្លះទៀតរង់ចាំមើលឥរិយាបថរបស់រដ្ឋាភិបាល ចំពោះការគោរពលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។រីឯក្រុមអ្នកប្រឆាំងនៅឯក្រៅប្រទេស ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ចេះតែបន្តអំពាវនាវពីអន្តរជាតិ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងទាមទារឲ្យគណបក្សខ្លួនរស់ឡើងវិញ។

សម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍សង្គម បានត្រឹមតែស្នើដល់អ្នកនយោបាយខ្មែរ មានការឯកភាពជាតិ ដើម្បីរក្សាការអភិវឌ្ឍប្រទេសកម្ពុជាដោយចីរភាព។ បើតាមអ្នកវិភាគ ការបែកបាក់គ្នានឹងមិនឲ្យកម្ពុជាចំណេញទេ ផ្ទុយទៅវិញមានតែខាតបង់ហើយ បង្អាក់ដល់ដំណើរការនៃអភិវឌ្ឍសង្គមជាតិ ហើយប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាអ្នករងគ្រោះ៕ 

ព័ត៌មានផ្សេងទៀត