ហេតុ​អ្វី​ខ្មែរ​ភ្លេច​ប្រើ​កាលបរិច្ឆេទ​ចន្ទគតិ​?

07-01-2018 10:40 am

​នៅ​កម្ពុជា​គេ​ដឹងថា​ការសរសេរ​កាលបរិច្ឆេទ​មាន​២​ប្រភេទ គឺ​ការ​សរសេរ​តាមបែប​សុរិយគ​តិ និង​ចន្ទគតិ​។ យ៉ាងណា​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពលរដ្ឋ​កម្ពុជា​ស្ទើរតែ​បំភ្លេចចោល​ទាំងស្រុងនូវ​ការ​សេ​សេរ​កាលបរិច្ឆេទ​តាម​បែប​ចន្ទគតិ ដែល​ជា​អរិយធម៌​ខ្មែរ​តាំងពី​បុរាណកាល​មក​។ អ្នកជំនាញ​ប្រវត្តិសាស្ត្រ​អះអាងថា ការប្ដូរ​ទម្លាប់​សរសេ​រ​កាលបរិច្ឆេទ គឺ​ត្រូវបាន​ធ្វើឡើង​ដោយសារ​តែ​លំហូរ​ចូល​នៃ​វប្បធម៌​បរទេស និង​ដើម្បី​សម្រួល​ដល់​ការធ្វើទំនាក់ទំនង​ជា​អន្តរជាតិ​។

ប​ច្ចុន្ន​គេ​ច្រើន​តែនិយាយ ឬ​សរសេរថា ឆ្នាំ​២០១៨ ឬ​គ​.​ស​២០១៨ ជាជាង​ការនិយាយ ឬ​សរសេរថា ព​.​ស​២៥៦១​។ បើ​តាម​អ្នកប្រវត្តិសាស្ត្រ គ​.​ស គឺ​ជាប់​ទាក់ទង​នឹង​សាសនា​គ្រឹស្ត ដែល​រាប់​យក​ពេល​ព្រះ​យេស៊ូ​ប្រសូត្រ​ជា​ឆ្នាំ​ទី​១​។ ដោយឡែក ព​.​ស គឺ​ជាប់​ទាក់ទង​នឹង​ព្រះពុទ្ធ​សា​នា ដែល​គេ​រាប់​យក​ពេលដែល​ព្រះពុទ្ធ​ចូល​និព្វាន ជា​ឆ្នាំ​ទី​១​។​

​លោក សំបូរ ម៉ា​ណា្ណ​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ បានឡើក​ឡើងថា ការ​សេ​សេរ​កាលបរិច្ឆេទ​តាមបែប​ចន្ទ​គតិ គឺជា​អរិយធម៌​របស់​ខ្មែរ ដែល​ឲ្យ​តម្លៃ​ទៅលើ​ព្រះ​ចន្ទ និង​បាន​រាប់​ថ្ងៃ​ខែ​ទៅ​តាម​គន្លង​គចរ​របស់​ព្រះ​ចន្ទ​...

សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​យ៉ាងណា​ក៏ដោយ​ចុះ លោក សំ បូរ​ម៉ា​ណ្ណា​រ៉ា អះអាង​ថា​នៅពេល​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​បរទេស​តាមរយៈ​ការធ្វើ​ជំនួញ ការសរសេរ​កាលបរិច្ឆេទ​ក៏​ត្រូវបាន​ផ្លាស់ប្ដូរ ទៅតាម​សុរិយគតិ​វិញ គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ទំនាក់ទំនង​គ្នា​...

​សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​បើតាម​ឯកសារ​របស់លោក លី សុ​វីវ មាន​ចំណងជើង​ថា អតីត​ប្រតិទិន​ចន្ទ​គតិ សុរិយគ​តិ ឲ្យដឹងថា ដើម្បី​អាច​រាប់ និង​សរសេរ​ថ្ងៃ ខែ ឆ្នាំ​ចន្ទគតិ​គេ​ត្រូវ​ចេះ និង​ចងចាំ ថា ថ្ងៃអាទិត្យ គឺជា​ថ្ងៃ​ដើម​សប្ដាហ៍  ឯ​ថ្ងៃ​សៅរ៍ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​សប្ដាហ៍​។ ដោយឡែក​ខែ​ទី​១​គឺ​មិគសិរ ខែ​ទី​២​គឺ​បុស្ស ខែ​ទី​៣​គឺ​មាឃ ខែ​ទី​៤​គឺ​ផល្គុន ខែ​ទី​៥​គឺ​ចេត្រ ខែ​ទី​៦​គឺ​ពិសាខ ខែ​ទី​៧​គឺ​ជេស្ឋ ខែ​ទី​៨​គឺ​អាសាឍ ខែ​ទី​៩​គឺ​ស្រាពណ៍ ខែ​ទី​១០​គឺ​ភទ្របទ ខែ​ទី​១១​គឺ​អស្សុជ និង​ខែ​ទី​១២​គឺ​ក​ក្តិក​។​

​ខែ​នីមួយៗ មាន​កើត និង​រោច ដែល​តែងតែ​រាប់​ពី​ថ្ងៃ​១​កើត ដល់ ១៥​កើត និង​ថ្ងៃ​១​រោច ដល់ ១៤ ឬ ១៥​រោច​។ ជាក់ស្តែង ខែ​មិគសិរ ដែល​ជា​ខែ​ទី​១ មានតែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ ត្រូវ​រាប់​ពី​ថ្ងៃ​១​កើត ខែ​មិគសិរ ដល់​ថ្ងៃ​១៥​កើត ខែ​មិគសិរ ហើយ​នៅសល់​ពាក់កណ្តាល​ខែ​ទៀត ត្រូវ​ចាប់ផ្តើម​រាប់​ពី​ថ្ងៃ​១​រោច ខែ​មិគសិរ ដល់​ថ្ងៃ​១៤​រោច ខែ​មិគសិរ​។ ដល់​ពេល​ឈានចូល​ខែ​ទី​២ គឺ​ខែបុស្ស ដែលមាន​៣0​ថ្ងៃ ត្រូវ​រាប់​ពី​ថ្ងៃ​១​កើត ខែ​បុស្ស ដល់​ថ្ងៃ​១៥​កើត ខែ​បុស្ស ហើយ​នៅសល់​ពាក់កណ្តាល​ខែ​ទៀត ត្រូវ​រាប់​ពី​ថ្ងៃ​១​រោច ខែ​បុស្ស ដល់​ថ្ងៃ​១៥​រោច ខែ​បុស្ស​។​

​ចំពោះ​ឆ្នាំ​គឺ​គេ​រាប់​៖ ជូត​, ឆ្លូវ​, ខា​ល​, ថោះ​, រោង​, ម្សាញ់​, ម​មី​, ម​មែ​, វ​ក​, រកា​, ច​, កុ​រ​។

លោក លី សុ​វីវ សរសេរ​នៅក្នុង​សៀវភៅ​របស់​លោក​ទៀតថា មាន​មូលហេតុ​ចម្បង​ចំនួន​៣ ក្នុង​ចំណោម​មូលហេតុ​មួយចំនួនទៀត ដែល​ធ្វើឲ្យ​ខ្មែរ​ភ្លេច ឫ​មិន​ចេះ​រាប់​ថ្ងៃ​ខែ​តាម​ចន្ទគតិ​។ មូលហេតុ​ទី​១​គឺ មាតាបិតា​មិន​បាន​បង្រៀន​។ លោក​ថា​កាលពី​បុរាណកាល នៅ​ពេល​កូន​មាន​អាយុ​៤ ទៅ​៥​ឆ្នាំ ឳ​ពុក​ម្ដា​តែង​បង្រៀន​ឲ្យ​ចង​ចាំ​ថ្ងៃ​ខែ ឆ្នាំ​កំណើត​របស់​ខ្លួន​។ បន្ទាប់មក​គេ​បង្រៀន​កូនៗ​ឲ្យ​ចេះ​រាប់ ថ្ងៃ ខែ និង​ឆ្នាំ តាម​ចន្ទគតិ​។

​មូលហេតុ​ទី​២ គឺ​ក្រសួង​អប់រំ​យុវជន និង​កីឡា​មិន​បាន​ដាក់បញ្ចូល របៀប​រាប់​កាលបរិច្ឆេទ​ចន្ទគតិ​ទៅក្នុង កម្មវិធី​សក្សា​។ ដោយឡែក​មូលហេតុ​ទី​៣​គឺ​អាណានិគមនិយម​បារាំង​។ លោក​លី សុ​វីវ សរសេរថា ចាប់ពី​ឆ្នាំ​១៨៦៣ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​ទាំង​ការដឹកនាំ​ប្រទេស ទាំង​វប្បធម៌ និង​អរិយធម៌​។ ហេតុនេះ​ការធ្វើ​លិខិតស្នាម និង​ការ​កត់​កាលបរិច្ឆេទ​ផ្សេងៗ ត្រូវ​ប្តូរ​ទៅ​តាម​របៀប​បារាំង ព្រោះ​គេ​មិន​យល់​របៀប​សេ​សេរ​របស់​ខ្មែរ​។ យ៉ាងណាក្ដី លោក​បាន​អះអាង​ថា បើទោះជា​ស្ថិតក្រោម​ការត្រួតត្រា​ម៉ត់ចត់​ពី​បារាំង​ក្ដី ឪពុក​ម្ដាយ​ខ្មែរ​បាន​លួច​ប្រើប្រាស់ និង​បង្រៀន​កូនៗ ពី​របៀប​សរសេរ និង​រាប់​ថ្ងៃ​ខែ​ឆ្នាំ តាម​បែប​ចន្ទគតិ​ដដែល​។

​ចំពោះ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក​សំបូរ ម៉ា​ណ្ណា​រ៉ា យល់ឃើញថា ការប្រើប្រាស់​របៀប​សេ​សេរ​កាលបរិច្ឆេទ ទាំង​ចន្ទគតិ និង​សូរិយគ​តិ គឺ​ត្រឹមត្រូវ​ដូចគ្នា តែ​គេ​គួរ​សរសេរ​ទៅតាម​សម័យកាល និង​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​...

សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ចេញ​សារាចរ​ណែនាំ​មួយ ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា ប្រើប្រាស់​កាលបរិច្ឆេទ​ទាំង​ចន្ទ​គតិ និង​សុរិយគតិ ចំពោះ​លិខិតគតិយុត្ត និង​លិខិត​រដ្ឋបាល ឬ​ឯកសារ​ផ្សេងៗ ដោយ​ធ្វើ​តាម​គំរូ​ដូចគ្នា​។​
​ឧទាហរណ៍​៖

ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រកា ន​ព្ធស័ក ព​.​ស ២៥៦១

​រាជធានី​ភ្នំពេញ ថ្ងៃទី​០៦ ខែ​ម​ករា គ​.​ស ២០១៨

​ការ​ចេញ​សារាចរ​ណែនាំ​យ៉ាង​ដូច្នេះ ​ធ្វើឡើងបន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្កេតឃើញថា ការប្រើប្រាស់​កាលបរិច្ឆេទ​ទាំង​ចន្ទគតិ និង​សុរិយគតិ ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត និង​លិខិត​រដ្ឋបាល​របស់​ក្រសួង ស្ថាប័ន កន្លងមកនេះ នៅ​ពុំទាន់​មាន​ភាពស៊ីសង្វាក់​គ្នា​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត