នាយករដ្ឋមន្ត្រី​​ទទូច​ឲ្យ​​ពង្រឹង​​សេវា​​សុខាភិបាល​ ​ខណៈ​ទំនុកចិត្ត​​លើ​​ពេទ្យ​កម្ពុជា​​ហាក់​​នៅ​មាន​កម្រិត​​

04-01-2018 4:44 pm 1088

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រតិកម្ម​ជាថ្មី​ចំពោះ​ការ​រិះគន់ថា គ្រូពេទ្យ​ខ្មែរ​ភាគច្រើន​អាក្រក់​។​ ការ​រិះគន់ថា គ្រូពេទ្យ​ខ្មែរ​៩០​ភាគរយ​អាក្រក់ ហើយ​ល្អ​តែ​១០​ភាគរយ​នោះ ត្រូវបាន​លោក​ចាត់ទុកថា ជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដែល​មិនអាច​ទទួលយក​បានឡើយ​។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា ប្រសិនបើ​គ្រូពេទ្យ​ស្រុក​ខ្មែរ​អាក្រក់​រហូតដល់​ទៅ ៩០​ភាគរយ​ដូច​គេ​លើកឡើង​មែន​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​អស់​បាត់ទៅហើយ​។ លោក​ហ៊ុន សែន ថ្លែងបន្តថា​....
​សំឡេង​លោក​ហ៊ុន សែន​៖

​ការលើកឡើង​របស់លោក​ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​ហៅថា មន្ទីរពេទ្យ​រុស្ស៊ី​។ ជា​អគារ​ថ្មី​សន្លាង​មួយ​ដែល​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៥៥០​ម៉ែត្រការ៉េ មាន​កំពស់​៦​ជាន់ ស្មើនឹង​៧៨​បន្ទប់ ដោយបាន​ចំណាយ​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។​

​ទោះបីជា​មាន​ការរិះគន់​បែបណា​ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា​ក៏ដោយ តែ​លោក​នាយករដ្ឋមន្ត្រី​យល់ថា គ្រូពេទ្យ​ខ្មែរ​ភាគច្រើន​ជា​គ្រូពេទ្យ​ចិត្តបុណ្យ ជា​គ្រូពេទ្យ​ដែល​គិត​ទៅដល់​សុខមោលភាព​របស់​ប្រជាជន​។ ហើយ​ចំពោះ​ការលើកឡើង​ពី​មជ្ឈដ្ឋាន​នានា​ពី​បញ្ហា​ខ្វះខាត​ដោយ​អន្លើ​ក្នុង​វិស័យនេះ លោក​ហ៊ុន សែន ចង់ឲ្យមាន​ការកែលម្អ​ថែមទៀត ដោយ​លោក​ថា បើ​មានតែ​មន្ទីរពេទ្យ​ល្អ ឧបករណ៍​ល្អ និង​ទទួលបាន​ការបណ្តុះបណ្តាល​ល្អ​ក៏ដោយ ប៉ុន្តែ បើ​គ្មាន​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ពិនិត្យ​ព្យាបាល​ជំងឺ​សម្រាប់​ប្រជាពលរដ្ឋ​ទេនោះ គឺ​បញ្ហា​នៅតែ​កើតឡើង​ដដែល​។​

​ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី​បាន​ទទូច​សុំ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ពង្រឹងសមត្ថភាព​មន្ត្រី​សុខាភិបាល​ទោះបីជា​នៅ​កម្រិត​ណាក៏ដោយ ដើម្បី​ធ្វើយ៉ាងណា​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។​
​សំឡេង​លោក​ហ៊ុន សែន​៖

​គុណភាព​សេវា​សុខាភិបាល​កម្ពុជា​ធ្លាប់​រង​ការ​រិះគន់ថា​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ប្រៀបធៀប​នឹង​គុណភាព​សេវា​សុខាភិបាល​របស់​ប្រទេស​នានា​ក្នុង​តំបន់​។ គុណភាព​សេវា​សុខាភិបាល​ជាពិសេស ការព្យាបាល ​និង​ថែទាំ​ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​សេចក្ដី​រំពឹងទុក​របស់​អ្នកជំងឺ​ និង​អតិថិជន​នៅឡើយ ទាំង​សេវាសាធារណៈ និង​ឯកជន​។​ ប្រជាពលរដ្ឋ​បាន​ចំណាយ​ប្រាក់​ហោប៉ៅ​របស់ខ្លួន​លើ​ការថែទាំ​សុខភាព​យ៉ាងច្រើន​លើសលប់​ក្នុង​ផ្នែក​សុខាភិបាល​ឯកជន​។ ​ការណ៍​នេះ អាចធ្វើឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ជាពិសេស​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប​ប្រឈមមុខ​នឹង​ការធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​ដោយសារ​ចំណាយ​លើ​ការថែទាំ​សុខភាព​របស់​ពួកគេ​។​

​គេ​កត់សម្គាល់ឃើញ​ដែរថា រយៈពេល​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅឯ​ប្រទេសជិតខាង ជាពិសេស​នៅ​ប្រទេស​ថៃ​តែម្តង​។ ជាក់ស្តែង មន្ត្រី​នៅតាម​ច្រកព្រំដែន​ខ្មែរ​-​ថៃ ដូចជា​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ និង​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​រាយការណ៍​ប្រាប់​កាសែត​ក្នុងស្រុក​មួយ កាលពី​ចុង​ខែធ្នូ​កន្លងទៅ​ថា ក្នុង​មួយថ្ងៃៗ យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ខ្មែរ​មិន​ក្រោម ១០០​នាក់​នោះទេ ទាំង​អ្នករស់នៅ​ជាប់​ព្រំដែន និង​មកពី​ខេត្ត​ផ្សេងៗ​ដែល​បានចេញ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

​កាសែត​ដដែល​បាន​ស្រង់​សំដី​ពលរដ្ឋ​ទាំងនោះ​ឲ្យដឹងថា ការចាកចេញ​ទៅពិនិត្យ​ជំងឺ​នៅ​ក្រៅប្រទេស​បែបនេះ ពីព្រោះ​ការពិនិត្យ​ជំងឺ​ក្នុងស្រុក​មាន​ការចំណាយ​ច្រើន ​និង​ប្រព័ន្ធ​សុខាភិបាល​នូវមានកម្រិត​នៅឡើយ ដែល​នៅ​ចាញ់​ប្រទេសជិតខាង​។​ ជាក់ស្ដែង​ការ​ទៅពិនិត្យ​ជំងឺ​នៅក្នុង​ប្រទេស​ថៃ ដែល​មានតម្លៃ​សមរម្យ​និង​សេវាកម្ម​ល្អប្រសើរ​ជាង​ក្នុងស្រុក​ច្រើន​។ ​នេះ​ជាហេតុ​ធ្វើឲ្យ​ពួកគាត់​នាំគ្នា​សម្រុ​កទៅព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​បែបនេះ​។​

មែនទែនទៅ បច្ចុប្បន្ន​កុំថាឡើយ​តែ​ពលរដ្ឋ​សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ដូចជា​ទៅ​សិង្ហ​បុរី​និង​បារាំង​ជាដើម​។​ ដែល​នេះហើយ​ជា​ការបង្ហាញ​ពី​ការមិន​ជឿទុកចិត្ត​ទៅលើ​សមត្ថភាព​គ្រូពេទ្យ​ខ្មែរ​។​

​អ្នកឃ្លាំមើល​បញ្ហា​សង្គម ធ្លាប់បាន​លើកឡើងថា ភាព​បាត់បង់​ជំនឿ​លើ​សេវា​សុខាភិបាល​ពី​សាធារណជន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជា​បញ្ហា​ប្រកាសអាសន្ន​មួយ​ដែល​វិស័យ​សុខាភិបាល​ត្រូវការ​សង្គ្រោះបន្ទាន់​និង​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​ថ្មីៗ​។ ប្រាក់បៀវត្សរ៍​ទាប​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ធ្លាក់ចុះ ប្រព័ន្ធ​សុច្ចរិត​ភាព​ខ្សោយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​អ​រូបវន្ត​នៅមាន​បញ្ហា​នៅឡើយ​។​ជាងនេះទៅទៀត វប្បធម៌​បុគ្គល និង​ស្ថាប័ន​មិន​បើកចំហ ការិយាល័យ​ធិបតេយ្យ​ពុករលួយ ជា​ជំងឺ​សង្គម​ក្នុង​វិស័យ​នេះ​។ ថ្នាក់ដឹកនាំ​មាន​ទម្លាប់​មិនល្អ​ចាំតែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​បាន​ក្លាយជា​វប្បធម៌​ដែល​ត្រូវ​កែប្រែ​ថ្នាក់ដឹកនាំ​ឬ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ភាពជា​អ្នកដឹកនាំ​ថ្មី​៕

ព័ត៌មានផ្សេងទៀត