វិធី​ដាំ​ក្រូច​វល្លិ៍ ឬ​ក្រូច​ផា​សិន នៅក្នុង​ផើង​

04-01-2018 11:02 am 510

​ការរៀបចំ​ដាំ​ដុះ ៖
- ដី​មាន​ជីជាតិ ដី​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​
- ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម ជាទូទៅ គួរតែ​មាន​ទំហំ ៩០​ស​.​ម បួន​ជ្រុង​
- គ្រាប់​ផ្លែ​ផា​សិន​ស្រស់ ដែល​បានមកពី​ផ្លែ​ទុំ​ល្អ​
- ចំ​អារ​ឫស្សី​ដើម្បី​ធ្វើ​ជា​ទ្រើង​សម្រាប់​ឱ្យ​ផា​សិន​តោង​

​ការដាំដុះ ៖
- យក​គ្រាប់​ផ្លែ​ផា​សិន​ស្រស់ តាម​ចំនួន​ដែល​យើង​ចង់​បណ្តុះ ទៅ​លាង​សម្អាត​ទឹក និង​រក្សា​ទុក​ឱ្យ​ស្ងួត​ក្នុង​រយៈពេល​៣ ទៅ​៤​ថ្ងៃ​
- មុន​ពេល​យក​ទៅ​ដាំ ត្រូវ​លាង​សម្អាត​វា​ម្តងទៀត​
- លាង​សម្អាត​ផើង និង​ហាង​កម្តៅថ្ងៃ​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​
- ចាក់​ដី​ចូល​ផើង​ដំណាំ ហើយ​យក​គ្រាប់​ផា​សិន​មក​ដាក់​កប់​ក្នុង​ជម្រៅ​រាក់ ហើយ​រោយ​ដី​លុប​វិញ​
- បន្ទាប់មក ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោគ​
- ក្រោយ​មួយ​សប្តាហ៍ កូន​ផា​សិន​នឹង​ចេញ​ពន្លក ដែល​មាន​សន្លឹក​២​ដំបូង​
- អំឡុងពេល ១០ ទៅ ២០ ថ្ងៃ កូន​ផា​សិន​នឹង​លូតលាស់​
- រក្សាទុក​ផើង​ដំណាំ ផា​សិន នៅក្នុង​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
- នៅ​ពេល​កូន​ផា​សិន មាន​កម្ពស់​២០ ទៅ ២៥​ស​.​ម ត្រូវ​យក​ចំ​អារ​ឫស្សី​មក​ដោត​ធ្វើ​ជា​បង្គោល​ដើម្បីឱ្យ​កូន​ផា​សិន​អាច​លូតលាស់​វា​តោង​បាន (​ហាម​ឱ្យ​ផា​សិន​វា តោង ឡើង​រុក្ខជាតិ​រស់ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​រុក្ខជាតិ​ទាំងនោះ​ងាប់​)

​ការថែទាំ ៖
- ស្រោច​ទឹក​ជាប្រចាំ ឱ្យបាន​ទៀងទាត់ ២​ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្តង និង​ល្ងាច​ម្តង​
- ឧស្សាហ៍​សម្អាត​ស្មៅ​នៅតាម​គល់​ដំណាំ​
- បេះ​ស្លឹក​ចាស់ៗ និង​ងាប់​ចោល ដើម្បី​កុំឱ្យ​មែក​រុក្ខជាតិ​ដុះ​ស៊ុបទ្រុប​ពេក 
- ដាក់​ជី​បំប៉ន​នៅតាម​គល់​ដំណាំ​
- អាយុកាល​របស់​ផា​សិន អាច​ដល់​ពី​៥ ទៅ ៧​ឆ្នាំ តាម​ការថែទាំ​

​ការប្រមូល​ផល ៖
- ក្រោយ​ដាំ​ដុះ រយៈពេល​៦​ទៅ​៨​ខែ ឬ​១​ឆ្នាំ ផា​សិន​នឹង​ផ្តល់​ផល​
- ផ្លែ​ទុំ​ល្អ ដែល​អាច​ប្រមូល​ផល​បាន គឺ​ពណ៌​ស្វាយ​ក្រហម ឬ​លឿងទុំ ហើយ​សម្បក​ផ្លែ​មាន​រាង​ជ្រួញ​បន្តិច​

​ការ​រក្សាទុក​ពូជ ៖
- ត្រូវ​លាង​សម្អាត​គ្រាប់​ផា​សិន ហើយ​រក្សា​ទុក​ឱ្យ​ស្ងួត​ក្នុង​រយៈពេល ៣​ទៅ​៤​ថ្ងៃ ហើយ​វេច​ខ្ចប់​ទុក​ក្នុង​កំណាត់សំពត់​ផ្សេងៗ​
- យើង​អាច​រក្សា​ពូជ​តាម​វិធី​នេះ បាន​រយៈពេល​រហូតដល់​ទៅ​៦​ខែ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត