រម្លឹក​ព្រឹត្តិការណ៍​សំខាន់​ៗដែលបាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៧

02-01-2018 6:44 pm 496

​រយៈពេល​១២​ខែ ក្នុង​ឆ្នាំ​២០១៧ គេ​សង្កេតឃើញ មាន​ព្រឹត្តិការណ៍​កើតឡើង​ជា​ហូរហែ ទាំង​រឿងរ៉ាវ​សង្គម និង​នយោបាយ​។ ព្រឹត្តិការណ៍ ដែល​ត្រូវបាន​មហាជន​ចាប់អារម្មណ៍ ខ្លាំង​បំផុត សម្រាប់​ឆ្នាំ​២០១៧​នោះ គឺ​ការចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ និង​ឈាន​ដល់​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​។

​យ៉ាងណាក្ដី វិទ្យុ​វាយោ សូម​រម្លឹក និង​សង្ខេប​នូវ​ព្រឹត្តិការណ៍ ខ្លះៗ​ក្នុងចំណោម​ព្រឹត្តិការ​ធំៗ​ទាំង​២​ខាងលើ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១. ការលាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក​សម រង្ស៊ី

ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក​សម រង្ស៊ី បាន​សម្រេច​លាលែង ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចៀស​ពី​ការជាប់​ពាក់ព័ន្ធ នឹង​ការរម្លាយ​គណបក្ស ក្រោយ​មាន​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ហាមឃាត់​ទណ្ឌិត មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ នឹង​កិច្ចការ​គណបក្សនយោបាយ​។

២. ចាប់ខ្លួន និង​ផ្តន្ទាទោស អ្នកឃ្លាំមើល បញ្ហា​សង្គម លោក​គឹម សុខ​

ក្នុង​ខែ​កុម្ភៈ​នេះដែរ អ្នកឃ្លាំមើល​សង្គម លោក គឹម សុខ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បាន​និយាយ​រិះគន់ មកលើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​ផែនការ សម្លាប់​លោក​កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ និង​ក្រោយ​ពី​មានការ​ប្តឹង​ពី​សំណាក់​មេធាវី របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ លោក​ត្រូវបាន​ឃុំខ្លួន ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​។ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​សីហា តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស លោក គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល​។ សាលក្រម​នេះ ត្រូវបាន​លោក​គឹម សុខ ប្តឹង​ជំទាស់​ផងដែរ ប៉ុន្តែ​លោក​នៅ​ចាញ់​ក្តី​ដដែល​។​

៣. រដ្ឋាភិបាល ប្រកាស​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ផ្លាស់ប្តូរ រូប​សញ្ញា​(Logo)

​នៅ​ដើមឆ្នាំ​២០១៧ ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ដែល​មាន​រូប​សញ្ញា (Logo) ស្រដៀង​នឹង​ស្ថាប័នរដ្ឋ ត្រូវ​ផ្លាស់ប្តូរ​ចេញ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ យល់ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ជា​របស់​រដ្ឋ​។ ជាមួយគ្នានេះ ក៏​មាន​ការដាក់បញ្ចូល​សារ​ជា​សម្លេង នៅក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​ទេ​”​។

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ត្រូវបាន​ផ្លាស់ប្តូរ ស្លាក​សញ្ញា​នោះ រួមមាន ធនាគារ​អេស៊ីលីដា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ និង​ធនាគារ​ស្ថាបនា លីមីត​ធី​ត​។ ក្នុងនោះ ធនាគារ​អេស៊ីលីដា បាន​ចំណាយ​ប្រាក់​ជាង ៣ លាន​ដុល្លារ ដើម្បី​កែ​និមិត្តសញ្ញា​របស់ខ្លួន​។​

៤. លោក សុខ អាន ទទួល​មរណភាព​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​

​ជា​ដំណឹង​ដ៏​ក្រៀមក្រំ សម្រាប់​ក្រុម​គ្រួសារ សាច់ញាតិ និង​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចំពោះ ការ​ទទួលមរណភាព របស់លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦ ឆ្នាំ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៥ មីនា។

​ការបាត់បង់ លោក​សុខ អាន ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ថា ជា​ការបាត់បង់​អ្នកមាន​សមត្ថភាព ដែល​ធ្លាប់​ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ពិសេស​ការ​តតាំង​រឿងក្ដី​ជាមួយ​ថៃ និង​ការដាក់​ប្រាសាទ​ព្រះវិហារ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

មុន​ទទួលមរណភាព លោក​សុខ អាន ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​គោរមងារ​ជា​«​សម្ដេច​វិបុល​បញ្ញា​» ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ស្នាដៃ បម្រើ​ជាតិ​របស់​លោក​ផងដែរ​។​

៥. សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់ លោក​កែម ឡី ត្រូវ​បាន​បិទ​បញ្ចប់​

សំណុំរឿង​ឃាតកម្ម បាញ់សម្លាប់​លោក កែម ឡី កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​បញ្ចប់ បន្ទាប់​ពី​តុលាការ បាន​សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ​ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​១​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​។

​ការប្រកាស​សាលក្រម​នេះ ត្រូវបាន​សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ​ជនរងគ្រោះ ចាត់ទុកថា ធ្វើឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈ​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ពាក់ព័ន្ធ​ផ្សេងទៀត រក​មិន​ទាន់​ឃើញ​។​

៦. សមត្ថកិច្ច​ចាប់ខ្លួន លោក ញឹក ប៊ុនឆៃ

​នៅ​ថ្ងៃ​ទី​០៣ សីហា លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០០៧​។ យ៉ាងណាក្ដី មកទល់ពេលនេះ លោក​មិន​ទាន់​ត្រូវបាន​តុលាការ​កាត់ទោស​នៅឡើយ​ទេ ខណៈ​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​។

៧. ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា ត្រូវបាន​ចាប់ខ្លួន​

​ក្រោយ​ការចាប់ខ្លួន​លោក​ញឹក ប៊ុនឆៃ បាន​ជាង​១​សប្តាហ៍ លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ ក្រោម​ការ​បទចោទប្រកាន់​ថា បាន​ញុះញង់ បំបែកបំបាក់ និង​មើលងាយ​កងទ័ព ធ្វើឲ្យ​ប៉ះពាល់​កិច្ចការ​ការពារ​ជាតិ​។ ក្រោយ​ការចាប់ខ្លួន មាន​សារ​ថ្កោលទោស ជាច្រើន ពី​នាយទាហាន​នានា នៅ​ទូទាំង​ប្រទេស ដោយ​ស្នើ​ដល់​តុលាការ​ផ្ដន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ​។

​ដោយឡែក នៅ​ថ្ងៃ​ទី​២៥ សីហា លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល​។ ក្រុមគ្រួសារ​បាន​ហៅ​ការសម្រេច​របស់​តុលាការ ថា​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា ដើរ​ថយក្រោយ​។​

៨. តុលាការ​សម្រេច ដោះលែង លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​

​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​ដោះលែង ចេញពី​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃទី​២៥ ខែតុលា បន្ទាប់​ពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​។

​លោក ហុង សុខ​ហួរ វ័យ​៥៩​ឆ្នាំ ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៧​ឆ្នាំ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

៩. លោក​ហ៊ុន សែន ចុះ​ឃោសនា​ដោយផ្ទាល់ និង​លទ្ធផល នៃ​ការបោះឆ្នោត ឃុំ​-​សង្កាត់​

​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​ឃោសនា​ដោយផ្ទាល់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧​។​

​ក្រោយ​ការបោះឆ្នោត ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន វាយតម្លៃថា បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ត្រឹមត្រូវ ជាង​បណ្តា​ឆ្នាំ​កន្លងៗ​ទៅនោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​ពី​លទ្ធផល ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត ដើម្បី​គ្រប់គ្រង​ឃុំ​-​សង្កាត់ ៤៨៩ ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន ៥,០០៧ នាក់ ដែល​មាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង បី​លាន​នាក់ ឬ ស្មើនឹង​ជិត ៤៤% (៤៣,៨៣%)​។​

​ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​៣, ៥៤០,០៥៦ សំឡេង​ស្មើ ៥០,៧៦% បាន​អាសនៈ​ក្រុមប្រឹក្សា ៦, ៥០៣ និង​បាន​ធ្វើ​មេឃុំ​-​ចៅសង្កាត់ ១,១៥៦​។​

១០. ការបិទ​អង្គការ​សង្គម​ស៊ីវិល និង​វិទ្យុ​មួយចំនួន​

​រដ្ឋាភិបាល​សម្រេច បញ្ឈប់​សកម្មភាព របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់​អាមេរិក នៅ​ខែ​សីហា ដោយ​ចោទ​ថា អង្គការ​នេះ រៀបចំ​យុទ្ធសាស្ត្រ ជួយ​បក្សប្រឆាំង ដើម្បី​ផ្ដួលរំលំ​បក្ស​កាន់​អំណាច​។ ក្រៅពីនោះ សារព័ត៌មាន ឌឹ ខេ​ម​បូឌា ដេលី (The Cambodia Daily) ត្រូវបាន​រកឃើញ​ថា មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ ជាង ៦​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​។ ក្រោយមក​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​បិទទ្វារ​នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា​។​

​ក្រោយមកទៀត មាន វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​ប៉ុស្តិ៍​វិទ្យុ​FM សរុប​ចំនួន​៣២ ត្រូវ​បាន​បិទ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ លីកាដូ គិត​ត្រឹម​ចុងខែ​សីហា​។

១១. លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ទាំងយប់ ក្រោម​ការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​

​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន នៅ​យប់​រំលងអធ្រាត្រ​ឈានចូល ព្រឹក​ថ្ងៃ​ទី ៣ កញ្ញា នៅផ្ទះ​របស់​លោក ក្នុង​ខណ្ឌ​ទួលគោក ដោយ​ភ្ជាប់​សារ​លោក​ថ្លែង​នៅ​បរទេស​អំពី​ការ​ការរៀបចំ​ផែនការ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ សារ​ជា​វីដេអូ​នេះ ត្រូវបាន​ចាត់ទុក ជា​បទល្មើស​ជាក់ស្ដែង​។ លោក កឹម សុខា ត្រូវបាន​ចោទ​តាម​មាត្រា​៤៤៣ គឺជា​អំពើ​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងា​រហើយ​អាច​ចោទ​ពី​បទ​ក្បត់ជាតិ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ អាស្រ័យ​លើ​ការស៊ើបអង្កេត​បន្ថែម​។ នេះ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌ ក្រោយ​ចាប់ខ្លួន​ភ្លាម​។​

១២. គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ជា​ស្ថាពរ ដោយ​សាលក្រម​តុលាការ​កំពូល​

​តុលាការ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ វិច្ឆិកា បានសម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ គណបក្ស​នេះ ចំនួន​១១៨​នាក់ ក្នុង​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ ទៅ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ ការរំលាយ​នេះ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា គណបក្ស​នេះ​ពិតជា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​ក្រោយ​ការរំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ សហគមន៍​អន្តរជាតិ​មួយចំនួន បាន​បញ្ចេញ​ប្រតិកម្ម និង​សម្តែង​ការសោកស្តាយ ដោយ​យល់ឃើញថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ ខណៈ​សង្គម​ស៊ីវិល​មួយចំនួន យល់ឃើញថា លទ្ធផល​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ នឹង​គ្មាន​ន័យ ព្រោះ​ដោយសារ​មិនមែន​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​នេះ ត្រូវបាន​មន្ត្រី​គណបក្សកាន់អំណាច​អះអាងថា កម្ពុជា​អនុវត្ត​ទោស ចំពោះ​អ្នកប្រព្រឹត្ត​កំហុស​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ការពារ​ជនល្មើស អ្នក​នោះ​ឯង គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ​។ ម្យ៉ាងវិញទៀត ទោះបី​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ដដែល ព្រោះ​នៅ​មាន​គណបក្សនយោបាយ​ជាច្រើន​ទៀត នឹង​ចូលរួម​ប្រកួតប្រជែង​។ ដូច្នេះ កម្ពុជា នៅ​តែ​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដដែល​។​

១២. អាមេរិក ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល EU ព្រមាន​លែង អនុគ្រោះ​ពន្ធ និង​ការព្យួរ​ជំនួយ

​ដោយឡែក កៀកៗ​នឹង​បំណាច់​ឆ្នាំ​២០១៧ ក្រសួងការបរទេស​អា​មេរិក បាន​ចេញ​សេចក្តីប្រកាស ដោយ​បញ្ជាក់​ថា អាមេរិក​នឹង​លែង​ផ្តល់​ទិដ្ឋាការ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក ក្រោម​ហេតុផល​ថា មន្ត្រី​ទាំងនោះ​បាន​រួមចំណែក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ចំពោះ​វិធានការ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ជា​ទង្វើ​មួយ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​វិញ​ទេ​។

​ជាមួយគ្នានេះ សហភាព​អឺរ៉ុប បាន​ប្រកាស​ពី​ការព្យួរ​ជំនួយ​បណ្តោះអាសន្ន ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ការព្រមាន​លែង​អនុគ្រោះ​ពន្ធ នាំចូល​ទំនិញ​ពី​ទីផ្សារ​កម្ពុជា​។ ការផ្អាក​ផ្តល់ជំនួយ ត្រូវបាន​គជប​ឆ្លើយតប​ថា មិន​ប៉ះពាល់ ដល់​ដំណើរការ​បោះឆ្នោត​ទេ ខណៈ​ដែល​ការលែង​អនុគ្រោះ​ពន្ធ នាំ​ទំនិញ ត្រូវបាន​មេដឹកនាំ​សហជីព​ព្រួយបារម្ភ​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​កម្មករ​កម្ពុ​ជា​រាប់សិប​ម៉ឺន​នាក់​។ ការសម្រេច​របស់​EU​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

១៣. កាដូ របស់​លោក​នាយករដ្ឋមន្ត្រី ជូន​កម្មករ​-​កម្មការិនី​

​រៀង​រាល់​សប្តាហ៍ មាន​២​ថ្ងៃ ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចុះ​ជួប​កម្មករ​-​កម្មការិនី នៅ​តាម​រោងចក្រ​នានា​ទូទាំង​ប្រទេស ដើម្បី​សំណេះសំណាល និង​សួរ​ពី​សុខទុក្ខ​របស់​កម្មករ​ទាំងនោះ​។​

​អ្វី​ជា​ការកត់សម្គាល់ ប្រមុខ​រដ្ឋាភិបាល បាន​សម្រេច​ផ្តល់​កាដូ យ៉ាងច្រើន ជូន​ដល់​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី ២០១៨​នេះ ដែល​រួមមាន ការ​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ ការ​សម្រាក​ព្យាបាល​ដោយ​ឥតគិតថ្លៃ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​, មាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្ត្រីរាជការ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពេល​សម្រាលកូន ការឈប់​មាតុភាព​រយៈពេល​៣​ខែ រួម​នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេងទៀត​។

១៤. បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ និង​ការប្រហារជីវិត​មាន់​ជល់​ជិត​១០០​ក្បាល​

​សម្រាប់​ព្រឹត្តិការណ៍ ចុងក្រោយបង្អស់ ដែល​ទទួល​ការចាប់អារម្មណ៍ នៅលើ​បណ្តាញ​សង្គម​នោះ គឺ​ការបង្ក្រាប​ទីតាំង​សង្វៀន​បព្ជា​ល់​មាន់​ខុស​ច្បាប់​ដ៏​ធំ​មួយ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​ម្ចាស់​ស​ង្វ្រៀ​ន ជា​កូនប្រសា លោក ហ៊ុន សាន ដែល​ត្រូវ​ជា​បង​បង្កើត របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ក្នុង​ប្រតិបត្តិការ​នោះ មាន​មនុស្ស​ប្រមាណ ២០០ នាក់​ត្រូវបាន​ឃាត់ខ្លួន ជាមួយ​ភ័ស្ដុតាង​ខណៈ​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ចូល​ខ្លួន​ឲ្យ​សមត្ថកិច្ច​បន្ទាន់ និង​បាន​ព្រមាន​ថា​នឹង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ដោយ​គ្មាន​ការលើកលែង បើ​ទោះ​ជា​អ្នក​ទាំងនោះ​ត្រូវជា​ក្មួយ​ឬ​ក្មួយ​ប្រសា​លោក​ក្ដី​។​

​រឿងរ៉ាវ​នេះ ក៏​បាន​ធ្លាយ​ដល់​អ្នកសារព័ត៌មាន ជាច្រើន​រយ​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ទទួល​លុយ​ពុករលួយ (​សំណូក​) ជា​ថ្នូរ​នឹង​ការ​មិន​ផ្សព្វផ្សាយ​ពី​សង្វៀន​បញ្ជល់មាន់​នេះ​។​

​ហើយ​ថ្មីៗ​នេះ សត្វ​មាន់​ជល់​ចំនួន​៩២​ក្បាល បាន​ត្រូវ​តុលាការ​ចេញ​ដី​កាឲ្យប្រហារជីវិត ក្រោម​ហេតុផល​ថា លំបាក​ថែរក្សា ចំណាយ​សោហ៊ុយ​ច្រើន និង​ថា​ដើម្បី​បង្ការ​កុំឲ្យ​មាន​បទល្មើស​ជា​ថ្មី ដែល​ការសម្រេច​នេះ​ធ្វើឲ្យ​មាន​ការរិះគន់​តាម​ប្រព័ន្ធ​សង្គម​ជាច្រើន ជាមួយនឹង​ការ​ដាក់​សំណួរ​ថា តើ​មាន់​ទាំងនោះ​មាន​កំហុស​អ្វី​? ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត