សារ​ជូនពរ​​ពី​អ្នក​នយោបាយ​ ហាក់​គ្មាន​​តម្រុយ​ត្រូវ​គ្នា​​សម្រាប់​​ឆ្នាំ​ថ្មី​​

01-01-2018 12:25 pm 2356

​ទាំង​ប្រមុខ​ដឹកនាំ គណបក្សកាន់អំណាច និង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បាន​ផ្ញើ​សារ​ជូនពរ​ពលរដ្ឋ​កម្ពុជា នាឱកាស​ឆ្នាំ​សកល​ថ្មី ២០១៨​នេះ​។​ប៉ុន្តែ​សារ​នៃ​ក្រុម​អ្នកនយោបាយ​ទាំងពីរ​នេះ បាន​ផ្សារភ្ជាប់​នូវ​បរិបទ​ផ្សេងគ្នា​។​លោក​ហ៊ុន សែន ផ្តោតលើ​បញ្ហា​ចរាច​រណ៍ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ រួមគ្នា​រក្សា​ការពារ​សន្តិភាព ដែល​លោក​និយាយ​មិន​ដាច់​ពី​មាត់ ថា​ជា​សមិទ្ធផល​ដ៏​ធំធេង​នៃ​គណបក្ស​ប្រជាជន​របស់លោក និង​រូបលោក​ផ្ទាល់​។​ដោយឡែក សម្រាប់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា វិញ លើក​ពី​បរិបទ​នយោបាយ ដែល​ក្រុម​លោក​កំពុង​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ប៉ុន្តែ​សង្ឃឹម​ឆ្នាំ​ថ្មី ពលរដ្ឋ​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ យ៉ាង​ពិតប្រាកដ ដោយ​សុំឲ្យ​អ្នកនយោបាយ ងាក​មក​ផ្សះផ្សាបង្រួបបង្រួម​គ្នា​ឡើងវិញ​។ 

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និយាយថា ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី​២០១៨ ពលរដ្ឋ​សប្បាយរីករាយ​ក្រៃលែង ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​រមណីយដ្ឋាន​នានា​តាម​បណ្តា​ខេត្ត​។​
​លោក​បន្ថែមថា នេះ​ក៏​ដោយសារតែ​សន្តិភាព​។ “​សន្តិភាព​” បាន​ផ្តល់ឱកាស​កាន់តែ​ច្រើនឡើង​ដល់​ពលរដ្ឋ​ក្នុង​ការចូលរួម​ប្រារព្ឋ​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​នានា ទោះបី​នៅ​ពេលយប់​ឬ​ពេល​ថ្ងៃ​ដោយ​គ្មាន​ការភ័យខ្លាច​ឡើយ​។​លោក​ហ៊ុន សែន អំពាវនាវ​ដល់​ពលរដ្ឋ​ថា​« យើង​រួមគ្នា​បន្ត​ការពារ​សន្តិភាព និង​ថែរក្សា​ស្ថេរភាព​នយោបាយ​សង្គម​អោយ​បានល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​»​។​

​ចំណែក​លោក​សម រង្ស៊ី ក្រៅពី​ជូនពរ​ពលរដ្ឋ​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៨​ឲ្យមាន​សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​ទទួលបាន​ជោគជ័យ ក្នុង​កិច្ចការ​និង​មុខរបរ​ទាំងអស់ លោក​ក៏​ឆ្លៀត​បញ្ជាក់ប្រាប់​ពលរដ្ឋ​ថា រូបលោក និង​សហការី​ក្នុង​ជួរ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិតខំ ធ្វើយ៉ាងណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្តើម​បានឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ យ៉ាង​ពិតប្រាកដ ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។​

​លោក​និយាយថា នឹង​ធ្វើឲ្យ​នយោបាយ​គាបសង្កត់ និង​បង្ក្រាប​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ទទួល​បរាជ័យ ហើយ​ត្រូវ​វិល​បក​ថយក្រោយ​វិញ​។ នេះ​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី ហើយ​នឹងចូលរួម​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ នេះ​។ លោក​សម រង្ស៊ី និយាយថា​«​បើ​មិន​យ៉ាង​ដូច្នេះ​ទេ ប្រទេស​កម្ពុជា​នឹង​ឃើញ​ព្រឹត្តិការណ៍​ថ្មី​កើតឡើង ដែល​មិន​ដែលមាន​ពីមុនមក​។ ព្រឹត្តិការណ៍​ថ្មី​ទាំងនោះ នឹង​នាំមក​នូវ​ស្ថានការណ៍​ថ្មី​មួយ ដែល​យើង​នឹង​ប្រឈមមុខ ហើយ​ដោះស្រាយ តាម​ការចាំបាច់ ដើម្បីឲ្យ​ប្រជារាស្ត្រ​ខ្មែរ រើបម្រះ​ពី​អំណាច​ផ្តាច់ការ ប្រកបដោយ​ជោគជ័យ ហើយ​ឈានទៅរក​ភាពសម្បូរ​សប្បាយ និង​រុងរឿង​»​។​

​បន្ថែម​ពីលើ​លោក​សម រង្ស៊ី លោក​កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង បាន​បញ្ចេញ សារ​ជូនពរ​ដល់​ពលរដ្ឋ​កម្ពុជា​ដែរ តាមរយៈ​កូនស្រី​របស់លោក​គឺ​កញ្ញា​កឹម មនោ​វិទ្យា​។ ខ្លឹមសារ​នៃ​សារ នេះ បាន​បង្កប់​នូវ​សារ​នយោបាយ ស្រដៀង​គ្នា​នឹង​លោក​សម រង្ស៊ី​ដែរ​។ លោក​អំពាវនាវ ដល់​អ្នក​ន​យោបាយ​ខ្មែរ​គ្រប់​និន្នាការ ឲ្យ​រួបរួមគ្នា​ផ្សះផ្សាជាតិ ដោះស្រាយ​គ្នា​ដោយ​អហិង្សា​។​

​តាម​ការបញ្ជាក់​ពី​លោក​កឹម សុខា ថា​ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ ប៉ុន្តែ​បាន​បន្សល់​នូវ​វិបត្តិ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ការអនុវត្ត​ប្រជាធិបតេ​យ្យ​ដើរ​ថយក្រោយ តាមរយៈ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស ការហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល ដែលជា​ការបន្ថែម​លើ​បញ្ហា​ធំៗ​កំពុងតែ​កើតមាន​ស្រាប់ ដូចជា​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ ការបំផ្លាញ​ធនធានធម្មជាតិ ការ​រំលោក​ភ​សិទ្ធិមនុស្ស ការបិទ​សិទ្ធិ ជួបជុំ បញ្ចេញមតិ រួមទាំង​ការចាប់ខ្លួន​អ្នកនយោបាយ សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ទាំង​បំពាន​ច្បាប់​។​ល​។​

​លោក​កឹម សុខា បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ គឺ​មានតែ​ខ្មែរ​ត្រូវ​រួមគ្នា​ដោះស្រាយ តាមរយៈ​ការផ្សះផ្សា​ជាតិ ដោយ​ប្រកាន់យក​នូវ​គោលការណ៍​អហិង្សា ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ជ្រើររើស​មេដឹកនាំ​ដោយ​ខ្លួនឯង អនុវត្ត​ឲ្យបាន​ពេញលេ​ញ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​មាន​គោលនយោបាយ​ជាក់លាក់​សម្រាប់​រៀបចំ​សង្គម​។​

ប៉ុន្តែ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា សារ​ជូនពរ​ពលរដ្ឋ​ឲ្យមាន​សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​ទទួលបាន​ជោគជ័យ គឺជា​រឿង​ល្អ ប៉ុន្តែ​ការយក​ឱកាស​នេះ​ភ្ជាប់​នឹង​ស្ថានភាព​នយោបាយ ហើយ​ប្រាសចាក​ពី​ការពិត​ទៅទៀត​នោះ វា​គ្រាន់តែ​ជា​ការបោក​បញ្ឆោត​ពលរដ្ឋ​ដែល​ធ្លាប់តែ​គាំទ្រ​ក្រុមខ្លួន​តែប៉ុណ្ណោះ​។​លោក​សុខ ឥសាន បញ្ជាក់​ច្បាស់​ថា សព​សង្គ្រោះ​ជាតិ បាន​បូជា​រួចហើយ មិនអាច​រស់​វិញ​ទេ ហើយ​អ្វីដែល​លោក​កឹម សុខា ថា ឆ្នាំ​២០១៧ បន្សល់​នូវ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នោះ គឺ​មិន​ពិត​ទេ ..............

​សំឡេង​លោក​សុខ ឥសាន​៖

លោក​សុខ ឥសាន ក៏​មិន​ភ្លេច​លើកឡើង​ពី​សណ្តាន​ចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី លើ​សារ​ជូនពរ​ឆ្នាំ​ថ្មី ថា​ជា​មនោសញ្ចេតនា​ល្អ ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដោយ​ស្មើភាព មិន​ប្រកាន់​និន្នាការ​នយោបាយ ដែល​ផ្ទុយ​ពី​ក្រុមប្រឆាំង ដែលជា​សារ​បោក​បញ្ឆោត ប្រាសចាក​ពី​ការពិត​។​

​តែ​យ៉ាងណាក្តី មជ្ឈដ្ឋាន​ខ្លះ នៅតែ​ថា សារ​ជូនពរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​ចេញពី​ទឹកចិត្ត​ពិតប្រាកដ និង​មិន​បានបង្ហាញ​កាយវិការ ចង់​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រុមប្រឆាំង នា​ឆ្នាំ​ថ្មី​នោះទេ​។​ចំណែក​ក្រុមអ្នកវិភាគ និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម បានស្នើ​ដល់​អ្នកនយោបាយ​ខ្មែរ ក្នុង​ឆ្នាំ​២០១៨​នេះ ងាក​មក​គិតពី​ឯកភាព​ជាតិ ដើម្បី​រក្សា​ការអភិវឌ្ឍ​ប្រទេស​។ ពីព្រោះថា ការបែកបាក់​គ្នា​នឹង​មិនឲ្យ​កម្ពុជា​ចំណេញ​ទេ ផ្ទុយទៅវិញ​មានតែ​ខាតបង់ ហើយ​បង្អាក់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គមជាតិ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត