លោក សម រង្ស៊ី បន្ត​វាយប្រហា​រលោក ហ៊ុន សែន ក្រោយ​ចាញ់ក្ដី​រឿង​បរិហារកេរ្ត៍​

30-12-2017 4:57 pm
លោក សម រង្ស៊ី (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: Reuters

កាលពីដើមឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​បែកធ្លាយ ដែល​លោក​អះអាងថា លោក ហ៊ុន សែន បាន​ផ្ដល់​លុយ​១​លាន​ដុល្លារ ដល់​កញ្ញា ធី សុវណ្ណ​ថា ជា​ថ្នូរ​នឹង​ការវាយប្រហារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ការចោទប្រកាន់​បែប​នេះ លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​ឲ្យ​សងជំងឺចិត្ត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​១​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ក្រោយ​ចាញ់ក្ដី ក្នុង​សំណុំរឿង​បរិហារកេរ្ត៍នេះ លោក សម រង្ស៊ី ​បាន​បន្ត​វាយប្រហារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្ពុជា ដោយ​អះអាង​ថា​សារ​ដែល​បែកធ្លាយ​នោះ ជា​ការពិត។

​បើទោះបីជា​តុលាការ បានចាត់ទុក​សារ​ទាំងនោះ​ថា ជាការ​បរិហារកេរ្ដ៍ និង​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សងជំងឺចិត្ត​ដល់​ដើមបណ្ដឹងក្ដី លោក​សម រង្ស៊ី នៅតែ​បន្ត​ផ្សព្វផ្សាយ រូបភាព​សារ​សន្ទនា​ជាថ្មី​ម្ដងទៀត អម​ដោយ​ការអះអាង​ថា​សារ​ទាំងនោះ គឺ​ពិតប្រាកដ​ទាំងអស់​។  

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក សម រង្ស៊ី សរសេរថា​៖ «​អ្នកជំនាញ​ផ្នែក​បណ្តាញ​សង្គម មាន​បច្ចេកទេស​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា សារ​ចំនួន​ជាង ៤០០ ទាំងនោះ រវាង​លោក ហ៊ុន សែន និង​នាង ធី សុវណ្ណ​ថា គឺ​សុទ្ធតែ​ជា​សារ​ពិតប្រាកដ​ទាំងអស់​។ បើ​នរណា​ម្នាក់​ចង់​ប្រឌិត​អ្វីមួយ ដើម្បី​បង្ខូចឈ្មោះ​ជន​ពាក់ព័ន្ធ​ទាំង​ពីរ​នាក់​នោះ គេ​មិន​ចាំបាច់ ប្រឌិត​សារ​ដ៏​ច្រើន​បែប​នេះ​ទេ​»​។​

​លោក សម រង្ស៊ី បន្ថែមថា រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សារ​ដែល​បាន​បែកធ្លាយ​នោះទេ ដែល​នាំឲ្យ​គេ​យល់​ថា សារ​ទាំងនោះ​ជា​ការពិត​ទាំងអស់​។

​ជា​ការកត់សម្គាល់ សារ​ដែល​លោក សម រង្ស៊ី បង្ហោះ​នោះ​ជា​ការសន្ទនា​រវាង តា និង​ចៅស្រី ដែល​មាន​រូបភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណ​ថា​។ ក្នុង​នោះ​ភាគី​តា បានប្រគល់​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ ទៅ​ឲ្យ​ភាគី​ចៅស្រី ដើម្បី​គម្រោងការ វាយប្រហារ​គណបក្ស​ប្រឆាំង​។​

​យ៉ាងណា​ក៏ដោយ​ចុះ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ សារ​ដែល​បាន​បែកធ្លាយ​ទាំងនោះ​។ លោក​បាន ហៅ​សារ​ទាំងនោះ​ជា​ល្បិច​នយោបាយ​ទុច្ចរិត របស់លោក សម រង្ស៊ី​...

​សំឡេង​លោក សុខ ឥ​សាន្ត​៖

​គួរ​ម្លឹក​ជូន​ថា សារ​សន្ទនា​ទាំងនោះ​ត្រូវបាន​លោក សម រង្ស៊ី បង្ហោះ​នៅលើ​បណ្ដាញ​សង្គម តាំងពី​ដើម​ឆ្នាំ​២០១៧ម្ដងរួចមកហើយ​។ ក្រោយមក មេធាវី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្ត៍ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧​។​

​រហូត​ដល់​ចុងឆ្នាំ​២០១៧នេះ តុលាការក្រុង​ភ្នំពេញ​ បាន​ម្រេច​បង្គាប់​ឲ្យ​លោក សម រង្ស៊ី​សងជំងឺចិត្ត​ទៅ​លោក ហ៊ុន សែន ចំនួន​៤​ពាន់​លាន​រៀល ស្មើ​នឹង​ប្រមាណ​១​លាន​ដុល្លារ  និង​បង់​ថវិការ​ចូល​រដ្ឋ​ចំនួន​១០​លាន​រៀល​ផងដែរ​។​

​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្ដី លោក​សម រង្ស៊ី  អះអាងថា ការកាត់ក្ដី​របស់​តុលាការ​ក្នុង​សុំណុំរឿង ពាក់ព័ន្ធ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នេះ គឺ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​នោះទេ​...

​សំឡេង​លោក សំ សុខ​គង់​៖

​ដោយឡែក​លោក សុខ ឥ​សាន្ត មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​យល់ថា ការកាត់ក្ដី​របស់​តុលាការ ដែល​សម្រេច​ឲ្យ​លោក ហ៊ុន សែន ឈ្នះ គឺជា​រឿង​ត្រឹមត្រូវ​។ លោក​ថា មានតែ​អ្នកប្រព្រឹត្តិ​អំពើរ​ល្អ​ប៉ុណ្ណោះ ទើប​អាច​ទទួល​យុត្តិធម៌​ពី​តុលាការ​បាន​...

​សំឡេង​លោក សុខ ឥ​សាន្ត​៖

គួរបញ្ជាក់​ថា នៅក្នុង​ករណី​ជាមួយគ្នានេះដែរ កញ្ញា ធី សុវណ្ណ​ថា ក៏​បាន​ដាក់ពាក្យ​ប្ដឹង លោក​សម រង្ស៊ី​ផង​ដែរ ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥​ម៉ឺន​ដុល្លារ ដោយ​នាង​អះអាងថា ការលើកឡើង​របស់​លោក​សម រង្ស៊ី គឺជា​ការចោទប្រកាន់ និង​មួលបង្កាច់ ទម្លាក់កំហុស ដែល​នាំឲ្យ​ប៉ះពាល់​កិត្តិយស​របស់​នាង ក្រោយ​ពី​នាង​ឈប់​គាំទ្រ​គណបក្សប្រឆាំង​។​

​ជា​រួម​មក លោក សម រង្ស៊ី ដែល​កំពុងតែ​រស់នៅ​ឯ​ក្រៅប្រទេស កំពុង​រង​បណ្ដឹង សរុប​ចំនួន​ជិត​១០​ករណី​។ ក្នុងនោះ បណ្ដឹង​ដែល​ត្រូវបាន​តុលាការ​កាត់ក្ដី​រួចរាល់​មាន​ចំនួន​៦​ករណី​។​

បណ្ដឹង​ទាំង​​នោះ​មានដូចជា បណ្ដឹង​របស់​លោក​ហោ ណាំហុង ដែល​ប្ដឹង​លោក សម រង្ស៊ី ពីបទ «​ញុះញុង​ឲ្យមាន​ការរើសអើង​»​។

​បណ្ដឹង​របស់​ព្រះរាជអាជ្ញា ប្ដឹង​លោក សម រង្ស៊ី ពីបទ «​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​និង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។​

​ដោយឡែក លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏​បាន​ប្ដឹង​លោក សម រង្ស៊ី ពីបទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ចំនួន​២​ករណី​ផ្សេង​គ្នា​ផងដែរ។​

​បណ្ដឹង​ដែល​តុលាការ​បាន​កាត់ក្ដី​ចំនួន​២​ចុងក្រោយ គឺជា​បណ្ដឹង​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ករណី​ទី​១ លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ បណ្តឹង​នេះ ធ្វើឡើង​ក្រោយ​លោក  សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់ លោក​បណ្ឌិត កែម ឡី​។ រី​ឯ​ករណី​ទី​២ គឺ​លោក ហ៊ុន សែន​ប្ដឹង លោក សម រង្ស៊ី ពីបទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ក្រោយ​លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​បាន​សូកប៉ាន់ កញ្ញា ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ឲ្យ​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​។​

សរុប​ទាំង​៦​ករណីដែល​តុលាការ​បាន​កាត់ក្ដី​រួច​មក​នេះ លោក​សម រង្ស៊ី មានទោស​ជាប់ពន្ធនាគា​ជិត​៧​ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​ប្រមាណ ១​លាន​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

​បើ​តាម​មន្ត្រី​រដ្ឋាភិបាល លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ ប្រសិន​បើ​លោក​ត្រឡប់​មក​ប្រទេស កម្ពុជា​វិញ​។

 

ព័ត៌មានផ្សេងទៀត