ប្រជាពលរដ្ឋ​សាទរ​វិធានការ​ដោះស្រាយ​ការបាក់​ច្រាំងទន្លេ​នៅ​​ភូមិ​កោះ​រំដួល​​​​

29-12-2017 6:47 pm

​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការបាក់​ច្រាំងទន្លេ បង្ក​ឲ្យ​ប៉ះពាល់ ដល់​ដី​ចំការ​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ ស្ថិតនៅក្នុង​ភូមិ​កោះ​រំដួល ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល លោក ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ ចុះទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​ជុំវិញ​បញ្ហា​នេះ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា ការបាក់​ស្រុតដី​ច្រាំងទន្លេ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ ឡេង ជីន ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឲ្យ​បូម​យក​ខ្សាច់ បានធ្វើ​សកម្មភាព​បូម នៅ​ចំណុច​ក្បែរៗ​ច្រាំង​ពេក ដោយ​មិន​គោរព​ទៅតាម​ការកំណត់​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

អ្នកស្រី ជា ណារិន ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​កោះ​រំដួល បានបញ្ជាក់​ថា ពួកគាត់​មិន​ជំទាស់ នឹង​ការ​បូម​ខ្សាច់​នេះ​ទេ ប៉ុន្តែ​សំណូមពរ​ឲ្យ​ក្រុមហ៊ុន ធ្វើយ៉ាងណា ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់​របស់​ក្រសួង និង​កុំ​ឲ្យ​បូម​នៅ​កៀកៗ​ច្រាំង​ពេក​។ បើ​មិន​ដូច្នេះ​ទេ ដី​ចំការ ផ្ទះសម្បែង រួម​នឹង​ផ្លូវ​បេតុង ដែល​ទើប​សាងសង់ ពី​សំណាក់​លោក​អភិបាលខេត្ត​កណ្តាល ប្រាកដ​ជា​បាក់​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ ជាក់​ជា​ពុំខាន​។​

សំឡេង

​ក្រោយ​ស្តាប់​ការរៀបរាប់​ពី ប្រជាពលរដ្ឋ លោក​ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បាន​ពន្យល់​ណែនាំ​ថា ប្រសិន​បើ​ពិនិត្យ​ឃើញ​ក្រុមហ៊ុន​បូម​ខ្សាច់ ខុស​ពី​ទីតាំង អាច​រាយការណ៍​ទៅ​ក្រសួង ដោយផ្ទាល់ តាមរយៈ​លេខ ៧២៧ នោះ​ក្រសួង​នឹង​ចាត់​មន្ត្រី ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​។ ដោយឡែក សម្រាប់​ការផ្តល់​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​បូម​ខ្សាច់ នៅ​ទីតាំង​នេះ គឺ​ដើម្បី​បើក​លំហូរ​ផ្លូវ​ទឹកទន្លេ​។

លោក បាន​ពន្យល់ថា តាម​ការសិក្សា​ស្រាវជ្រាវ ពី​សំណាក់​មន្ត្រី​ជំនាញ នៃ​ក្រុមអធិការកិច្ច ក្រសួង​រ៉ែ និង​ថាមពល ជាមួយនឹង​អាជ្ញាធរ​ដែនដី បាន​ពិនិត្យឃើញ​ថា នៅ​ទីតាំង​តំបន់​នេះ មាន​រាង​សណ្ឋាន ជា​ខ្នង​អណ្តើក ឬ​ជា​អក្សរ​(W) ដែល​ធ្វើឲ្យ​ចរន្ត​ទឹកហូរ ជះ​ញែក​ទៅ​ច្រាំងទន្លេ ដែល​ជា​ហេតុ​ធ្វើឲ្យ មាន​ការបាក់​ស្រុត​ដី​នៅ​ច្រាំង​។ លោក​បាន​បន្ថែមថា​....៖

​សំឡេង​

​ក្រោយ​ការចុះពិនិត្យ វាស់វែង នៅ​ទីតាំង​បាក់ស្រុត​ដី ពី​សំណាក់​ក្រុម​មន្ត្រី​ជំនាញ​រួចមក លោក​ហេង ចាន់​ធួន បានបញ្ជាក់​ថា ការបាក់​នេះ មិនមែន​មកពី​ការ​បូម​ខ្សាច់ របស់​ក្រុមហ៊ុន នោះទេ​។ ប៉ុន្តែ​ទោះបីជា​បាក់ មិនមែន​ដោយសារ ការ​បូម​ក៏ដោយ ជាគោលការណ៍​សមធម៌ គឺ​ក្រុមហ៊ុន នឹង​ត្រូវ​គិតគូរ​ថ្លៃ​សំណង ទៅលើ​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​។​

​សំឡេង

​អនុរដ្ឋលេខាធិការ​រូបនេះ បាន​បន្តថា ទោះបីយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន ឡេង ជីន ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​បូម​ខ្សាច់​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ រហូត​ដល់​បំណាច់​ខែ​មករា ដោយ​រង់ចាំ​ការសិក្សា​ស្រាវជ្រាវ​ជា​ថ្មី ពី​មន្ត្រី​ជំនាញ របស់​ក្រសួង​រ៉ែ និង​ថាមពល​។​

​លោក ហេង បា​បា​រ៉ា តំណាង​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ឡេង ជីន បាន​យល់ស្រប នឹង​ការសម្រេច​ឲ្យ​ផ្អាក​បណ្តោះអាសន្ន និង​រង់ចាំ​ការសិក្សា​បច្ចេកទេស ពី​មន្ត្រី​ជំនាញ ព្រោះ​ប្រសិនបើ​នៅ​បន្ត​ការ​បូម ប្រាកដ​ជា​រឹតតែ​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​។​

សំឡេង

​ក្រោយ​ការបកស្រាយ និង​ពន្យល់ ទាក់ទង​នឹង​ការបាក់​ច្រាំងទន្លេ រួម​នឹង​ការទទួលខុសត្រូវ​ទូរ​ទាត់​ថ្លៃ​សំណង ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ធ្វើឲ្យ​ពួកគាត់ មាន​ភាពកក់ក្តៅ និង​សប្បាយ​ចិត្ត ចំពោះ​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​..​។ ហើយ​ពួកគាត់ ទើប​យល់​ពី​អ្វី ដែល​ហៅថា ការស្តារ​ទន្លេ ព្រោះ​កន្លងមក មិន​ដែលធ្លាប់​លឺ​ឡើយ​។​

សំឡេង​

​មេ​ភូមិ​កោះ​រំដួល លោក ចេង សុខា​វុ​ធ បានបញ្ជាក់​ថា លោក និង​ប្រជាពលរដ្ឋ​ទាំង​១៥៥​គ្រួសារ មិន​ជំទាស់ នឹង​ការ​បូម​ខ្សាច់ របស់​ក្រុមហ៊ុន ឬ​ការសម្រេច​របស់​ក្រសួង​ឡើយ ប៉ុន្តែ​លោក​ស្នើសុំ​ធ្វើ​យ៉ាងណា សូម​ឲ្យ​ក្រុមហ៊ុន​ត្រូវ​គោរព​ទៅ​តាម​លក្ខន្តិកៈ​របស់​ក្រសួង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត