ថង់ប្លាស្ទិក​ជាឃាតក​មុខស្រស់​

29-12-2017 11:13 am
សំរាមនៅក្នុងផ្សារអូឬស្សី @Acra

នៅកម្ពុជាបច្ចុប្បន្នសំណល់ថង់ប្លាស្ទិកមានវត្តមានកាន់តែច្រើនឡើងៗនៅតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ ហើយសំណល់នេះ បាននឹងកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវចំរុះនៅលើដី ក្រោមដី និងក្នុងទឹកផងដែរ។ ដូច្នេះហើយការកាត់បន្ថយសំណល់ថង់ប្លាស្ទិក គឺត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ជាអាទិភាពក្នុងការគ្រប់គ្រងពីរដ្ឋាភិបាលកម្ពុជានិងប្រទេសនៅទូទាំងពិភពលោក។ បើតាម អះអាងពីក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថា ថង់ប្លាស្ទិកជាឃាតកមុខស្រស់ ដែលបង្កឲ្យអ្នកប្រើប្រាស់ស្លាប់ដោយភាពញញឹម។ តើមូលហេតុអ្វីបានជាសំណល់ថង់ប្លាស្ទិក មានវត្តមានកាន់តែច្រើននៅតាមទីសាធារណៈ ដងផ្លូវ និងគ្រប់ទីកន្លែង? តើយើងគួរដោះស្រាយដោយរបៀបណា?សូមស្តាប់គួន សំបូរ

បច្ចុប្បន្ននៅប្រទេសកម្ពុជា ថង់ប្លាស្ទិកបានក្លាយជាសម្ភារ វេចខ្ចប់របស់របរប្រើប្រាស់ ដែលអត់មិនបាន សម្រាប់ប្រជាជនខ្មែរ។ ការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងច្រើនលើសលប់នេះ អាចនិយាយបានថា មិនមែនជាការនិយមនោះទេ តែគឺជាទម្លាប់ដែលកាត់មិនបាន ដោយមិនបានដឹងខ្លួន។ គិតជាភាគរយវត្តមានសំណល់ថង់ប្លាស្ទិក មានប្រមាណ២០% នៃសំរាមសំណល់រឹងនៅទីប្រជុំជន ដែលត្រូវគេបោះ ចោលនៅទីលានចាក់សំរាម និងបោះចោល ពាសវាលពាសកាលតាមដងផ្លូវ និងទីសាធារណៈ។ នេះបើតាមការអះអាង របស់ក្រសួងបរិស្ថាន ដែលចុះផ្សាយកាលពីឆ្នាំ២០១៦។

ការកើនឡើងនៃសំណល់ថង់ប្លាស្ទិកយ៉ាងសម្បើម មិនមែនជាបញ្ហាប្រឈម តែនៅប្រទេសកម្ពុជា តែគឺជាបញ្ហាប្រឈមរួមមួយរបស់ពិភពលោក។ ងាកមកប្រជាជនកម្ពុជាវិញ ទោះបីជាផលប៉ះពាល់នៃសំណល់ប្លាស្ទិក ត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយក្តី ក៏ប្រជាជនកម្ពុជាភាគច្រើន មិនទាន់ចាប់ អារម្មណ៍និងនាំគ្នាកាត់បន្ថយការប្រើប្រាស់នោះដែរ។ ជាបញ្ហាប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សោភ័ណភាពទីក្រុង ការកកស្ទះប្រព័ន្ធលូ បង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វគ្រប់ប្រភេទ សុខភាពសាធារណៈ និងបរិស្ថាន ដោយសារតែសំណល់នេះ ជាប្រភេទសំណល់ដែលមិនងាយពុកផុយ និងពោរពេញដោយសារធាតុគីមី មានជាតិពុល។

មូលហេតុអ្វី?ដោះស្រាយដោយរបៀបណា? ឬសគល់ទី១ ចេញពីប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋម្នាក់ណាក៏និយាយថា ខ្លួនស្រឡាញ់បរិស្ថាន ចង់បានបរិស្ថានស្រស់ថ្លា ល្អបំព្រងក្នុងការរស់នៅ។ ប្រជាជនរូបណាក៏ខ្លាច សុខភាពរបស់ខ្លួន ត្រូវរងការបំផ្លាញ ពីសារធាតុគីមី ពីផ្សែងពុល។ ក៏ប៉ុន្តែសំរាមប្លាស្ទិកនៅទីសាធារណៈ សួនច្បារ ផ្សារ កន្លែងកម្សាន្ត រមណីយដ្ឋាន វត្តអារាម និងកន្លែងជាច្រើនទៀត គឺជាប្រជាជនខ្លួនឯង ដែលចោលពាសវាលពាសកាល ប្រជាជនខ្លួនឯងដែលបង្កើតសំរាមប្លាស្ទិក បោះចោលសំរាមប្លាស្ទិក។ ប្រជាជនមួយចំនួន ហាក់មិនឲ្យតម្លៃចំពោះកន្លែងសាធារណៈ សកម្មភាពនេះ ដោយសារតែពួកគេយល់ថា មិនមែនជាផ្ទះ របស់ខ្លួន ទីតាំងដែលខ្លួនរស់នៅ ម្យ៉ាងទៀតការរំពឹងថា មានអ្នកសំអាត ដែលជាបន្ទុករបស់រដ្ឋ នាំឲ្យពួកគេបោះបង់កាតព្វកិច្ចជាពលរដ្ឋជួយសង្គមតាមរយៈការទទួលខុសត្រូវលើសំរាមរបស់ខ្លួន។

ឬសគល់ទី២ ការខ្វះភាពយល់ដឹង៖ ត្រូវតែទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរភាគច្រើន នៅមិនទាន់ បានយល់ច្រើន មិនទាន់ខ្លាចពីផលប៉ះពាល់បង្កឡើងពីសំណល់ថង់ប្លាស្ទិកឡើយ។ ទោះជាមានការផ្សព្វផ្សាយក្តី ក៏ពលរដ្ឋមួយចំនួននៅតែគិតថា ពួកគេគ្មានជម្រើសក្នុងការមិនប្រើប្រាស់ថង់ប្លាស្ទិក ក្នុងជីវភាពរស់នៅផងដែរ។ ថង់ប្លាស្ទិក គឺជាសម្ភារវេចខ្ចប់របស់របរប្រើប្រាស់ ភាគច្រើនការចែកចាយថង់ប្លាស្ទិក ចេញមកពីប្រភពផ្សារលក់អាហារ និងបន្លែនៅក្នុងប្រទេសកម្ពុជា។ តាមការស្រាវជ្រាវរបស់អង្គការ ACRA បានឲ្យដឹងថា ផ្សារលក់អាហារនៅកម្ពុជា ជាប្រភពចែកចាញថង់ប្លាស្ទិកធំជាងគេដោយក្នុងនោះប្រជាជនម្នាក់ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកអស់ចំនួន២០០ថង់ក្នុងមួយខែ ដែលស្មើប្រមាណ២៧០០ថង់ ក្នុងមួយឆ្នាំ។

ឬសគល់ទី៣ ការផ្សព្វផ្សាយនៅមានកំរិត៖ កន្លងមកទោះមានការផ្សព្វផ្សាយ ពីផលប៉ះពាល បង្កដោយសំណល់ថង់ប្លាស្ទិក និងអំពាវនាវ ឲ្យមានការកាត់បន្ថយក្តី ក៏ការផ្សព្វផ្សាយជ្រួតជ្រាប បានតែប្រជាជន មួយផ្នែកតូច ជ្រួតជ្រាបបានតែប្រជាជននៅទីក្រុង យុវជនតែប៉ុណ្ណោះ តែប្រជាជនតាមទីជនបទ ប្រជាជនដែលមានវ័យចំណាស់ ហាក់មិនបានចាប់អារម្មណ៍ និងផ្លាស់ប្តូរទម្លាប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ឬសគល់ទី៤ កង្វះការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាមឯកជន៖ ក្រុមហ៊ុនប្រមូលសំរាមឯកជន មិនបានមកប្រមូលសំរាមទៀងទាត់ តាមគោលដៅខ្លួនឡើយ ដូច្នេះហើយធុងសំរាមខ្លះបានពេញហៀរ រឺទីតាំងចោលសំរាម ប្រែក្លាយទៅជាឥតសណ្តាប់ធ្នាប់ ក្នុងនោះកង្វះធុងសំរាមក៏ជាបញ្ហាចំបង នាំឲ្យមានការចោលសំរាមពាសវាលពាសកាលផងដែរ។

ជារួមមកវិញ ដើម្បីទប់ស្តាប់កុំឲ្យកំណើនសំណល់ថង់ប្លាស្ទិក និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ទី១ ចាប់ផ្តើមពីការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅពីផលវិបាកនៃការប្រើប្រាស់ថង់ប្លាស្ទិកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ជាពិសេសត្រូវផ្សព្វផ្សាយនៅតាមផ្សារលក់អាហារ កន្លែងទីសាធារណៈនិងសាលារៀន ដើម្បីឲ្យពួកគេយល់ដឹង

ទី២ អាជ្ញាធរត្រូវធ្វើការរឹតបន្តឹងចំពោះក្រុមហ៊ុនប្រមូលសំរាមឯកជន ឲ្យប្រមូលសំរាមទៀងទាត់តាមគោលដៅខ្លួន ហើយត្រូវរៀបចំបែងចែកសំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវដាក់សំរាម សំណល់ថង់ប្លាស្ទិកដាច់ដោយឡែក។

ទី៣ ត្រូវពន្យល់ពលរដ្ឋឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈ«បញ្ចូលទំនិញក្នុងថង់តែមួយ» ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតរដ្ឋាភិបាល គួរធ្វើការជាមួយនឹង ក្រុមហ៊ុនបើកផ្សារទំនើបនានា ឲ្យផ្សព្វផ្សាយពីផលប៉ះពាល់ លើការវេចខ្ចប់ទំនិញ ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមលទ្ធភាពដែលអាចធ្វើបាន ។

ទី៤ រដ្ឋាភិបាល ឬក្រសួងបរិស្ថាន គួរតែពិនិត្យក្នុងការរៀបចំច្បាប់ ឬសារាចរណ៍ពីការប្រើប្រាស់ថង់ប្លាស្ទិក។ មានន័យថា ប្រជាជនអាចប្រើថង់ប្លាស្ទិកបាន ប្រសិនបើពួកគេជ្រើសរើសវា តែត្រូវបង់ប្រាក់បន្ថែមក្នុងកម្រិតទាប់ណាមួយ។ ដោយឡែកសម្រាប់វត្ថុវេចខ្ចប់ដែលមិនប៉ះពាល់ ដល់សុខភាពរបស់ពលរដ្ឋ រដ្ឋត្រូវតែលើកទឹកចិត្តដល់អ្នកប្រើប្រាស់។ ក្នុងនោះគួរមានការរឹតបន្តឹងបន្ថែមលើការផាកពិន័យ អ្នកចោលសំរាមតាមទីសាធារណៈផងដែរ។

ទី៥ ពលរដ្ឋខ្លួនឯងត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ ជាការចូលរួមយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពនិងជួយផ្សព្វផ្សាយបន្ត ព្រមទាំងចូលរួមដាស់តឿនដល់ពលរដ្ឋដ៏ទៃ។ ទី៦ ជាចំណុចសំខាន់ គឺដើម្បីទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនេះ រដ្ឋត្រូវមានគោលការណ៍ លើកទឹកចិត្តឲ្យមានការ ប្រើប្រាស់ឡើងវិញ ឬក៏បង្កើតរោងចក្រកែច្នៃសំណល់ថង់ប្លាស្ទិកឡើងវិញ ដែលជាដំណោះស្រាយល្អបំផុត។

គួរបញ្ជាក់ថា ថង់ប្លាស្ទិក បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្សសត្វ។ វាបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជន តាមរយៈទឹកជំនន់និងការបូមទឹកយកមកប្រើប្រាស់នោះឯង។ នេះក៏ព្រោះតែប្រជាជនខ្មែរនៅពុំទាន់មានការស្វែងយល់នូវផល ប៉ះពាល់និងគ្រោះថ្នាក់ពីការដុតថង់ប្លាស្ទិក។

ចំណែកផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ (ឧស្ម័នកាបូនិក) ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។ តាមរបាយការណ៍របស់ក្រសួងបរិស្ថានកម្ពុជា បានបញ្ជាក់ថា នៅក្នុងមួយថ្ងៃយើងប្រើប្រាស់ថង់ប្លាស្ទិក ៣ពាន់លានថង់ទូទាំងពិភពលោក។ហើយនៅប្រទេសកម្ពុជាវិញ បើគិតតែនៅក្នុងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃយើង ប្រើប្រាស់ថង់ប្លាស្ទិកអស់១លាន់ថង់៕ 

ព័ត៌មានផ្សេងទៀត