សិស្ស​IT​មួយរូប​បង្កើត​កម្មវិធី​ប្រតិទិន​ចន្ទគតិ​ក្រោយ​ឃើញ​ពី​ប្រយោជន៍​ដល់​សង្គម​

28-12-2017 7:55 pm 1244

​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ លោក ហេ រដ្ឋា អះអាងថា ការប្រើប្រាស់​ប្រតិទិន​ចន្ទគតិ​នៅក្នុង​សង្គម​ខ្មែរ គឺ​ពិតជា​មាន​ប្រយោជន៍​ដល់​សង្គម ខណៈ​ពុទ្ធសាសនិក​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន តែ​ពុំ​សូវ​បានដឹង​អំពី​ប្រតិទិន​ចន្ទគតិ​ជ្រៅជ្រះ​នៅឡើយ ។ ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​វ័យក្មេង​រូបនេះ ស្នើ​ឱ្យ​ពលរដ្ឋ​ទូទៅ ពិសេស​យុវជន​ងាក​មក​គាំទ្រ​កម្មវិធី​ទូរស័ព្ទដៃ​ជា​ភាសា​ខ្មែរ ដែល​ជា​ស្នាដៃ​ផលិត​របស់​កូន​ខ្មែរ ដើម្បី​ជា​ការលើកទឹកចិត្ត​ផង និង​ផ្តល់​ជា​ចំណូល​បន្ទាប់បន្សំ​ផង​។

ស្តាប់បទយកការណ៍ជាសំឡេង ៖

​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ខណៈ​រដ្ឋាភិបាល​បានប្រកាស​ឱ្យ​ប្រើប្រាស់​កាលបរិច្ឆេទ​តាម​ចន្ទគតិ នៅលើ​លិខិត​រដ្ឋបាល និង​គតិយុត្ត កាលពី​ពេល​ថ្មីៗ​នេះ ។ ចំពោះ​ប្រវត្តិ​នៃ​ការកកើត ឬ​ប្រើប្រាស់ ប្រតិទិន​ចន្ទគតិ ឬ​សុរិយគតិ យើងខ្ញុំ​នឹង​ស្រាវជ្រាវ​ស្វែងរក​ជូន​ប្រិយមិត្ត​នៅ​សប្តាហ៍​ក្រោយ ដោយឡែក សប្តាហ៍​នេះ យើងខ្ញុំ​នឹង​ជម្រាបជូន​លោក​អ្នក​អំពី​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ​សិន ។​

​លោក ហេ រដ្ឋា គឺជា​ស្ថាបនិក​កម្មវិធី​នេះ ដែល​សព្វថ្ងៃ​លោក​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​សរសេរ​កម្មវិធី​ទូរស័ព្ទ សម្រាប់​ប្រព័ន្ធ Andriod ឯកជន​មួយ​កន្លែង ។ ចំពោះ​ការងារ​ផលិត​កម្មវិធី​ទូរស័ព្ទ​ទាក់ទង​នឹង​ប្រតិទិន​ចន្ទគតិ​នោះ គឺជា​ការងារ​ក្រៅ​ម៉ោង​របស់​លោក​ប៉ុណ្ណោះ ។​

​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ​រូបនេះ​បាន​ប្រាប់​ខ្ញុំ​ថា កម្មវិធី​នេះ លោក​បាន​បង្កើតឡើង​ដំបូង​គេ​បង្អស់​ក្នុងចំណោម​កម្មវិធី​ទាំង​៥ ដែល​មាន​រយៈពេល​៣​ឆ្នាំ​មកហើយ ចំណែក​ឯ​កម្មវិធី​៤​ផ្សេងទៀត គឺ​លោក​បង្កើត​តាម​ក្រោយៗ​បន្ត​មក​ទៀត អ្វី​ដែល​កត់សម្គាល់​នោះ​គឺ កម្មវិធី​ប្រតិទិន​ចន្ទគតិ​នេះ មាន​ការគាំទ្រ​ច្រើន​ជាង​គេ តាំងពីដើម​មកដល់​បច្ចុប្បន្ន ។​

​រដ្ឋា​បាន​ប្រាប់​ខ្ញុំ​ថា ការប្រើប្រាស់​ប្រតិទិន​ចន្ទ​គតិ​នៅក្នុង​សង្គម​កម្ពុជា គឺ​ពិតជា​មាន​ផលប្រយោជន៍ ប្រយោជន៍​ត្រង់​ថា សង្គម​ខ្មែរ​ភាគច្រើន គោរព​សាសនាព្រះពុទ្ធ ម្យ៉ាង​វា​ក៏​ងាយស្រួល​ឱ្យ​ពុទ្ធសាសនិក​អាច​ដឹង​ពី​បុណ្យទាន​ផ្សេងៗ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក៏​ប៉ុន្តែ​វា​ក៏​គួរតែ​ប្រើប្រាស់​ស្របគ្នា​ជាមួយនឹង​ប្រតិទិន​សុរិយគតិ​ដែរ ។​

​យុវជន​វ័យ​២៤​ឆ្នាំ​រូប​នេះ ប្រាប់​ខ្ញុំ​អំពី​មូលហេតុ​នៃ​ការផលិត​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ​ថា គោលបំណង​ដំបូង​នៃ​ការបង្កើត​គឺ​ដោយសារ​លោក​មើលឃើញ​ពីសារ​ប្រយោជន៍​របស់​កម្មវិធី​ចំ​ពោះ​ខ្លួនឯង​ផង ពលរដ្ឋ​ទូទៅ​ផង ណា​មួយ​វា​ក៏​ទុក​ដូចជា​ស្នាដៃ​ដំបូង​របស់​លោក កាល​ពី​កំពុង​សិក្សា​ឆ្នាំ​ទី​បួន​ផង ពិសេស​ក៏​ជា​ចំណូល​បន្ទាប់បន្សំ​មួយ​ផង​ដែរ​…
​សំឡេង ៖

​រដ្ឋា​បាន​អះអាង​ប្រាប់​ខ្ញុំ​ថា កម្មវិធី​ដែល​គាត់​បាន​ធ្វើ​កន្លងមក គឺ​ត្រូវ​ចំណាយពេល​១​ខែ​ទៅ​២​ខែ​ដើម្បី​បង្កើត និង​ត្រូវ​ចំណាយ​ពេល​បន្តៗ​ទៀត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ។​
​បើ​តាម​យុវជន​វ័យក្មេង​រូបនេះ បាន​ប្រាប់​ខ្ញុំ​បន្តថា សព្វថ្ងៃ​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ មាន​ប្រមាណ ជាង​៥​សែន​នាក់ ដែល​បាន​ទាញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ តែ​លោក​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ចំនួន​តួលេខ​អ្នកប្រើប្រាស់​ជាក់ស្តែង មាន​តែ​ពាក់កណ្តាល​ទេ គឺ​ប្រមាណ ២​សែន​៥​ម៉ឺន​នាក់ ។​

​រដ្ឋា​បញ្ជាក់ប្រាប់​ខ្ញុំ​ថា ប្រតិទិន​ចន្ទគតិ​នេះ ដំបូង​ឡើយ​មាន​ចំនួន​អ្នក​ទាញ​យក​ប្រើប្រាស់​តែ​៤០ ទៅ​៥០​នាក់​ប៉ុណ្ណោះ តែ​ក្រោយៗ​មក​ក៏​លោក​បន្ត​ធ្វើ​បច្ចុប្បន្នភាព​រហូត​ទទួលបាន​ការគាំទ្រ​ច្រើន ដែល​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់រ​ហូត​ដល់​ទៅ​៥០០​នាក់​…
​សំឡេង ៖

​កាន់​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​បណ្តើរ​និយាយ​ពន្យល់​ប្រាប់​ខ្ញុំ​បណ្តើរ អំពី​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទ​គតិ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត​របស់​កម្មវិធី​នេះ គឺ​មាន​ការ​ចងក្រង​ទិន្នន័យ​ពី​ឆ្នាំ ១៩០០ ដល់​ឆ្នាំ ២១០០ ដែល​កត្តា​នេះ វា​បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​អាច​ស្វែងរក​ថ្ងៃ​កំណើត​របស់​ខ្លួន​ជា​ចន្ទគតិ​បាន​យ៉ាង​លឿន​ដោយ​ខ្លួនឯង​។​

​ក្រៅ​ពី​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទ​គតិ ដែល​បាន​ឈរ​លើ​លំដាប់​កំពូល​ពី​ការគាំទ្រ​របស់​អ្នកប្រើប្រាស់ កម្មវិធី​៤​ផ្សេង​ទៀត​របស់​លោក បាន​ឈរ​លើ​លេខ​រៀង​ជា​លំដាប់​បន្តបន្ទាប់ ដូចជា កម្មវិធី​ព្យាករណ៍​ឧតុនិយម ត្រីវិស័យ ល្បែង​ខ្លា​ឃ្លោក និង​ចុងក្រោយ​ការ​គឺ​ល្បែង​ស្វែងរក​ពាក្យ​ខ្មែរ​..
សំឡេង ៖

​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ​ប្រាប់​ខ្ញុំ​អំពី​ប្រវត្តិ​នៃ​ការសិក្សា​ក្រៅ​សាលា​របស់​លោក​ថា កាលដើមឡើយ លោក​បាន​ទៅ​រៀន​ជំនាញ​កម្មវិធី​ទូរស័ព្ទ Andriod នៅ​ក្រៅ​សាលា​ជា​ជំនាញ​ក្រៅ​ខ្លួន ដោយ​សារ​ជា​ចំណង់​ខ្លួនឯង​ផង និង​មាន​ការផ្តល់​មតិយោបល់​ពី​គ្រូបង្រៀន​របស់​លោក​ផង ក៏​សម្រេចចិត្ត​ទៅ​រៀន​ធ្វើ​កម្មវិធី​ទូរស័ព្ទ​នេះ​តែម្តង ។​

​ដោយឡែក​បើ​និយាយ​អំពី​កម្មវិធី​ទូរស័ព្ទ​ទាំង​ប្រាំ​របស់​លោក គឺ​លោក​បាន​បង្កើត​តែ​នៅលើ​ប្រព័ន្ធ Andriod តែប៉ុណ្ណោះ ។ សព្វថ្ងៃ​ស្ថាបនិក​វ័យក្មេង​រូបនេះ ក៏​កំពុង​សិក្សា​បន្ថែម​ទៅលើ​ការផលិត​កម្មវិធី​លើ​ប្រព័ន្ធ IOS ដែរ ក៏​ព្រោះ​មាន​អ្នកប្រើប្រាស់​សំណូមពរ ឱ្យមាន​កម្មវិធី​ទូរស័ព្ទ​ទាំងនេះ ទៅក្នុង​ប្រព័ន្ធ IOS ដូចជា Iphone ជាដើម ។​

​នៅពេល​សួរ​ថា តើ​ការផលិត​កម្មវិធី​ទូរស័ព្ទ​របស់​រដ្ឋា មាន​ការលំបាក ឬ​ប្រឈម​អ្វីខ្លះ​? ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ប្រតិទិន​ចន្ទគតិ​វ័យក្មេង​រូបនេះ ឆ្លើយ​ប្រាប់​ខ្ញុំ​ថា គឺមាន​តែ​កត្តា​ពេលវេលា និង​ត្រូវ​ប្រើប្រាស់​ការគិត​ច្រើន រហូត​ដល់​ជ្រុះ​សក់​ក៏មាន​…
​សំឡេង ៖

​ជា​ទស្សនវិស័យ​ទៅ​ពេលខាងមុខ លោក​បាន​ប្រាប់​ខ្ញុំ​ថា លោក​នឹង​ព្យាយាម​កែលម្អ និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទូរស័ព្ទ​ដែល​កំពុង​មាន​សព្វថ្ងៃ ពិសេស​គឺ​អភិវឌ្ឍ​វា​ទៅ​លើ​ប្រព័ន្ធ IOS ស្រប​តាម​ការស្នើសុំ​ពី​អ្នកប្រើប្រាស់ ។ ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ដែល​និយម​ប្រើប្រាស់​ភាសាជាតិ​រូបនេះ ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ឱ្យ​គាំទ្រ​ដល់​កម្មវិធី​ទូរស័ព្ទដៃ​ជា​ភាសា​ខ្មែរ​របស់​កូន​ខ្មែរ​ដែល​បាន​ផលិត​ទាំងអស់ ដើម្បី​ជា​ការលើកទឹកចិត្ត​ផង និង​ផ្តល់​ជា​ចំណូល​បន្ទាប់បន្សំ​ដល់​អ្នក​ផលិត​ផង​…
​សំឡេង ៖

​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​វ័យក្មេង​រូបនេះ ប្រាប់​ជា​គំនិត​យោបល់​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ គួរ​ងាក​ចាប់ផ្តើម​ផលិត​កម្មវិធី​ទូរស័ព្ទ ឬ​គេហទំព័រ​ដើម្បី​ទុកជា​ស្នាដៃ ទុក​ជា​ទុន​ក្នុង​ការស្វែងរក​ការងារ​ល្អៗ​ធ្វើ​ក្រោយ​រៀន​ចប់​…
​សំឡេង ៖

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត