ការបកស្រាយ​ខុសគ្នា​​នៅក្នុង​លិខិត​​របស់​ក្រុមហ៊ុន​​បញ្ជា​ទិញ​​ដ៏​ធំ​ពី​​កម្ពុជា ​Walmart​

28-12-2017 4:45 pm 1443

​មន្ត្រី​គណបក្សកាន់អំណាច និង​ក្រុមប្រឆាំង បកស្រាយ​ខុសគ្នា​ជុំវិញ​លិខិត​របស់​ក្រុមហ៊ុន Walmart ដែល​ផ្ញើមក​កម្ពុជា​តាំងពីដើម​ខែធ្នូ និង​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅពេល​ថ្មីៗ​នេះ​។ មន្ត្រី​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​លិខិត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ដ៏​ធំ​មួយ​នេះ​ថា​ជា​បរាជ័យ​របស់​ក្រុម​អតីត​បក្សប្រឆាំង ចំពោះ​ការជំរុញឲ្យ​ផ្អាក​ការបញ្ជាទិញ​។ ប៉ុន្តែ មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ អះអាងថា លិខិត​របស់​ក្រុមហ៊ុន Walmart គឺជា​ការព្រមាន និង​ដាស់តឿន​ដល់​រដ្ឋាភិបាល​កម្ពុជា​។

​នៅក្នុង​លិខិត​របស់​ក្រុមហ៊ុន Walmart ដែលជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ដ៏​ធំ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​​ទាំង​​ចំណុច​វិជ្ជមាន​នៅក្នុង​វិស័យ​ទីផ្សារ​របស់​កម្ពុជា រួមទាំង​ការដាក់​លក្ខខណ្ឌ​មួយចំនួន​ដល់​រដ្ឋាភិបាល​ប្រទេសមួយ​នេះ​ផងដែរ​។

​មែនទែនទៅ Walmart បាន​បញ្ជាក់ថា ក្រុមហ៊ុន​សង្ឃឹម​នឹងធ្វើ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៨​ខាងមុខ​ទៀត​។ ប៉ុន្តែ ក្រុមហ៊ុន​ដែលជា​អ្នក​នាំចេញ​ផលិតផល​ស្បែកជើង​ឈានមុខ​គេ និង​ជា​អ្នក​នាំចេញ​សម្លៀកបំពាក់​លំដាប់​ទី​២ របស់​ប្រទេស​កម្ពុ​ជាមួយនេះ ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើឲ្យ​ប្រសើ​រដល់​លក្ខខណ្ឌ​ការងា​ររបស់​កម្មករ និង​ការប្រព្រឹត្តិ​ដោយ​យុត្តិធម៌​ជាមួយ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​អាមេរិក ដោយ​អនុលោម​តាម​បទដ្ឋាន និង​វិធានការ​អន្តរជាតិ ដើម្បីឲ្យ​ការវិនិយោគក្នុង​ទីផ្សារមួយ​នេះមាន​រយៈពេល​យូរអង្វែង​។​

​តាមរយៈ​លិខិត​នេះ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាងថា ក្រុមហ៊ុន​មួយ​នេះ កោត​ស​សើរ​លក្ខខណ្ឌ​ការងារ​ល្អ​នៅ​ក្នុងប្រទេស និង​ពលករ​នៅ​ក្រៅប្រទេស ហើយ​មាន​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា​។ លោក​បានបង្ហាញ​សុទិដ្ឋនិយមថា ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ នឹង​បន្ត​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​ពី​កម្ពុជា និង​បន្ថែម​ការវិនិយោគ​នៅ​ឆ្នាំ​២០១៨ ថែមទៀត​។

​ដោយឡែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ចាត់ទុក​ការប្រកាស​របស់​ក្រុមហ៊ុន Walmart នេះ ជា​ការទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អតីតមន្ត្រី​គណបក្សប្រឆាំង ដែល​ព្យាយាម​ញុះញង់ និង​បញ្ចុះបញ្ចូល​ឲ្យ​អន្តរជាតិ​កាត់ផ្តាច់​ការអនុគ្រោះ​ពន្ធ និង​បិទ​ការនាំ​ចូល​ទំនិញ​ពី​កម្ពុជា​នោះ​។ លោក​សុខ ឥសាន បាន​បញ្ជាក់ដែរថា ការគូសបញ្ជាក់​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ គឺជា​ការលើកទឹកចិត្ត​កម្មករនិយោជិត​កម្ពុ​ជា​ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត និង​មាន​ក្តីសង្ឃឹម​ចំពោះ​អនាគត​ការងារ​របស់ខ្លួន​តទៅ​ថ្ងៃមុខ​ទៀត​។ ចំណែកឯ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយចំនួនទៀត ក៏​សុទ្ធតែ​មើលឃើញ​ពីសារ​វិជ្ជមាន​ដល់​កម្ពុជា ចំពោះ​លិខិត​របស់​ក្រុមហ៊ុន Walmart នេះដែរ​។​

ទោះជា​យ៉ាងណា កញ្ញា​កឹម មនោ​វិទ្យា កូនស្រី​លោក​កឹម សុខា និង​ជា​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ការលើកឡើង​ដែលថា​ក្រុមហ៊ុន Walmart យល់ព្រម​ទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា​នោះ ជា​ការបកស្រាយ​ខុសពី​អត្ថន័យ​នៅក្នុង​លិខិត​មួយ​នេះ ដោយ​កញ្ញា​ថា ជា​ព័ត៌មាន​បន្លំ​។ កញ្ញា​កឹម មនោ​វិទ្យា បាន​សរសេរ​នៅលើ​គណនី​ហ្វេ​សប៊ុក កាលពី​ថ្ងៃទី​២៧​ធ្នូ​ថា ក្នុង​លិខិត​មួយ​នេះ​ពុំមាន​ការនិយាយ​ដូច្នោះ​ឡើយ ផ្ទុយទៅវិញ​ក្រុមហ៊ុន Walmart បាន​បញ្ជាក់ថា​៖ «​ការពង្រីក​របស់​យើង​នៅ​កម្ពុជា​គឺ​អាស្រ័យ​លើ​បរិយាកាស​ពាណិជ្ជកម្ម ស្ថេរភាព ការ​អាច​ព្យាករណ៍​បាន និង​នីតិរដ្ឋ​...​អតិថិជន​របស់​យើង​តម្រូវឲ្យ​យើង​មាន​ស្តង់ដារ​ខ្ពស់ និង​ចាប់អារម្មណ៍​ទៅលើ​លក្ខខណ្ឌ​សង្គម និង​ការងារ​នៅ​ប្រទេស​ដែលជា​ប្រភព​នៃ​ផលិតផល​របស់​យើង​។ ដោយ​ហេតុនេះហើយ យើង​សូមឲ្យ​រដ្ឋាភិបា​លរបស់​អ្នក​បន្តកែល​ម្អ​លក្ខខណ្ឌ​ការងារ​កម្មករ​រោងចក្រ​កម្ពុជា និង​ប្រព្រឹត្តទៅ​លើ​រដ្ឋាភិបាល​របស់​យើង (​រដ្ឋាភិបាល​អាមេរិក​) និង​សង្គម​ស៊ីវិល​ដោយ​ភាពយុត្តិធម៌​។​»

​ជារួម មន្ត្រី​អតីត​គណបក្សប្រឆាំង​រូបនេះ បាន​អះអាងថា លិខិត​មួយ​នេះ​គឺ​ជាការ​ដាស់តឿន​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​កម្មករ និង​សង្គម​ស៊ីវិល ហើយ​កុំឲ្យ​វាយប្រហារ​ទៅលើ​រដ្ឋាភិបា​លរបស់​គេ ពោលគឺ​រដ្ឋាភិបាល​អាមេរិក​។ រីឯ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បញ្ជាក់​បន្ថែមថា ក្រុមហ៊ុន​ដ៏​ធំ Walmart របស់​សហរដ្ឋអាមេរិក​បានដាក់​លក្ខខណ្ឌ​ជាក់លាក់ ព្រមាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ត្រូវធ្វើ​តាម​លក្ខខណ្ឌ​ទាំងនេះ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​នេះ​នឹង​បញ្ឈប់​ការបញ្ជាទិញ​ពី​កម្ពុជា​។ ហើយ​ពួកគេ​ក៏បាន​ចំអក​ទៅ​មន្ត្រី​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការបកស្រាយ​ខុសពី​អត្ថន័យ​ក្នុង​លិខិត​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ សម្រាប់​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា យល់ថា តាមរយៈ​លិខិត​របស់​ក្រុមហ៊ុន Walmart គឺ​បានបង្ហាញ​យ៉ាងច្បាស់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​កម្មករ ស្ថេរភាព​នយោបាយ និង​ភាពរឹងមាំ​ក្នុង​វិស័យ​ឧស្សាហកម្ម ដើម្បី​បន្ត​បញ្ជា​ទិញ​ពី​កម្ពុជា​។ ប៉ុន្តែ លោក​បញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​មិនបាន​គោរព​តាម​លក្ខខណ្ឌ​ទាំងនេះ​ទេ នោះ​នឹង​ធ្វើឲ្យមាន​បញ្ហា​ដល់​សេដ្ឋកិច្ច​កម្ពុជា​....
​សំឡេង​លោក​អាត់ ធន់​៖

​គួរ​កត់សម្គាល់ថា ការ​រំឭក​ពី​លក្ខខណ្ឌ​ពី​សំណាក់​ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈប្រតិភូ​របស់ខ្លួន​បានមក​សិក្សា​អំពី​ស្ថានភាព​ទីផ្សារ​ផលិតផល​ទំនិញ​នៅ​កម្ពុជា ចំពេល​អាមេរិក និង​សហភាព​អឺរ៉ុប បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រឹតបន្តឹង​មកលើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​ព្យួរ​ការ​ពន្ធ​អនុគ្រោះ​នាំចេញ ដែលជា​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​ដំណាក់កាល​ដំបូង​ដល់​កម្ពុជា​។ ជុំវិញ​ការដាក់​សម្ពាធមក​លើ​កម្ពុជា​ពី​អន្តរជាតិ​នេះ ជា​ការពិត វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ច​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោ​កគិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​បែបនេះ​ក្តី លោក​គិន ភា បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ការដាក់​គំនាប ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នោះ វា​មិន​ដល់​ថ្នាក់​ធ្វើឲ្យ​កម្ពុជា​ស្លាប់​នោះទេ ដោយ​លោក​សំអាង​លើ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​។ លោក​ក៏​ហ៊ាន​អះអាង​ដែរថា នៅ​​ដំណាក់​កាល​​នេះ កម្ពុជា​អាច​ដើរ​ដោយ​ខ្លួនឯងបាន ដោយ​មិនចាំបាច់​ពឹង​បរទេស​ឡើយ​៕

ព័ត៌មានផ្សេងទៀត