វិធីសាស្ត្រ​ដាំ​ស្ត្របឺ​រី នៅក្នុង​ផើង​ងាយៗ​

28-12-2017 2:53 pm 1162

​ស្ត្របឺ​រី (Strawberry) ជា​ប្រភេទ​ផ្លែឈើ​ផ្តល់​សុខភាព និង​សម្រស់​ដែល​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ពេញនិយម​ទទួលទាន ពិសេស​នោះ​គឺ​វា​បាន​ដាំ​ដុះ​លើ​ទឹកដី​កម្ពុជា​រួច​មក​ហើយ ។ វា​ជា​ប្រភេទ​ដំណាំ​ទាមទារ​អាកាសធាតុ​ត្រជាក់ ។ 

​ស្ត្របឺ​រី គឺជា​រុក្ខជាតិ​ម្យ៉ាង​ផ្តល់​ផ្លែ មាន​ដើម​ទាប មាន​ស្លឹក​បី​ទល់នឹង​ទង​ជាប់​គ្នា និង​មាន​រោម​ច្រើន ចំណែកឯ​ផ្កា​មាន​ពណ៌​ស ។ ផ្លែ​ស្ត្របឺ​រី  មាន​រាង​ដូច​បេះដូង និង​មាន​ក្លិនក្រអូប​នៅពេល​ផ្លែ​ទុំ ។ សព្វថ្ងៃ ពូជ​ស្ត្របឺ​រី មាន​បី​ប្រភេទ គឺ​មកពី​អាមេរិក អេ​ស្ប៉ាញ វៀតណាម និង​កូរ៉េ ។ នៅ​កម្ពុជា គេ​និយម​យក​ពូជ​ស្ត្របឺ​រី មកពី​អាមេរិក ។ 

​ប្រសិន​បើ​លោក​អ្នក​ចាប់អារម្មណ៍ ទិញ​កូនស្ត្រ​បឺរី (Strawberry) សូម​ទាក់ទង​លោក អ៊ូច សំបូរ អ្នកជំនាញ​ខាង​ដាំ​ដុះ​ស្ត្របឺ​រី តាមរយៈ​ទូរស័ព្ទ​លេខ ០៩៨ ៤៤ ៣៣ ៧៦ ។​

​ការរៀបចំ​ដាំ​ដុះ ៖
- ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ​ល្មម ទៅ​នឹង​ដើម​ស្ត្របឺ​រី 
- ដី​មាន​ជីជាតិ (​ដី​ត្រូវ​សមស្រប​តាម​ដំណាំ​ស្ត្របឺ​រី )
- កូនស្ត្រ​បឺរី 
- គួរ​ចាប់ផ្តើម​ដាំ​ដុះ​ស្ត្របឺ​រី  ចាប់ពី​ចុង​ខែ​វិច្ឆិកា រហូត​ដល់​ដើម​ខែ​ធ្នូ (​អំឡុង​ខែ​ចុះ​ត្រជាក់​)

​ការដាំដុះ ៖
- ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ​
- យក​កូនស្ត្រ​បឺរី  ដាក់​កប់​ក្នុង​រណ្តៅ​ដី​ក្នុង​ផើង​
- រួច​ហើយ​ស្រោច​ទឹក​
- រយៈពេល​២​ខែ​កន្លះ ទៅ ៣​ខែ ស្ត្របឺ​រី  នឹង​ចាប់ផ្តើម​ផ្លែ​

​ការថែទាំ ៖
- ស្រោច​ទឹក​ជាប្រចាំ ឱ្យបាន​ទៀងទាត់ ២​ថ្ងៃ​ម្តង ព្រឹក​ម្តង និង​ល្ងាច​ម្តង​

​ការប្រមូល​ផល ៖
- បើសិនជា​យើង​ដាំ​ដុះ​ច្រើន​ផើង នោះ​ត្រូវ​ប្រឡេះ​យក​តែ​ផ្លែ​ណា​ដែល​ទុំ​ប៉ុណ្ណោះ 
- ក្នុង​មួយ​ដើម​អាច​ប្រមូល​ផល​បាន​ប្រមាណ ១,៥​គី​ឡូ ទៅ​១,៨​គី​ឡូ ហើយ​វា​មាន​អាយុកាល​រហូតដល់​១៦​ខែ ទៅ​១៨​ខែ អាស្រ័យ​លើ​ការថែទាំ​ដល់ 
- គួរ​ប្រមូល​ផល​ស្ត្របឺ​រី  នៅពេល​ដែល​ត្រជាក់ គឺ​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ប៉ុណ្ណោះ​
- ពេល​បេះ​ផ្លែ​ភ្លាម ពុំ​ចាំបាច់​លាង​ទឹក​នោះទេ ត្រូវ​ដាក់​វា​ចូលក្នុង​ប្រអប់​ដែល​ស្អាត និង​ត្រូវ​រក្សាទុក​វា​នៅ​កន្លែង​ត្រជាក់ ដែល​មាន​សីតុណ្ហភាព​ពី ៥ ទៅ ៧ ដឺ​ក្រេ 
- នៅពេល​យើង​ចង់​បរិភោគ សឹម​យក​ផ្លែ​ទៅ​លាង​ទឹក​សម្អាត​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត