គំនិតស្អប់វៀតណាម​អាចរំខាន​ដល់​ការអភិវឌ្ឍ​កម្ពុជា?​

27-12-2017 3:20 pm

ពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបិទបញ្ចប់កាលពីថ្ងៃទី២៤ធ្នូ។ក្រោយបុណ្យសមុទ្របិទបញ្ចប់គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរមួយចំនួន រិះគន់អ្នករៀបចំកម្មវិធី ដែលអនុញ្ញាតឲ្យជនជាតិវៀតណាម សម្ដែងរបាំប្រពៃណីវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រ។ រាជរដ្ឋាភិបាលពន្យល់ថា កម្ពុជាជាប្រទេសក្នុងតំបន់អាស៊ាន ចង់មិនចង់ ត្រូវគោរពតាមគោលការណ៍អាស៊ាន ដូច្នេះគ្មានប្រទេសណាជាសត្រូវ នឹងកម្ពុជាទេ។ រីឯគំនិតរបស់អ្នកជំនាញយល់ថា ការបន្តស្អប់ជនជាតិវៀតណាម មិនអាចឲ្យ កម្ពុជារីកចម្រើនបានទេ ផ្ទុយទៅវិញ វាអាចឲ្យកម្ពុជាបែកបាក់គ្នា។ 

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនបានប្រតិកម្មចំពោះមតិរិះគន់ទេ តែលោកបានពន្យល់ទៅវិញ តាមគោលការណ៍អាស៊ាន ប្រទេសវៀតណាមមិនមែនជាសត្រូវរបស់កម្ពុជាទេ ទោះជាមានការខ្វែងគំនិតគ្នាខ្លះៗ ក៏កម្ពុជា និងវៀតណាម អាចចរចាគ្នាបានដោយសន្តិវិធី។លោកបន្ថែមទៀតថា ពិធីបុណ្យសមុទ្រ គឺជាទិវាទេសចរណ៍ ដូច្នេះនឹងមានការចូលរួមសម្ដែងរបាំប្រពៃណី របស់ប្រទេសនីមួយៗ នៅក្នុងតំបន់អាស៊ាន រួមមានទាំងវៀតណាមផង ដោយមិនរើសអើងជនជាតិណាមួយឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងថា កម្ពុជាមិនចង់ឲ្យមានការរើសអើងពូជសាសន៍និយម ឬការប្រកាន់ជាតិនិយមជ្រុលទេ។មិនចង់ ព្រោះការរើសអើងពូជសាសន៍ មិនអាចឲ្យកម្ពុជា រីកចម្រើន ហើយអាចធ្វើឲ្យកម្ពុជាខ្លួនឯងអាចមានសង្គ្រាមថែមទៀត…

សំឡេងលោក ផៃ ស៊ីផាន៖

លោកបណ្ឌិត យង់ ពៅ ជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវ មើលឃើញថា ការប្រតិកម្មរបស់ប្រជាពលរដ្ឋមួយចំនួន គឺជាជំងឺប្រវត្តិសាស្ត្រ និងជំងឺជាតិនិយម ដែលពលរដ្ឋខ្លះយកមកដាក់ខ្លួន ដូច្នេះហើយបានជាចាប់អារម្មណ៍តែ ប្រទេសវៀតណាម។សម្រាប់លោកនៅក្នុងសកលភាវូពាណិជ្ជកម្មបច្ចុប្បន្ន កម្ពុជាត្រូវការបើកចំហទទួលយកវប្បធម៌ ពីខាងក្រៅ និងត្រូវសិក្សាពីគេ តើអ្វីល្អអ្វីអាក្រក់? ដើម្បីយកកែលម្អខ្លួន។

ដូច្នេះលោកបណ្ឌិត យង់ ពៅ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរបញ្ចប់គំនិតស្អប់ជនជាតិវៀតណាម ដែលជាប់ដានពីប្រវត្តិសាស្ត្រ ព្រោះគំនិតនេះ មិនអាចឲ្យកម្ពុជាអភិវឌ្ឍបានល្អ ផ្ទុយទៅវិញវាបង្កជាការលាបពណ៌គ្នាក្នុងសង្គមខ្មែរ និងធ្វើឲ្យបែកបាក់ជាតិ…

សំឡេងលោកបណ្ឌិត យង់ ពៅ ៖

រីឯលោកបណ្ឌិត សាម អ៊ីន អគ្គលេខា និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកមិនជំទាស់ឡើយ ចំពោះការអនុញ្ញាតឲ្យជនជាតិវៀតណាម សម្ដែងរបាំប្រពៃណីវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រខ្មែរ។ព្រោះថា មិនមែនមានតែវៀតណាមមួយទេដែលសម្តែង គឺមានប្រទេសជាច្រើន បានចូលរួម។

លោកបណ្ឌិត សាម អ៊ីន យល់ថា ការរិះគន់នេះវាមិនមែនជារឿងចម្លែកឡើយ សម្រាប់សង្គមខ្មែរ ព្រោះថាវៀតណាម ធ្លាប់លេបត្របាក់ទឹកខ្មែរអស់ជាច្រើនកាលពីអតីតកាល ដូច្នេះ ចង់មិនចង់ ពលរដ្ឋខ្មែរ ចេះតែមានចិត្តបារម្ភ និងស្អប់ខ្ពើម។តែយ៉ាងណា លោកផ្តល់ជាគំនិតថា អំណឹះតទៅ រដ្ឋាភិបាល ត្រូវតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន កុំឲ្យពលរដ្ឋមើលឃើញថា ខ្លួនឋិតនៅក្នុងឥទ្ធិពលរបស់វៀតណាម តែក៏មិនមែនមានន័យថា បំផុសមហាជនទៅប្រឆាំង នឹងវៀតណាមដែរ…

សំឡេងលោកបណ្ឌិត សាម អ៊ីន៖

សូមជម្រាបថា ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែបរយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»។រយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រមានភ្ញៀវទេសចរជាង៥០ម៉ឺននាក់មកកម្សាន្តសប្បាយ។ក្រោយបុណ្យសមុទ្របិទបញ្ចប់ គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរមួយចំនួន រិះគន់អ្នករៀបចំកម្មវិធី ដែលអនុញ្ញាតឲ្យជនជាតិវៀតណាម សម្ដែងរបាំប្រពៃណីវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រ ហើយខ្លះទៀតរហូតចោទប្រមុខរាជរដ្ឋាភិបាលខ្មែរថា ជាអាយ៉ងរបស់ជនជាតិវៀតណាមថែមទៀត៕ 

ព័ត៌មានផ្សេងទៀត