បើ​ចូលរួម​​ការបោះឆ្នោត​​ឆ្នាំ​២០២០​​ លោក​ដូណាល់ ត្រាំ​​នឹងត្រូវ​​ប្រជែង​​ខ្លាំង​​ជាង​មុន​?

26-12-2017 3:57 pm 2355
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្ដិ​ថ្មី​នៅ​អាមេរិក នឹង​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ដូច្នេះ​ចំពោះ​លោក​ដូណាល់ ត្រាំ បើ​ចង់បាន​តំណែង​ប្រធានាធិបតី​អាណត្ដិ​ទីពីរ លោក​ពិតជា​ត្រូវ​ប្រជែង​ខ្លាំង​ជាង​មុន​ទៅទៀត​។​នេះ​បើតាម​ការបញ្ជាក់​ពី​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​។​ការ​ប្រជែង​ខ្លាំង​ដោយសារតែ​ប្រជាជន​អាច​ពិចារណា​ពី​តម្រូវការ​របស់​ពួកគេ ក្រោយពេល​លោក​ដូណាល់ ត្រាំ​បាន​អនុវត្ដ​គោលនយោបាយ​ខុស​ពីមុន ដែល​ប្រជាជន​មួយចំនួន​ចាត់ទុកថា មិនបាន​បំពេញ​តាម​តម្រូវការ​របស់គេ​។​

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​លោក​ដូណាល់ ត្រាំ​គឺជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក បាន​ស្បថ​ចូល​កាន់តំណែង​កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​នេះ​។​លោក​មាន​អាយុ​៧១​ឆ្នាំ មកពី​គណបក្ស​សា​ធា​រដ្ឋ​។​លោក​ត្រាំ​បាន​យកឈ្នះ​ការបោះឆ្នោត​ថ្ងៃទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដែល​គ្រប់គ្នា​មិន​នឹកស្មាន​ដល់​ឡើយ​ថា លោក​អាច​យកឈ្នះ​អ្នកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​។​បើ​និយាយ​ពី​បទពិសោធន៍​នយោបាយ​លោក​ត្រាំ​មាន​តិចតួច​បំផុត តែ​សមត្ថភាព​ពេញលេញ​គឺជា​អ្នកជំនួញ​។​ខុសពី​អ្នក​ស្រីគ្លីន​តុន​ដែលជា​អ្នកនយោបាយ​ចាស់វស្សា ហើយ​ធ្លាប់ជា​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​ផង​។​ដូច្នេះហើយ​ទើប​គេ​សង្ឃឹម​តិច​ណាស់​ថា លោក​ដូណាល់ ត្រាំ​អាច​យកឈ្នះ​អ្នក​ស្រីគ្លីន​តុន​បាន​។​ប៉ុន្ដែ​រឿង​ពិត​បាន​កើតឡើង​ហើយ លោក​ដូណាល់ ត្រាំ​បានឈ្នះ​ការបោះឆ្នោត​ធ្វើឲ្យ​ល្បី​រន្ទឺ​ពេញ​ពិភពលោក​។​

​បច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ​កំពុង​ដឹកនាំ​ប្រទេស​តាម​គោលនយោបាយ ដែល​លោក​បាន​សន្យា​ក្នុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​ក្នុងនោះ​មាន​ពាក់ព័ន្ធ​បញ្ហា​ក្រុម​អន្ដោប្រវេសន៍​មូស្លីម ដែល​លោក​បាន​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​មូស្លីម​ចំនួន​៦​មិនឲ្យ​ចូល​ក្នុងទឹកដី​អាមេរិក​។​ក្រៅពីនេះ​មាន​ការកែប្រែ​ច្បាប់​ពន្ធដារ រឿងរ៉ាវ​នៅ​តំបន់​ជេ​រ៉ូ​សាឡឹម វិបត្ដិ​កូរ៉េខាងជើង កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ វិបត្ដិ​ស៊ី​រី និង​ការដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ជាដើម​។​អ្វី​ទាំងអស់នេះ​ដែល​លោក​បានធ្វើ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​កាន់អំណាច ហាក់​ខុសពី​គោលនយោបាយ​របស់​ប្រធានាធិបតី​អាណត្ដិ​មុន ហើយក៏​រង​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​ពី​អន្ដរជាតិ ពី​ប្រជាជន​អាមេរិក ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សូម្បី​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់លោក​ផ្ទាល់​ក៏មាន​អ្នក​រិះគន់​ដែរ​។​

​ចំពោះ​តំណែង​ជា​ប្រធានាធិបតី​វិញ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​បញ្ចេញមតិ​ថា បើ​លោក​ដូណាល់ ត្រាំ​ចង់​បន្ដ​ប្រកួតប្រជែង​ការបោះឆ្នោត​អាណត្ដិ​ក្រោយ ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ឆ្នាំ​២០២០ នោះ​លោក​ដូណាល់ ត្រាំ​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន​។​លោក​Jeff Flake​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ​តែម្ដង បាន​ថ្លែង​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ABC​ថា “​ខ្ញុំ​ជឿជាក់​ប្រសិនបើ​លោក​ត្រាំ​ចង់​តំណាងឲ្យគ​ណបក្សសាធារណ​រដ្ឋ​ចូលរួម​ការបោះឆ្នោត ដើម្បី​គ្រង​តំណែង​ប្រធានាធិបតី​អាណត្ដិ​ទីពីរ នោះ​លោក​ត្រាំ​នឹង​មានការ​ប្រជែង​ខ្លាំង​បំផុត​។​”

​លោក​Flake​ដែល​នឹង​ចុះ​ចេញពី​តំណែង​ព្រឹទ្ធសភា​នៅ​ចុងឆ្នាំ​២០១៨ បាន​បន្ដថា ប្រសិនបើ​លោក​ត្រាំ​ត្រូវ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​ម្ដងទៀត នោះ​លោក​ក៏​នឹង​អាច​មើលឃើញ​បេក្ខជន​តំណាង​ដទៃទៀត​ដែរ នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​លោក​ក៏​អាច​អញ្ជើញ​ឲ្យ​បេក្ខជន​ដទៃទៀត​នៅក្នុង​បក្ស​សាធារណរដ្ឋ ចូលរួម​ការប្រកួតប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​បានដែរ​។​លោក​Jeff Flake​ជា​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មួយរូប​ក្នុងចំណោម​ច្រើន​រូប ដែល​បាន​រិះគន់​លោក​ប្រធានាធិបតី​ជា​សាធារណៈ ទាំង​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន​និង​គោលនយោបាយ​របស់លោក​ផង ដែល​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត​យល់ឃើញ​ថា​ជា​រឿង​ធ្ងន់ធ្ងរ អាច​នឹង​ធ្វើឲ្យ​ប្រជាជន​អាមេរិក​បាត់បង់​ទំនុកចិត្ដ ព្រោះ​គោលនយោបាយ​ទាំងនោះ​ផ្ទុយ​ពី​ការចង់បាន​របស់គេ​។​

លោក​Flake​ថ្លែង​បន្ថែម​ពេល​ផ្ដល់​បទសម្ភាសន៍​ថា “​អ្នក​មើលទៅ​ឃើញ​មាន​ប្រជាជន​គាំទ្រ​ដល់​សមាជិក​គណបក្ស​សាធារណរដ្ឋ ហើយ​អ្នក​គិតថា​ជា​រឿង​អស្ចារ្យ​។​ប៉ុន្ដែ​កុំភ្លេចថា​ពួកគេ​ក៏​អាចធ្វើឲ្យ​គណបក្ស​រង្គោះ​រង្គើ​បានដែរ​។​ជារួម​យើង​កំពុង​អំពាវនាវ​ដល់​បុរស​ស្បែក​សវ័យ​ចំណាស់​ដើម្បីឲ្យ​លោក​យល់ថា អ្នក​ដែល​អបអរ​គាំទ្រ​នោះ​មាន​កម្រិត​នៅឡើយ​។​ចំពោះ​ការ​ចងកំហឹង​និង​ការ​អន់ចិត្ដ​ក៏​គ្មាន​ហេតុផល​អី​យកមក​អះអាងថា អាច​គ្រប់គ្រង​បាន​នោះដែរ​”​។​

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មួយរូប​ទៀត​ដែល​ឈានមុខ​នៅ​ព្រឹទ្ធសភា ហើយនឹង​ចុះ​ចេញពី​តំណែង​នៅ​ឆ្នាំ​២០១៨​ដែរនោះ គឺ​លោក​Charlie Dent បានប្រកាស​កាលពី​ថ្ងៃទី​២៤​ធ្នូ​ថា លោក​មាន​ភាពស្មោះត្រង់​ចំពោះ​លោក​ត្រាំ ប៉ុន្ដែ​អ្នក​ស្មោះត្រង់​ក៏មាន​មិន​គ្រប់គ្រាន់​ដែរ​។​ដ្បិតថា​គណបក្ស​សាធារណរដ្ឋ​សង្ឃឹម​អាច​រក្សា​សមាជិក​ភាគច្រើន​នៅក្នុង​សភា នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្ដិ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ក៏​គណបក្ស​អាច​នឹង​បាត់បង់​អាសនៈ​ដែរ​។​

​ជា​ការកត់សម្គាល់​ក្រោយ​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ជិត​មួយឆ្នាំ​មកនេះ រឿងរ៉ាវ​ប្លែកៗ​ជាច្រើន​បាន​កើតឡើង តែ​អាច​ចាត់ទុកជា​គោលនយោបាយ​លោក​ដូណាល់ ត្រាំ​ក៏​ថា​បាន​។​ការ​អនុវត្ដ​កិច្ចការ​របស់លោក​ត្រាំ​កន្លងមក មាន​ទាំង​មតិ​គាំទ្រ​និង​មតិ​ប្រឆាំង​សម្រាប់​ប្រជាជន​អាមេរិក​។​បើ​និយាយ​ពី​អន្ដរជាតិ​វិញ ហាក់​គាំទ្រ​តិចជាង​រិះគន់​ទៅលើ​គោលនយោបាយ​របស់លោក​ត្រាំ​។​

​យើង​លើក​ឧទាហរណ៍​តែ​រឿង​មួយ​គឺពាក់ព័ន្ធ​នៅ​តំបន់​ជេ​រ៉ូ​សាឡឹម លោក​ត្រាំ​បានធ្វើឲ្យ​ប្រទេស​មូស្លីម​អត់ចិត្ដ​មិន​ស្ទើរទេ ក្រោយ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវកា​រថា តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល​។​ប្រជាប្រិយភាព​របស់​អា​មេរិក​ក៏​ធ្លាក់ចុះ​មួយកម្រិ​តដែ​រ ក្រោយពេល​លោក​ដូណាល់ ត្រាំ​ចូលមក​ដឹកនាំ ព្រោះ​លោក​គិតពី​គោលនយោបាយ​យក​អាមេរិក​ជាធំ​ខ្លាំងពេក​។​ទើបតែ​ពេល​ថ្មីៗ​នេះ​ដែល​លោក​ត្រាំ ចាប់ផ្ដើម​សំឡឹងមើល​គោលនយោបាយ​ការបរទេស​ខ្លាំង​ជាង​មុន ដែល​ផ្ដោត​សំខាន់​តែ​បញ្ហា​សេដ្ឋកិច្ច​។​

​តើ​ឆ្នាំ​២០១៨ លោក​ដូណាល់ ត្រាំ​អាច​នឹង​ប្រឈម​ការរិះគន់​ទៀត ឬមួយ​លោក​អាច​ស្ដារ​ប្រជាប្រិយភាព​ខ្លួនឯង និង​ប្រជាប្រិយភាព​អាមេរិក​នៅលើ​ឆាក​អន្ដរជាតិ​ឡើងវិញ​?


ព័ត៌មានផ្សេងទៀត