តើកម្ពុជា​នឹងទៅជា​យ៉ាងណា ​ប្រសិនបើអឺរ៉ុប​ព្យួរអនុគ្រោះពន្ធ? ​

24-12-2017 11:48 am 3201
ប្រជុំសភារ៉ុបកន្លងទៅ។

សភាអឺរ៉ុបនៅថ្ងៃទី១៣ ធ្នូ សម្តែងការព្រួយបារម្ភ លាយឡំនឹងការថ្កោលទោសផង ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ។ បន្ថែមពីលើនេះ សភាអឺរ៉ុប ក៏បានព្រមានផងដែរ ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើកម្ពុជា នៅតែរំលោភបំពានសិទ្ធិមនុស្ស។ ដូច្នេះប្រសិនបើសហភាពអឺរ៉ុប ពិតជាចាត់វិធានការដូច្នេះមែន តើកម្ពុជានឹងរងផលប៉ះពាល់ទេ? ហើយថាតើកម្ពុជានឹងទៅជាយ៉ាងណា?

នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរងសម្ពាធជាខ្លាំងពីសំណាក់អន្តរជាតិ ជាពិសេសអាមេរិក និងសភាអឺរ៉ុប។ សភាអឺរ៉ុបកាលពីថ្ងៃទី១៣ ធ្នូ បានចេញសេចក្តីសម្រេចដោយ អំពាវនាវ ដល់គណៈកម្មការអឺរ៉ុប និងស្ថាប័នសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស ត្រួតពិនិត្យមើលឡើងវិញជាបន្ទាន់ នូវកាតព្វកិច្ចរបស់កម្ពុជា ចំពោះអនុសញ្ញាស្តីពីការអនុគ្រោះពន្ធ។

សម្រាប់សភាអឺរ៉ុប ប្រសិនបើកម្ពុជា ធ្វើសកម្មភាពបំពាននឹងកាតព្វកិច្ចរបស់ខ្លួន នោះប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវព្យួរជាបណ្តោះអាសន្ន។សេចក្តីសម្រេចរបស់សភាអឺរ៉ុប ធ្វើឡើងតាមការអំពាវនាវពីសំណាក់ក្រុមអ្នកប្រឆាំងនៅឯក្រៅប្រទេស ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។

ប្រសិនបើសហភាពអឺរ៉ុប ពិតជាចាត់វិធានការដូច្នេះមែន តើកម្ពុជានឹងរងផលប៉ះពាល់អ្វីខ្លះ?

ជាការពិត ប្រសិនបើមានការព្យួរការអនុគ្រោះពន្ធនាំចូលលើគ្រប់មុខទំនិញកម្ពុជា ដោយសហភាពអឺរ៉ុប នោះកម្ពុជានឹងបានបាត់បង់ចំណូលសេដ្ឋកិច្ចរបស់ខ្លួន។បើតាមរបាយការណ៍ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំទំនិញរបស់ខ្លួន ចូលទៅទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ។ប្រសិនបើសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធនាំចូល ប្រាក់ពន្ធដែលកម្ពុជាត្រូវបង់គិតជាមធ្យម មានរហូតដល់៦៧៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលផលិតកម្មទំនិញនាំចេញទាំងនោះ ប្រើប្រាស់កម្មករប្រមាណ៤០ម៉ឺននាក់។នេះបើតាមលិខិត របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្ញើជូនលោកនាយករដ្ឋមន្ត្រី។បើដូច្នេះមែន តើកម្ពុជានឹងទៅជាយ៉ាងណា?

សម្រាប់ប្រធានសហជីពកម្មករ និងអ្នកវិភាគមួយចំនួន យល់ឃើញស្រដៀងគ្នាថា វិស័យរោងចក្រកាត់ដេរកម្ពុជាអាចនឹងមានភាពវឹកវរ នៅពេលសហភាពអឺរ៉ុបឈប់អនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ ហើយបញ្ហានេះ នឹងនាំឲ្យប៉ះពាល់ការងារដល់កម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលអាស្រ័យផលលើវិស័យកាត់ដេរនេះ។ ធនាគារពិភពលោក បានឲ្យដឹងថា វិស័យវាយនភណ្ឌកាត់ដេរ គឺជាប្រភពចំណូលដ៏សំខាន់ ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

តែយ៉ាងណាក្តី សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីជាការអនុគ្រោះពន្ធប៉ះពាល់ដល់កម្ពុជា តែវិធានការនេះមិនអាចធ្វើឲ្យកម្ពុជាស្លាប់ទេ។កម្ពុជាត្រូវការសន្តិភាព ស្ថេរភាព នៅក្នុងប្រទេសទាំងមូល ជាងត្រូវការលុយទាំងអស់នោះ ហើយកម្ពុជាមិនអាចយកអធិបតេយ្យភាព ឯករាជ្យភាពនិងសុខ សន្តិភាព ទៅប្តូរនឹងការចង់បានរបស់សហភាពអឺរ៉ុបដែរ។

ជារួមមកវិញ ជម្លោះផ្ទៃក្នុងកម្ពុជាពេលនេះ អាចនឹងធ្វើឲ្យកម្ពុជាខាតបង់ ប្រសិនបើសិនជាអន្តរជាតិដាក់គំនាប ឬព្យួរការអនុគ្រោះពន្ធនាំចូលទំនិញកម្ពុជា។ប្រជាពលរដ្ឋសាមញ្ញ កម្មកររោងចក្ររាប់លាននាក់ និងទទួលរងផលប៉ះពាល់មុនគេ ព្រោះសព្វថ្ងៃពួកគាត់ភាគច្រើនពឹងផ្អែកលើការងាររោចក្រ ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ និងខ្លះទៀតកំពុងជាប់បំណុលនៅធនាគារឯកជនក៏មាន។

ម្ប៉ាងវិញទៀត ស្ថានភាពកម្ពុជាបែបនេះ ចង់មិនចង់ ក៏អាចនឹងបង្អក់អ្នកដឹងនាំប្រទេស និងអ្នកនយោបាយ គ្មានពេលទៅគិតវិភាគរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីកសាងប្រទេសជាតិដ៍កំសត់មួយនេះ ឆ្ពោះទៅរកការរីកចម្រើនបានឡើយ។មិនរីកចម្រើនដោយសារ ក្នុងគំនិតរបស់អ្នកនយោបាយពោរពេញទៅដោយជម្លោះ ភាពហ្មងសៅ កាច់កង់គ្នានរវាងខ្មែរនឹងខ្មែរ។នេះបើតាមមើលឃើញរបស់អ្នកជំនាញ។

ដូច្នេះអ្នកជំនាញ បានផ្តល់ជាគំនិតថា អ្នកនយោបាយ គួរតែមានភាពសាមគ្គីផ្ទៃក្នុង រវាងខ្មែរនិងខ្មែរ ពោលគឺធ្វើយ៉ាងណា កុំឲ្យប្រទេសជាតិដើរទៅរកកន្លងដានប្រវត្តិសាស្ត្រ និងបាត់បង់ផលប្រយោជន៍។ កម្ពុជាបច្ចុប្បន្ន បើបៀបធៀបពីអតីតកាល គឺកម្ពុជាអាចដើរដោយខ្លួនឯងបាន ដោយមិនចំបាច់ពឹងពាក់ពីអន្តរជាតិពេកទេ។តែអ្វីដែលជាចំណុចខ្សោយរបស់កម្ពុជា គឺភាពបែកបាក់សង្គមតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ដែលទាមទារឲ្យដោះស្រាយជាបន្ទាន់៕ 

ព័ត៌មានផ្សេងទៀត