វិចិត្រករ​ថៃ​សាន​បញ្ជ្រាប​វប្បធម៌​តាមរយៈ​បញ្ចូល​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ក្នុង​សៀវភៅ​ព្រេង​

23-12-2017 6:34 pm 6463

​វិចិត្រករ​ល្បីឈ្មោះ​មួយរូប ដែល​ភាគច្រើន គេ​ច្រើន​តែ​ស្គាល់​ឈ្មោះ​គាត់​នៅក្នុង​សៀវភៅ​រឿងព្រេង​នានា ចាប់យក​ការបញ្ជ្រាប​វប្បធម៌​ខ្មែរ ទៅ​ដល់​យុវជន ក្មេងៗ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ តាមរយៈ​គំនូរ​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ក្នុង​សៀវភៅ​រឿងព្រេង ។ វិចិត្រករ​រូបនេះ​ស្នើ​ដល់​ក្រសួង​វប្បធម៌​ឱ្យ​ពង្រឹង​វិស័យ​វប្បធម៌​បន្ត​បន្ថែមទៀត តាមរយៈ​ការ​បំផុស​យុវជន​ឱ្យ​ចូលរួម​ផលិត​ស្នាដៃ​សិល្បៈ​របស់​ជាតិ​ខ្លួន​ឱ្យបាន​ច្រើន ដើម្បី​ឱ្យ​យុវជន​ខ្លួនឯង​បាន​ស្គាល់ និង​យល់​ច្បាស់​ថា អ្វី​ជា​របស់​ខ្មែរ អ្វី​ជា​របស់​សាសន៍​ដទៃ ។

ស្តាប់បទយកការណ៍ជាសំឡេង ៖

​នៅក្នុង​បន្ទប់​ដែល​មាន​ទំហំ​ប្រមាណ​៣​ម៉ែត្រ​x៦​ម៉ែត្រ ដែល​មាន​តាំង​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ ភាគច្រើន​ជា​ស្នាដៃ​របស់​វិចិត្រករ​ល្បី​ឈ្មោះ​មួយ​រូប​មានដូចជា សិល្បៈ​ខ្មុក សិល្បៈ​គំនូរ និង​សិល្បៈ​ចម្លាក់​លើ​កញ្ចក់​ជាដើម ។ ម្នាក់​នោះ គឺ​លោក ថៃ សាន វិចិត្រករ​គំនូរ​សៀវភៅ​រឿងព្រេង​និទាន​បុរាណ​ខ្មែរ ដែល​ភាគច្រើន ច្រើន​តែ​គេ​ស្គាល់ និង​ឃើញ​ឈ្មោះ​លោក នៅ​តាម​សៀវភៅ​រឿងព្រេង​និទាន​ផ្សេងៗ តែ​ពុំ​ស្គាល់​មុខមាត់​របស់​គាត់ ។​

​លោក​ថៃ សាន បាន​ចំណាយពេល​ស្ទើរ​ជិត​១​ម៉ោង និយាយ​ប្រាប់​ខ្ញុំ​ពី​ជីវិត​សិល្បៈ ប្រឡូក​ជា​អ្នក​គូរគំនូរ​សៀវភៅ​រឿងព្រេង​បុរាណ​ខ្មែរ និង​សិល្បៈ​ផ្សេងៗ​ទៀត ។ គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​មិនសូវ​ចេះ​និយាយ​ទេ ច្រើន​តែ​ចេះតែធ្វើ​ច្រើន​ជាង​និយាយ ។​

​វិច​ត្រករ​រូបនេះ​បាន​ប្រាប់​ខ្ញុំ​ទាំង​រដិបរដុប​ថា ស្នាដៃ​គំនូរ​សៀវភៅ​រឿងព្រេង​និទាន​បុរាណ​ខ្មែរ ដែល​គាត់​បាន​ផលិត​ចេញ​ដំបូង​នៅ​ឆ្នាំ​២០០៧​មាន​គេ​ស្គាល់​ច្រើន រហូត​មាន​អ្នក​ចាប់​អារម្មណ៍​ទាក់ទង​គូរ​ជា​បន្តបន្ទាប់​ដល់​បច្ចុប្បន្ន ។ កាលនោះ ក្រោយ​គាត់​ចេញ​សៀវភៅ​បាន ៣-៤​ក្បាល ក៏​មាន​អ្នក​ទាក់ទង​ឱ្យ​គាត់​ជួយ​គូរ​ជា​បន្តបន្ទាប់ មាន​ទាំង​ក្រុមហ៊ុន អង្គការ និង​សូម្បី​អ្នក​ដែល​ប្រកប​របរ​ដូច​គាត់ ក៏​ចាប់​អារម្មណ៍​នឹង​ស្នាដៃ​របស់​គាត់​ដែរ​…
​សំឡេង​លោក ថៃ សាន ៖

​វិចិត្រករ​រូបនេះ​ប្រាប់​ខ្ញុំ​ថា ដើមឡើយ គាត់​គូរគំនូរ​ដោយ​ដៃ ហើយ​ត្រូវ​ស្កេន​មួយតង់​ទៀត ទើប​បញ្ជូន​រូប​ឱ្យ​គេ​បញ្ចប់​នោះ​គឺ​មួយ​រឿង​ដំបូង​ដែល​គាត់​ចាប់ផ្តើម​គូរ​ក្នុង​ឆ្នាំ​២០០៧ តែ​ចាប់​តាំងពី​រឿង​ទី​ពីរ​មក គាត់​ក៏​វិវដ្ដ​ទៅ​គូរ​ក្នុង​កុំព្យូទ័រ​វិញ ព្រោះ​វា​ងាយស្រួល​ចាក់​ពណ៌ រហ័ស និង​ងាយស្រួល​ក្នុងការ​ផ្ញើ​ឱ្យ​ភ្ញៀវ ។ 

​អតីត​និស្សិត​ផ្នែក​គំនូរ​វិចិត្រកម្ម នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​រូបនេះ ប្រាប់​ខ្ញុំ​ទៀតថា ការ​គូរគំនូរ​របស់គាត់ គឺ​ជា​ទូទៅ គាត់​ច្នៃ ដោយ​តម្រូវ​តាម​ការចង់បាន​របស់​ម្ចាស់​សៀវភៅ និង​មើល​តាម​ភាពជាក់ស្តែង​នៃ​សាច់រឿង ។​ជា​មធ្យម​ក្នុង​មួយ​សន្លឹក គាត់​ត្រូវ​ចំណាយពេល​គូរ​ពី​២ ទៅ ៣​ម៉ោង អាស្រ័យ​តាម​សាច់រឿង ។ បើ​សាច់រឿង​ណា​ត្រូវ​ការបញ្ចូល​តួអង្គ​ច្រើន នោះ​ក៏​ត្រូវ​ចំណាយពេល​ច្រើន​ដូច​គ្នា ។​

​បុរស​សំឡេង​ដ៏​ផ្អែម​ស្រទន់​រូបនេះ បាន​ប្រាប់​ខ្ញុំ​ថា ជាទូទៅ ស្នាដៃ​គំនូរ​របស់គាត់ ត្រូវបាន​គេ​កោតសរសើរ និង​គាំទ្រ​ខ្លាំង​ទៅលើ​គំនូរ​បែប​ខ្មែរ សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ​…
​សំឡេង​លោក ថៃ សាន ៖

​លោក​ថៃ​សាន  បញ្ជាក់ថា ម៉ូដ​សម្លៀកបំពាក់​ដែល​មាន​នៅ​លើ​តួអង្គ​ក្នុង​សាច់​រឿងព្រេង​នានា ដែល​លោក​បាន​គូរ​កន្លងមក ច្រើន​តែ​រក​ម៉ូដ​សម្លៀកបំពាក់​ដែល​បាត់បង់​មក​បង្ហាញ​ឡើងវិញ​…
​សំឡេង​លោក ថៃ សាន ៖

​លោក​ថៃ សាន បន្ត​បញ្ជាក់ប្រាប់​ខ្ញុំ​ថា គំនូរ​របស់គាត់​ទាំងអស់​គឺ​ផ្តោត​ទៅលើ​រចនាបទ​ខ្មែរ ទៅតាម​សម័យកាល ដែល​ទាំងនេះ គាត់​បាន​សិក្សា និង​មើល​ពិនិត្យ​ទៅ​តាម​ប្រវត្តិ​សម័យកាល​នី​មួយៗ តាម​ជញ្ជាំង​ប្រាសាទ​…
​សំឡេង​លោក ថៃ សាន ៖

​បុរស​វ័យ​៣៦​ឆ្នាំ និង​មាន​កូនស្រី​ពីរ​នាក់​រូបនេះ ប្រាប់​ខ្ញុំ​ថា ទោះយ៉ាងណា​ក៏ដោយ លោក​ក៏​នៅតែ​បន្ត​ការងារ​នេះ ព្រោះ​វា​ក៏​ដូចជា​បេសកកម្ម​មួយ​ដើម្បី​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់​បានដឹង​ពីអ្វី​ដែល​ជា​របស់​ខ្មែរ ។​
​លោក ថៃ សាន ថា ការងារ​សិល្បៈ​ដែល​លោក​បាន និង​កំពុង​ធ្វើ​សព្វថ្ងៃ លោក​សង្ឃឹមថា នឹង​អាចជួយ​ដល់​យុវជន​ខ្មែរ​បាន​យល់ បានឃើញ​ពី​អ្វី​ជា​សិល្បៈ​របស់​ខ្មែរ កុំ​ឱ្យ​គិត​ថា ខ្មែរ​យក​របស់​គេ​មក​ធ្វើ​ទៅ​វិញ​…
​សំឡេង​លោក ថៃ សាន ៖

​ទោះយ៉ាងណា​ក៏ដោយ លោក​សង្កេតឃើញថា យុវជន​ខ្មែរ​មួយចំនួន​បាន​ចាប់អារម្មណ៍​រាល់​ស្នាដៃ​សិល្បៈ​ដែល​លោក​បាន​ផលិត និង​បាន​សួរនាំ ចង់​ចេះ ចង់ដឹង និង​ចង់​រៀនសូត្រ ។ នៅពេល​មាន​យុវជន​សួរនាំ លោក​តែង​ផ្តល់យោបល់​និង​បង្រៀន​ដល់​ពួកគេ​ជា​និច្ច​ជា​កាល ។​

​តាមពិតទៅ បុរស​មាន​ស្រុក​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​រូបនេះ ក៏​ជា​អ្នក​របាំ និង​ជា​អ្នកលេង​ល្ខោនស្បែក​ដែរ កាល​ពី​លោក​នៅ​ស្រុកកំណើត ។ លោក​ចូលប្រឡូក​សិល្បៈ និង​ដើរ​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ នៅ​ស្រុកកំណើត​តាំងពី​ឆ្នាំ​១៩៩៧ មកម្ល៉េះ ដែល​សកម្មភាព​ប្រឡូក​ទាំងនេះ ក៏​ជា​ដុង​មួយ​ដើម្បី​ចាប់​យក​សិល្បៈ​គំនូរ​រហូតមក​ទល់​សព្វថ្ងៃ ។​

​ក្រៅ​ពី​ការងារ​ជា​វិចិត្រករ​គំនូរ​សៀវភៅ​រឿងព្រេង​និទាន​បុរាណ​ខ្មែរ លោក ថៃ សាន គឺជា​បុគ្គលិក​នៅក្នុង​សាលា​កុមារ​គ​ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី ផ្នែក​គំនូរ​ភាសា​គ​ថ្លង់ និង​ជា​គណៈកម្មាធិកា​រសញ្ញា​ភាសា​គ​ថ្លង់ តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ ។​

​យ៉ាងណាម៉ិញ លោក​ថៃ សាន ស្នើ​ឱ្យ​ក្រសួង​វប្បធម៌​ពង្រឹង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យបាន​ច្រើន តាមរយៈ​លើកស្ទូយ និង​បំផុស​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ផលិត​ស្នាដៃ​សិល្បៈ​ខ្មែរ​ថ្មីៗ​ឱ្យបាន​ច្រើន ។ ការ​ធ្វើ​ដូចនេះ គឺជា​ការជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ឱ្យ​យុវជន​ជំនាន់​ក្រោយ បានដឹង បាន​ស្គាល់​កាន់តែច្បាស់ ថា​អ្វី​ជា​របស់​ខ្មែរ​ពិតប្រាកដ កុំ​ឱ្យ​យុវជន​យល់ច្រឡំ​របស់ខ្លួន​ទៅជា​របស់​សាសន៍​ដទៃ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត