សហគមន៍​បុរី​កីឡា​ចង់បាន​ការដោះស្រាយ​ដូច​ពលរដ្ឋ​ប៊ុល​ឌី​ញ​

23-12-2017 3:35 pm
ពលរដ្ឋបុរីកីឡាចូលរួមតវ៉ាដោយអហិង្សា នាពេលថ្មីៗនេះ ។ រូបថតពី RFA ។

​បើ​តាម​លិខិត​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​កាលពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល យន្តការ​តុលាការ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍ និង​បញ្ឈប់​រាល់​ការដោះស្រាយ ដោយ​ចាត់ទុកថា ពលរដ្ឋ​ដែល​សេសសល់ បាន​បោះបង់​សិទ្ធិ​ក្នុង​ការទទួលយក​សំណង​គោលនយោបាយ​របស់​ខ្លួន ក្រោយ​ផុតកំណត់​រយៈពេល​ផ្តល់​សំណង​ចុងក្រោយ​២​សប្តាហ៍ ពោល​គឺ​កំណត់​ត្រឹម​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ។​

​យ៉ាងណាម៉ិញ ពលរដ្ឋ​បុរី​កីឡា​ដែល​សេសសល់​ចំនួន​ទាំង ១១​គ្រួសារ ទាំងនោះ នឹង​ត្រូវ​ប្រឈម​ការបណ្តេញ​ចេញ​ម្តងទៀត ក្រោយ​ថ្ងៃ​កំណត់​ត្រូវ​បាន​មកដល់ និង​បញ្ចប់ ដោយ​សាលាក្រុង​រាជធានី​ភ្នំពេញ កំណត់​ឱ្យ​ទទួលយក​សំណង ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​តំបន់​បុរី​កីឡា ហើយ​ផ្ទេរ​តំបន់​ទាំងនេះ ទៅឱ្យ​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច (PhanImex) កម្មសិទ្ធិ​របស់​អ្នកស្រី ស៊ុយ សុផាន ជា​អ្នករ៉ាប់រង​អភិវឌ្ឍ ។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា អ្នកស្រី ស ស៊ន បាន​ប្រាប់ថា បើទោះបីជា​ដល់​ថ្ងៃ​កំណត់​នៃ​ការចាត់វិធានការ​រដ្ឋ​បាល របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ក្តី មកទល់ពេលនេះ នៅ​ពុំទាន់​ឃើញ​វិធានការ​ណាមួយ​ទៅលើ​សហគមន៍​បុរី​កីឡា​ដែល​សេសសល់​នៅឡើយ​ទេ ។​

​ទោះយ៉ាងណា​ក៏ដោយ អ្នកស្រី ស ស៊ន ប្រាប់ថា ការបណ្តេញចេញ​មិនមែន​ជា​ការដោះស្រាយ​ទេ វា​ជា​បញ្ហា​ធំ​បំផុត​របស់​ពលរដ្ឋ​…
​សំឡេង អ្នកស្រី ស ស៊ន ៖

​តំណាង​ពលរដ្ឋ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា​រូបនេះ​បន្តថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ត្រូវតែ​មាន​ទីជម្រក​ស​ម​រម្យ ស្របទៅតាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លោក​ធ្លាប់​លើក​ឡើង​ថា ទីណា​មាន​លោក (​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​) ទី​នោះ​មិន​ឱ្យ​ប្រជាពលរដ្ឋ​អត់បាយ និង​មាន​ទីជម្រក​សមរម្យ ។​

​អ្នកស្រី ស ស៊ន ស្នើ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី ពិសេស​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឱ្យបាន​សមស្រប​ដូច​ទៅ​នឹង​ការដោះស្រាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​អគារ​ប៊ូ​ឌី​ង កាលពី​ពេល​ថ្មីៗ​នេះ គឺ​ពលរដ្ឋ​ចាកចេញ​ដោយ​មិន​មាន​ទឹកភ្នែក​…
​សំឡេង អ្នកស្រី ស ស៊ន ៖

​ដោយឡែក លោក មាស នី អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា ដោយ​បញ្ចៀស​ការបណ្តេញចេញ​ដោយ​បង្ខំ មក​ជា​ការផ្តល់​សំណង​សមរម្យ តាមរយៈ​ការបង្កើន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពី​លើ​ប្រាក់​សំណង ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​យកទៅ​ប្រកប​ជីវភាព អាច​រស់នៅ​ដោយ​សមរម្យ​…
​សំឡេង​លោក មាស នី ៖

​បន្ថែម​ពីលើ​នេះ លោក មាស នី បញ្ជាក់ថា រដ្ឋាភិបាល​គួរ​ចំណាយ​ពេល​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​ការដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ដែល​បាន​កើតឡើង ជាជាង​បណ្តោយឱ្យ​ក្រុមមន្ត្រី​មាន​អំណាច និង​អ្នកវិនិយោគទុន​ដែល​ឃុបឃិត​គ្នា ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង ដែល​ការ​បណ្តោយ​នេះ ក៏​បាន​ធ្វើឱ្យ​ខូច​ឈ្មោះ​ទៅ​ដល់​រដ្ឋាភិបាល​ខ្លួនឯង​ទៅ​ទៀត ។​

​វិទ្យុ​វាយោ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បានទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នេះ ព្រោះ​ទូរស័ព្ទ​ចូល តែ​មិន​ពុំ​មាន​អ្នក​លើក​ទទួល ។​

​គូសបញ្ជាក់ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា បានអូសបន្លាយ​តាំងពី​ឆ្នាំ​២០១៣ ក្រោយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ទទួលបាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​សហគមន៍​បុរី​កីឡា ដើម្បី​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម ។ ក្រោយ​អូសបន្លាយ​ជាច្រើន​ឆ្នាំ ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ ត្រូវបាន​អាជ្ញាធរ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ចំនួន​៣៨០​គ្រួសារ ។ ក្រោយ​មាន​ការពិភាក្សា​ជាមួយ​ពលរដ្ឋ​រងគ្រោះ និង​សាលាក្រុង ពលរដ្ឋ​ទាំង​នោះ ភាគច្រើន​បាន​ទទួលយក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ទៅ​តំបន់​ទីតាំង​ថ្មី ដែល​សាលាក្រុង​រៀបចំ ស្ថិតនៅ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ម្តុំ​ភ្នំ​ព្រះរាជា​ទ្រព្យ ដែលជា​តំបន់​ទេសចរណ៍​។ ក៏ប៉ុន្តែ ទីតាំង​ថ្មី​នោះ ត្រូវបាន​តំណាង​ពលរដ្ឋ​ដែល​សេសសល់​នៅក្នុង​សហគមន៍​បុរី​កីឡា អ្នកស្រី ស ស៊ន អះអាងថា ទីតាំង​ថ្មី​ដែល​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​ឱ្យ នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ពិបាក​ក្នុង​ការរស់នៅ ពិសេស​គឺ​ពិបាក​ក្នុង​ការប្រកប​របរ​ចិញ្ចឹមជីវិត ក្រោយ​ទទួលដំណឹង​ពី​ពលរដ្ឋ​ដែល​បាន​ចាកចេញ​ទៅ​មុន​ហើយ​នោះ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត