ម៉ាឡេស៊ី​៖​​បុរស​ម្នាក់​​ត្រូវ​ត្រី​ឆ្លាម​ខាំ​ជាប់​ភ្លៅ​​ពេល​ទៅ​នេសាទ​

22-12-2017 4:47 pm 4275
រូបភាព​បុរសរងគ្រោះ​ដែលត្រូវត្រីឆ្លាមខាំ

បុរស​ជា​អ្នកនេសាទ​ម្នាក់​ត្រូវ​ត្រី​ឆ្លាម​ខាំ​ជាប់​ភ្លៅ​បណ្ដាលឲ្យ​រងរបួស ខណៈដែល​លោក​ចុះទៅ​នេសាទ​នៅ​តំបន់​ឆ្នេរសមុទ្រ​Bagan Lalang​ក្នុងប្រទេស​ម៉ាឡេស៊ី​។​បុរស​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ចុះទៅ​នេសាទ​ត្រី​យកទៅលក់​ដូច​ធម្មតា ប៉ុន្ដែ​ជា​អកុសល​កាលពី​ថ្ងៃទី​២១​ធ្នូ លោក​ត្រូវ​ត្រី​ឆ្លាម​ប្រភេទ​តូច​មួយ​ក្បាល​ខាំ​ជាប់​ភ្លៅ ហើយ​លោក​ក៏​ប្រញាប់​ស្ទុះ​មក​លើគោក​វិញ ដោយ​ត្រី​ឆ្លាម​ខាំ​ជាប់​ភ្លៅ​នៅឡើយ​។​ក្រោយមក​ក៏បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​ឲ្យមក​ជួយ ភ្លាមៗ​ប៉ូលិស​បាន​ទៅដល់​ទីតាំង​កើតហេតុ ហើយ​បាន​ប្រញាប់ប្រញាល​យក​ឧបករណ៍​គាស់​មាត់​ឆ្លាម​ដែល​ខាំ​ជាប់​ភ្លៅ​បុរស​នោះ​។​

១០​នាទី​ក្រោយមក​ទើប​ប៉ូលិស​ជួយ​បុរស​នោះ​បាន ហើយ​បាន​បញ្ជូន​បុរសរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​មាន​របួស​។​ប៉ូលិស​បញ្ជាក់ថា នេះ​គឺជា​ករណី​ដំបូង​ដែលមាន​ត្រី​ឆ្លាម​ខាំ​មនុស្ស​ដូច្នេះ​។​ប៉ូលិស​បានប្រកាសឲ្យ​មានការ​ប្រុងប្រយ័ត្ន ពិសេស​អ្នកទេសចរ​ដែល​ទៅ​ងួតទឹក​កម្សាន្ដ​នៅ​តំបន់​ឆ្នេរសមុទ្រ​នោះ​៕

ព័ត៌មានផ្សេងទៀត