វិធី​ដាំ​ដុះ​ឆៃយ៉ា​នៅក្នុង​ផើង​

22-12-2017 2:12 pm 1308

​ឆៃ​យ៉ា ជា​ប្រភេទ​ដំណាំ​បន្លែ ដែល​មាន​ប្រភព​មក​ពី​តំបន់​អាមេរិក​កណ្តាល ហើយ​វា​ជា​ប្រភេទ​រុក្ខជាតិ​រស់​បាន​យូរ​ឆ្នាំ ។ ស្លឹក​ឆៃ​យ៉ា គេ​និយម​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​ដូចជា ធ្វើ​ជា​អន្លក់ (​ស្រុះ​ឱ្យ​ឆ្អិន​) ឆា សម្ល​កកូរ ប្រហើរ និង​អាហារ​ជាច្រើន​ទៀត ។ ភាគច្រើន ពលរដ្ឋ​និយម​យក​ស្លឹក​ឆៃ​យ៉ា ទៅ​ឆា​ជាមួយ​សាច់គោ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ដូចជា​ខាត់ណា​ដែរ ។​

​ក្រៅពី​អាច​យក​វា​ទៅ​ចម្អិន​ម្ហូបអាហារ គេ​អាច​យក​ឆៃ​យ៉ា ទៅ​ធ្វើ​ជា​ជី​បំប៉ន​ដី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ស្លឹក​ឆៃ​យ៉ា បាន​ចូលរួមចំណែក​ក្នុង​ការបង្កើន​គុណភាព​ដី​ឱ្យមាន​សារធាតុ​អា​សូត ។ ឆៃ​យ៉ា ក៏​ជា​ដំណាំ​សម្បូរ​សារធាតុចិញ្ចឹម​ច្រើន ដែល​កសិករ​ជាច្រើន​យក​ធ្វើជា​ជី​ស្រស់​ជួយ​ឱ្យ​ដី​ដាំ​ដុះ​កាន់តែ​ល្អ ។ ពិសេស​គេ​ក៏​អាច​ប្រើប្រាស់​ជា​ចំណី​សត្វ​មាន់ ទា ដែរ ។​

​ឆៃ​យ៉ា ជា​ប្រភេទ​ដំណាំ មិន​រើស​ដី វា​មាន​ភាពងាយស្រួល​ដាំ​ដុះ និង​មិន​លំបាក​ថែទាំ ។ វា​ជា​ដំណាំ ធន់​នឹង​ភាព​រាំងស្ងួត បើទោះបីជា​ដាំ​ដុះ​វា​នៅក្នុង​ដីខ្សាច់​ក៏ដោយ​។ ឆៃ​យ៉ា បន្ត​ពូជ​ដោយ​គ្រាន់តែ​កាត់​យក​មែក​វា​ទៅ​ដាំ ដូច​ជា​ដំណាំ​ដំឡូង​មី​ដែរ ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំ​ឆៃយ៉ា​នៅក្នុង​ផើង​ងាយៗ​…

​ការរៀបចំ​ដាំ​ដុះ ៖
- ដី​ដែល​មាន​ជីជាតិ មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​
- ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ ល្មម ងាយស្រួល​ឱ្យ​ដំណាំ ចាក់ឫស និង​លូតលាស់​
- មែក​ដើម​ឆៃយ៉ា​ដែលធំៗ ថ្លោស​ល្អ ប្រវែង​១,៥​តឹក ( មែក​ដែល​សមល្មម​សម្រាប់​ដាំ​ដុះ គឺ​មែក​ដែល​មាន​ដុះ​ស្លឹក )
- ជីកំប៉ុ​ស្តគោក និង​កំប៉ុ​ស្តទឹក ( ផ្សំ​ឡើង​ពី​រុក្ខជាតិ​ស្រស់ និង​ងាប់​ដែល​ងាយ​រលួយ )
- កំណាត់​ចំបើង​

​ការដាំដុះ ៖
- ត្រូវ​ចាប់ផ្តើម​ដាំ​នៅ​ដើម​រដូវវស្សា ដើម្បី​ឱ្យ​វា​ងាយ​រស់ និង​លូតលាស់​បានល្អ​
- ចាក់​ដី​ដំណាំ ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​ចូលផើង​ដំណាំ​
- ជីករណ្តៅ​ក្នុង​ផើង​ដំណាំ ជម្រៅ ១ ទៅ ១,៥​តឹក 
- ចាក់​ជីកំប៉ុស្ត​គោក​បន្ថែម​ចូល​ក្នុង​រណ្តៅ​
- យក​មែក​ដើម​ឆៃយ៉ា​ដែល​បាន​កាត់កង់ៗ​នោះ មក​ដោត​ដាំ​ក្នុង​រណ្តៅ​ដែល​បាន​រៀបចំ​ក្នុង​ផើង ( បើ​ផើង​របស់​អ្នកធំ ត្រូវ​ដាំ​ពី​គម្លាត​គ្នា ប្រវែង​ពី ១ ទៅ ២​ម៉ែត្រ )
- ត្រូវ​រក្សា​ផើង​ដំណាំ​នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​

​ការថែទាំ ៖
- ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ រហូត​ដល់​ចាក់ឫស តែ​មិន​ត្រូវ​ជោគជាំ​ពេក​ទេ​
- រក​ចំបើង មក​ដាក់​គ្រប​ជុំវិញ​គល់​កូន​ដំណាំ ដើម្បី​រក្សា​សំណើម និង​សីតុណ្ហភាព​ព្រមទាំង​ជួយ​កម្ចាត់​ស្មៅ​
- ត្រូវដាក់​ជីកំប៉ុ​ស្តគោក និង​ជីកំប៉ុ​ស្តទឹក ដើម្បី​បំប៉ន​ដើម ឆាប់​លូតលាស់​ត្រួយ បែក​មែក និង​ឆាប់​បាន​ប្រមូល​ផល​

​ការប្រមូល​ផល ៖
- យើង​អាច​កាត់​ស្លឹក​ឆៃយ៉ា​មក​បរិភោគបាន ក្រោយ​ដាំ​ដុះ បាន​រយៈពេល​ចាប់ពី​៣ ទៅ​៥​ខែ​
- ពេល​ប្រមូល​ផល មិន​ត្រូវ​កាត់​ស្លឹក ឱ្យ​លើសពី​៥០%​នៃ​ស្លឹក​ទាំងអស់​ទេ គឺ​ដើម្បី​ឱ្យ​ដើម​បន្ត​ការលូតលាស់​ជាថ្មី​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត