កម្ពុជា​អាច​​នឹងត្រូវ ​អ​.​ស​.​ប ​ព្យួរ​អាសនៈ​​ឬ​បណ្តេញ​ចេញ​​ពី​​សមាជិក​​ដែរ​ឬទេ​​?​

21-12-2017 2:56 pm 1623

កញ្ញា​កឹម មនោ​វិទ្យា មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​​​កូនស្រី​របស់លោក​កឹម សុខា បានស្នើ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បី​ចំណុច​៖ ទី​១ ដាក់​បញ្ហា​ប្រទេស​កម្ពុជា​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អ​.​ស​.​ប ទី​២ បញ្ជូន​ក្រុម​បេសកកម្ម​តាមរយៈ​អគ្គលេខាធិការដ្ឋាន​អ​.​ស​.​ប ទៅពិនិត្យ​ស្ថានការណ៍​នៅ​កម្ពុជា ទី​៣ ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​។ ការស្នើ​នេះ ធ្វើឡើង​នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ក្នុង​កិច្ចប្រជុំ​របស់​ស្ថាន​បេសកកម្ម​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការសហប្រជាជាតិ អំពី​បញ្ហា​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ជា​កិច្ចប្រជុំ​ដែល​ត្រូវបាន​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ចាត់ទុកថា ធ្វើ​ឡើង​​ក្នុង​​ហេតុផល​នយោបាយ និង​មាន​ចេតនា​ក្នុងការ​បំភ័ន្ត​សាធារណៈមតិ​អន្តរជាតិ​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន យល់ថា ការប៉ុនប៉ង​របស់​ក្រុម​អ្នកប្រឆាំង​ទាំងនោះ គឺ​គ្រាន់តែ​ជាការ​ញាំញី​ដល់​សន្តិភាព និង​ផលប្រយោជន៍​ជាតិ ហើយ​ជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​យល់​ខុស​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ ប៉ុន្តែ លោក​អះអាងថា សំណើ​របស់​មន្ត្រី​អតីត​បក្សប្រឆាំង ដែល​លោក​ហៅថា ជា​ក្រុម​ក្រៅច្បាប់​នោះ ថា​ជា​បរាជ័យ​រួចហើយ ពីព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ មិនត្រូវ​ស្ថិត​ក្រោមបង្គាប់ ឬ​ការ​ជ្រែ​ត​ជ្រែក​ពី​ប្រទេស​ណាមួយ​នោះទេ ហើយ​លោក​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នោះទេ​។​

​មិនតែប៉ុណ្ណោះ លោក​ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល​កម្ពុជា​មិន​ព្រួយបារម្ភ​ទាល់តែសោះ ដែល​ត្រូវ​អ​.​ស​.​ប ព្យួរ​អាសនៈ ឬ​បណ្តេញចេញ​ពី​សមាជិក​នោះ​....
​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

លោក​ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះដែរ បាន​​លើក​ឡើងថា សំណើ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ជា​សំណើ​សមរម្យ​បំផុត​។ ការលើក​របស់​លោកប៉ា ងួនទៀង ត្រូវបាន​វិទ្យុ​អាស៊ីសេរី​ស្រង់​សម្តី​ដូច្នេះ​ថា​៖ “​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​ប្រឈម​ដែរ គឺ​នៅ​ឆ្នាំ​១៩៩៧ ពេល​មាន​រដ្ឋប្រហារ​នោះ ដែល​មាន​​សំណើ​​ពី​ក្រុម​​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​។ បន្ទាប់​ក៏មាន​ការឯកភាព​ពី​ក្រុមប្រឹក្សាសន្តិសុខ​​នៃ​​អង្គការ​សហ​ប្រជា​ជាតិ​​។ កាលពី​ពេលនោះ រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ក៏​ធ្លាប់​ជួបប្រទះ​បញ្ហា​ដូច្នេះ​ម្តង​រួចមកហើយ​ដែរ​”​។

​លោក​បន្តថា ប្រសិនបើ​អង្គការសហប្រជាជាតិ​ព្យួរ​អាសនៈ​របស់​កម្ពុជា​មែន នោះ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន នឹងរ​កនូវ​ភាពអាម៉ាស់​ជាទីបំផុត​លើ​ឆាក​អន្តរជាតិ​។ ជាងនេះទៅទៀត ក្រុមអ្នក​វិនយោគ ឬ​ក្រុម​ប្រទេស​ផ្តល់ជំនួយ​ដល់​កម្ពុជា នឹង​ងាក​ចេញពី​រដ្ឋាភិបាល​មួយ​នេះ ដែល​គ្មាន​ភាពស្របច្បាប់​ក្នុង​ការដឹកនាំ​ប្រទេស​។​

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ បាន​លើ​កឡើ​ថា ការសុំ​អន្តរាគមន៍​ពី​​អង្គការ​សហ​ប្រជាជាតិ​​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ ថា​នឹងត្រូវ​បរាជ័យ​។ លោក​អះអាងថា អង្គការសហប្រជាជាតិ​គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នោះទេ ហើយ​បញ្ហា​កម្ពុជា​មិនមែនជា​ភារកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​នេះ​ទេ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ក៏បាន​បញ្ជាក់ថា ការប៉ុនប៉ង​ដក​សមាជិកភាព​របស់​កម្ពុជា​ចេញពី​អង្គការសហប្រជាជាតិ គឺជា​ការចង់បាន​ហួស​ពី​ជើងមេឃ​ទៅទៀត​។​

​អ្នកនាំពាក្យ​អ​.​ស​.​ប លោក Farhan Haq ធ្លាប់​ប្រាប់​វិទ្យុ​វី​អូ​អេ​ថា អគ្គលេខាធិការ​អ​.​ស​.​ប កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុក​ពី​ស្ថានការណ៍​នៅ​ប្រទស​កម្ពុជា ហើយ​លោក​អគ្គលេខាធិការ ព្រួយបារម្ភ​ចំពោះ​ការ​រឹតបន្តឹង​លំហ​ប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ ប៉ុន្តែ អ្នកនាំពាក្យ​អ​.​ស​.​ប​រូបនេះ បាន​អះអាង​ប្រាប់​ប្រភព​ដដែល​ថា អគ្គលេខាធិការ​អ​.​ស​.​ប គ្មាន​តួនាទី​ក្នុង​ការផ្តល់​អាសនៈ ឬ​ដាក់​អាសនៈ​សមាជិក​អ​.​ស​.​ប​នោះទេ​។ លោក​ពន្យល់ថា ការបណ្តេញចេញ​សមាជិក​ណាមួយ​ពី​អ​.​ស​.​ប គឺ​សម្រេច​ដោយ​មហាសន្និបាត​អ​.​ស​.​ប ដែលមាន​ការស្នើ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ក្នុងករណី​ដែល​សមាជិក​នោះ​រំលោភបំពាន​ឥតឈប់ឈ​រលើ​គោលការណ៍​ជា​ធរមាន​ក្នុង​រដ្ឋធម្មនុញ្ញ​អ​.​ស​.​ប​បច្ចុប្បន្ន​។​

​ទោះជា​យ៉ាងណា ក្រសួងការបរទេស​កម្ពុជា បាន​លើកឡើងថា ចំពោះ​អង្គហេតុ “​ការរំលោភបំពាន​ជាប់លាប់​ទៅលើ​គោលការណ៍​ដែលមាន​ចែក​ក្នុង​ធម្មនុញ្ញ​អ​.​ស​.​ប​” គឺ​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​ប្រតិបត្តិ​យ៉ាង​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​នានា​របស់​ធម្មនុញ្ញ​អ​.​ស​.​ប​។ ការចាត់វិធានកា​ររ​បស់​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រត្តិបត្ត និង​តុលាការ​របស់​ប្រទេស​អធិបតេយ្យ​មួយ ដែល​​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​របស់ខ្លួន ហើយ​ពិសេស​ទៅទៀត ដែលមាន​គោលដៅ​ទប់ស្កាត់​ការឃុបឃិត​ក្បត់​សំដៅ​ផ្តួលរំលំ​ដោយ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​នូវ​រដ្ឋាភិបាល​ស្របច្បាប់​នោះ គឺ​ពុំ​អាច​មានលទ្ធភាព​​ណា​មួយ​ ត្រូវ​ចាត់ទុកជា​ការរំលោភបំពាន​លើ​ធម្មនុញ្ញ​របស់​អ​.​ស​.​ប​បានឡើយ​។ ក្រសួង​ដដែល​បន្តថា ផ្ទុយទៅវិញ​កម្ពុជា​កំពុង​ទទួលរង​ការរំលោភបំពាន​របស់​ប្រទេស​ខ្លះ ទៅលើ​ធម្មនុញ្ញ​អ​.​ស​.​ប ត្រង់​មាត្រា​២ ស្តីពី​ការគោរព​អធិបតេយ្យភាព និង​ការមិន​ជ្រែ​ត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​អ​.​ស​.​ប​។​

​ចំពោះ​អង្គច្បាប់​វិញ ក្រសួងការបរទេស​កម្ពុជា​ពន្យល់ថា ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវបាន​បណ្តេញ​ចេញពី​អ​.​ស​.​ប ដោយ​​មហា​សន្និបាត​​អនុលោម​ទៅតាម​អនុសាសន៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ដូចនេះ ជំហាន​ដំបូង​នៃ​នីតិវិធី​គឺ​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ក្នុងនោះ​ត្រូវមាន​ការយល់ព្រម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ហើយ​ជំហាន​បន្ទាប់ គឺ​ត្រូវ​ឆ្លងកាត់​ការសម្រេច​របស់​មហាសន្និបាត​។​

​បើ​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់​ចំពោះ​ករណី​កម្ពុជា ក្រសួងការបរទេស​កម្ពុជា បាន​អះអាងថា អ​.​ស​.​ប ពុំមាន​លទ្ធភាព​​សូម្បី​តែ​​បន្តិច​​ក្នុង​ការបណ្តេញ​កម្ពុជា​ចេញពី​សមាជិក​របស់ខ្លួន​នោះទេ​៕

ព័ត៌មានផ្សេងទៀត