លោក ហ៊ុន សែនថា មុន​ចេញ​ពីតំណែង​លោកចង់​ឃើញ​អត្រាកី្រក្រ​នៅកម្ពុជា​មានកម្រិត​ទាបបំផុត​

20-12-2017 3:59 pm 6396
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅថ្ងៃទី២០ ខែធ្នូនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ធ្នូនេះ បានប្រកាសជាថ្មីថា លោកនឹងដឹកនាំប្រទេសកម្ពុជាយ៉ាងតិច១០ឆ្នាំទៀត។បើតាមលោកនាយករដ្ឋមន្ត្រី ការបន្តដឹកនាំប្រទេសនេះ ដោយលោកចង់ឃើញសមិទ្ធផលនានា ក្រោមការដឹកនាំរបស់លោកជិត៤០ឆ្នាំមក និងចង់ឃើញអត្រាភាពកី្រក្ររបស់ពលរដ្ឋនៅកម្ពុជា មានកម្រិតទាបបំផុត។លោកអះអាងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅថ្ងៃទី២០ ខែធ្នូនេះ។

ជាថ្មីម្តងទៀតនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងបន្តដឹកនាំប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត យ៉ាងតិច១០ឆ្នាំទៀត។លោកនាយករដ្ឋមន្ត្រីពន្យល់ថា លោកចង់ឃើញ សមិទ្ធិផលនានា ដែលលោករួមទាំងពលរដ្ឋមួយចំនួនបានបង្កើតឡើង និងចង់ឃើញអត្រានៃភាពក្រីក្រមានទាបបំផុត ព្រមទាំងទទួលបាននូវប្រាក់ចំណូលខ្ពស់ ដូចប្រទេសលើសកលលោក។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកចង់ឃើងថា នៅពេលលោកចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី លុះណាប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ មិនតិចជាង៣ពាន់ដុល្លារក្នុងមួយឆ្នាំ ហើយចំណូលនេះ គ្រាន់តែជាការប្រៀបធៀបពីកម្ពុជានៅចំណុចសូន្យមកដល់បច្ចុប្បន្ន…

សំឡេងលោកហ៊ុន សែន៖

តែយ៉ាងណា តាមការអង្កេតរបស់លោកនាយករដ្ឋមន្ត្រី បច្ចុប្បន្នមានពលរដ្ឋខ្មែរខ្លះ មានប្រាក់ចំណូលខ្ពស់ពីការរំពឹងទុករបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់អង្គការសហប្រជាជាតិទៅទៀត។ជាមួយនិងប្រកាសបន្តកាន់តំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនភ្លេចឡើយការអំពាវនាវដល់ កម្មករ កម្មការិនី រួមទាំងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បោះឆ្នោតជូនលោក ដើម្បីដឹកនាំប្រទេសកម្ពុជាបន្ត។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ បានឲ្យដឹងថាប្រទេសកម្ពុជា ត្រូវបានចាត់ទុកចូលជាក្រុមប្រទេស អាចនឹងចាកផុតពីភាពក្រីក្រតោកយ៉ាកក្នុងកម្រិតទាប។ប៉ុន្តែជនវណ្ណៈកណ្តាលក្នុងទំហំតូចនៅឡើយ។ ប្រទេសនេះ អាចធ្វើអាទិភាពបង្កើនចល័តភាពផ្នែកសេដ្ឋកិច្ច និងការធ្វើសមាហរណកម្ម តាមរយៈកម្មវិធីកិច្ចគាំពារសង្គម។

ធនាគារពិភពលោកកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជាមានជីវភាពកាន់តែប្រសើរជាងមុន ដោយសារតែពួកគាត់មានទ្រព្យសម្បត្តិប្រើប្រាស់ក្នុងផ្ទះបានកើនឡើងដូចជា ទូរទស្សន៍ ម៉ូតូ និងទូរស័ព្ទដៃជាដើម។បច្ចុប្បន្នគ្រួសារមានទូរទស្សន៍ប្រើប្រាស់បានកើនឡើង និងគ្រួសារអ្នកមានម៉ូតូកើនឡើង២ដង បើប្រៀបធៀបនឹងឆ្នាំមុនៗ។

លោកបណ្ឌិតសេដ្ឋកិច្ច តេង ដឺលុច បានលើកឡើងថា តួលេខនៃប្រជាជន ដែលមានភាពក្រីក្របានធ្លាក់ចុះច្រើន ប៉ុន្តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ដែលមានចំនួនពី៤លាន ទៅ៥លាននាក់នឹងងាយធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ ប្រសិនបើមានការប្រែប្រួលចំណូលបន្តិចបន្តួច។

គួរបញ្ជាក់ថា បច្ចុប្បន្នលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានអាយុ៦៧ឆ្នាំហើយ។សព្វថ្ងៃលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសបានចំនួន ៥ អាណាត្តិមកហើយ ហើយលោកត្រូវបានគេឲ្យឈ្មោះថា ជាមេដឹកនាំប្រទេសរយៈពេលយូរជាងគេមួយរូបនៅក្នុងតំបន់អាស៊ាន។

ក្នុងរយៈ៦៧ឆ្នាំកន្លងមកនេះ លោកបានប្រើប្រាស់ពេលវេលាជាង៤៦ឆ្នាំចូលរូមការតស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។នេះបើតាមការអះអាងរបស់លោក ហ៊ុន សែន។លោកបានបញ្ជាក់ទៀតថា នៅក្នុងជិវិតពោរពេញដោយទុក្ខសោក រហូតធ្លាក់ខ្លួនពិការ ប៉ុន្តែលោកពិតជាមានមោទនភាពណាស់ នូវកិច្ចការដែលលោកបានបំពេញ សម្រាប់ប្រជាជនកម្ពុជា ហើយលោកក៏សូមអរគុណដល់ពលរដ្ឋខ្មែរ ដែលផ្ដល់នូវការគាំទ្ររៀងរហូតមក៕ 

ព័ត៌មានផ្សេងទៀត