រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ពិតជា​បាន​ស្នើ​ឲ្យ​កម្ពុជា​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប​?

19-12-2017 2:00 pm

​ដោយ​មើលឃើញ​ពី​ទំហំ​នៃ​ផល​ប៉ះពាល់ ទៅលើ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បន្ទាប់ពី​មាន​ការព្រមាន​ដាក់​ទណ្ឌកម្ម​លើ​ការ​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប បាន​ធ្វើឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើយោបល់ ដល់​រដ្ឋាភិបាល គួរ​មាន​ការសម្របសម្រួល​ណាមួយ ដើម្បីឲ្យ​ការព្រមាន​ខាងលើនេះ ចូល​ជា​ធរមាន​។

​តាមរយៈ​លិខិត ចុះ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្តថា ដើម្បី​ទប់ស្កាត់​ការសម្រេច​ព្យួរ សម្បទាន​ពន្ធគយ លើ​គ្រប់​មុខ​ទំនិញ ដោយ​សភា​អឺរ៉ុប​ជាយថាហេតុ កម្ពុជា​គួរ​បញ្ចុះបញ្ចូល (lobby) បណ្តា​ប្រទេស​ជា​មិត្ត ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាមរយៈ​ការទូត និង​ពាណិជ្ជកម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាពទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា​។​

​លិខិត​ដដែល ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​ជា​អាមេរិក ត្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​នាំចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​មាន​បរិមាណ​តិចតួច ប្រមាណ​១០​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​នាំចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ មាន​រហូត​ដល់​៦៧៦​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ដោយ​ប្រើប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់​។
​ជុំវិញ​ការស្នើ​យោបល់ របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ព្រោះ​ដោយសារ​តែ​លោក​មិន​ទាន់​ទទួលបាន​នូវ​លិខិត​នេះ​។​

សំឡេង

​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា លោក​នៅ​មិនទាន់​ហ៊ាន​បញ្ជាក់ ជា​លិខិត​ពិតប្រាកដ ឬ​យ៉ាងណា​ទេ ដោយ​លោក​កំពុងតែ​ស្រាវ​រក​លិខិត​នេះ នៅ​ខុទ្ទកាល័យ​ក្រសួង ដើម្បី​យក​មក​ប្រៀបធៀប ជាមួយ​លិខិត ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​។ ម្យ៉ាងវិញទៀត លោក​ប៉ាន សូរ​ស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​កំពុង​មាន​វត្តមាន នៅ​ក្រៅប្រទេស​។​

សំឡេង​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​គណបក្សកាន់អំណាច ធ្លាប់​បាន​បញ្ជាក់ថា ប្រសិនបើ ការសម្រេច​របស់​សភា​អឺរ៉ុប ទាក់ទង​នឹង​ការលែង​អនុគ្រោះ​ពន្ធ លើ​ទំនិញ​នាំចូល​ពី​កម្ពុជា ចូល​ជា​ធរមាន​មែន នោះ​កម្ពុជា​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យសេដ្ឋកិច្ច​។ លោក​បន្តថា សម្រេច​របស់​សភា​អឺរ៉ុប​នេះ បង្ហាញឲ្យឃើញ​ពី​ប្រទេស​ធំ ធ្វើបាប​ប្រទេស​តូចតាច​ដូច​កម្ពុជា​។ ម្យ៉ាវិញទៀត កុំ​ដោយសារតែ ជន​ក្បត់​មាន​ម្នាក់ ឬ​មួយ​ក្រុម ធ្វើឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់ ត្រូវ​រង​ទុក្ខវេទនា​។

​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ ក៏​មាន​មេដឹកនាំ​សហជីព​ធំៗ​នៅ​កម្ពុជា ជាច្រើន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ លើ​បុគ្គល​ដែល​បាន​ជម្រុញ ឲ្យ​សហភាព​អឺរ៉ុប ដាក់​សម្ពាធ​លើ​កម្ពុជា និង​បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការ​យក​រឿង​នយោបាយ មក​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ ដែល​ហាក់ដូចជា​សម្លាប់​កម្មក​រ​-​កម្មការិនី​រាប់សែន​នាក់​៕ ដោយៈ​សៅ វិសាល

ព័ត៌មានផ្សេងទៀត